អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ត្រួតពិនិត្យ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​

ដោយ៖ ទ្រី សីហៈ 17-07-2017 5:02 pm 364
រថយន្តពាក់ស្លាកលេខនគរបាលជាប់ពាក់ព័ន្ធបទល្មើសនាពេលកន្លងមក

​អគ្គស្នងការ​នគរបាល​ជាតិ នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​រថយន្ដ និង​ទោចក្រយានយន្ត ដែល​មាន​ស្លាក​លេខ នគរបាល​។ ការចុះ​ត្រួតពិនិត្យ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់ និង​បង្ក្រាប​ការប្រើប្រាស់ យានជំនិះ​ពាក់​ស្លាក​លេខ​នគរបាល ខុស​ពី​គោលការណ៍​ច្បាប់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តយ​ស​កងកម្លាំង​នគរបា​ល​ជាតិ​។

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រកាស​ថា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ នឹង​មាន​ការត្រួតពិនិត្យ​លើ​ការប្រើប្រាស់ រថយន្ត និង​ទោ​ចក្រ​ក្រ​យានយន្ត ដែល​ពាក់​ស្លាក​លេខ​នគរបាល ក្នុងន័យ​គ្រប់គ្រង​ការប្រើប្រាស់​យាន្ត​ជំនិះ​ទាំងនោះ ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់ និង​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។

​យោងតាម​លិខិត​របស់​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដែល​វិទ្យុ​វាយោ​ទទួលបាន​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ ឲ្យដឹងថា អ្នកប្រើប្រាស់​យានជំនិះ​ដែល​ពាក់​ស្លាក​លេខ នគរបាល​ទាំងអស់ ត្រូវ​តែ​បង្ហាញ​លិខិត​សម្គាល់​យានយន្ត និង​លិខិត​ស្នាម​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ នៅពេល​សមត្ថកិច្ច​ស្នើសុំ​ត្រួតពិនិត្យ​។​

​នៅក្នុង​លិខិត​ដដែល បន្ថែមថា អគ្គស្នងការ​នគ​បាល​ជាតិ ហាម​ការបំពាក់​ស្លាក​លេខ​នគរបាល ទៅលើ​យានជំនិះ​ដែល​មិន​បាន​បង់ពន្ធ​នាំចូល និង​ហាម​យក​ស្លាក​លេខ​នគរបាលទៅ​បំពាក់​លើ​យាន្ត​ជំនិះ​ផ្សេង ឬ​ប្រើប្រាស់​ស្លាក​លេខ​នគរបាលក្លែងក្លាយ​។ ក្នុងករណី​រកឃើញ​ម្ចាស់​យានយន្ត ប្រព្រឹត្តិ​ល្មើស​បំរាម​ខាងលើ នឹង​ប្រឈម​ការផ្ដន្ទាទោស​តាមច្បាប់ និង​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា នៅក្នុង​ខែ​មករា ឆ្នាំ​២០១៧ មាន​យានយន្ដ​ចំនួន ៤៧០​គ្រឿង ដែល​រដ្ឋ​បាន​ទទួលស្គាល់​ក្នុង​ការចុះបញ្ជី​សារពើរ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​។

​ជា​ការកត់សម្គាល់​ក្នុង​ពេល​កន្លងមក បើទោះបីជា​អគ្គស្នងការ​នគរបាល​ជាតិ តម្រូវឲ្យ ម្ចាស់​យានយន្ត​មាន​ស្លាក​លេខ​នគរបាល ប្រើប្រាស់​ដោយ​សេចក្ដីថ្លៃថ្នូរ និង​គោរព​ច្បាប់​ចរាចរណ៍​ក្ដី ក៏​នៅតែ​មាន រថយន្ដ​ពាក់​ស្លាក​លេខ​នគរបាល​មួយចំនួនបើកបរ​មិន​គោរព​ច្បាប់ និង​មិន​ដោះស្រាយ​ជាមួយ​មន្ត្រី​នគរបាល​ច​រ​រាចរណ៍​ផងដែរ​។ ដោយឡែក​ស្លាក​លេខ​នគរបាល​ក្លែងក្លាយ​មួយចំនួន ក៏​នៅតែ​ត្រូវបាន​គេ​ប្រើប្រាស់​ដដែល​៕

ព័ត៌មានផ្សេងទៀត