អ្នកនាំពាក្យ​គណបក្ស​មូលដ្ឋាន​ថា ទង្វើ​លោក​សម រង្ស៊ី ចូលចិត្ត​បង្ក​រឿង​ច្រើន​

ដោយ៖ គង់ ឧត្តម 17-07-2017 5:00 pm 13724

​ប្រមាណ​ជា​ម៉ោង​២​រសៀល​ថ្ងៃ​នេះ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​មួយ​ប្រយោគ​អម​នឹង​រូបភាព​ជំនួប​រវាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​មេ​បក្ស​ប្រឆាំង​លើ​ហ្វេ​សប៊ុក​ផ្លូវការរបស់​ខ្លួន ក្នុង​ន័យ​ថា « ខ្ញុំ​ទើបតែ​បាន​ជួប​អតីត​សហការី ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៤០ នាក់ នៅ​ទីកន្លែង​មួយ ជិត​ទីក្រុង​ភ្នំពេញ ។ » អ្វី​ជា​កត់សម្គាល់ ពេល​អ្នកគាំទ្រ សរសេរ​សួរ​ពី​វត្តមាន​របស់​លោក​ថា​ហេតុអ្វី​មិន​ចូល​មក​ភ្នំពេញ​តែម្តង លោក​ឆ្លើយ​តប​ដោយ​ខ្លី​ថា « ឆាប់ៗ​នេះ » ។ 

​ដើម្បី​ដឹង​ឱ្យ​ច្បាស់​ពី​វត្តមាន​របស់​លោក សម រង្ស៊ី មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​វិទ្យុ​វាយោ​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​នេះ​ថា មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​និង​អតីត​មេ​បក្ស​ប្រឆាំង​បាន​ជួបគ្នា​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ។ នៅពេល​សួរ​គាត់​បញ្ជាក់​ថា តើ​ពិតជា​មាន​វត្តមាន​លោក​សម​រង្ស៊ី​នៅ​ជិត​ទីក្រុង​ភ្នំពេញ​មែនឬ​យ៉ាងណា លោកស្រី មូរ សុខ​ហួរ បញ្ជាក់ថា លោកស្រី​មិន​ដឹង​ទេ ដឹង​ត្រឹម​ថា លោកស្រី​និង​មន្ត្រី​គណបក្ស​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត បាន​ជួបគ្នា​នៅ​ទីក្រុង​ហុងកុង​ប៉ុណ្ណោះ​…
​សំឡេង​លោកស្រី មូរ សុខ​ហួរ ៖

​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ហៅ​សកម្មភាព​របស់​លោក សម រង្ស៊ី ថា « ពូកែ​ដុត តែ​មិន​ពូកែ​ដោះ (​ស្រាយ​) » ។ ការហៅ​បែបនេះ ក៏​ព្រោះ​លោក​មើលឃើញថា អតីត​មេ​បក្ស​ប្រឆាំង​នេះ​ចូលចិត្ត​បង្ករឿង​ច្រើន រហូត​ធ្វើឱ្យ​ខ្លួន​ជាប់​ទោស​ពិរុទ្ធ ។ គាត់​បាន​លើក​ជា​ឧទាហរណ៍​មក​សំអាង​ដូចជា សកម្មភាព​ចុះ​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន ការចោទប្រកាន់​ផ្សេងៗ​ដែល​គ្មាន​ភស្តុតាង ពិសេស​ថ្ងៃនេះ ហ្វេ​សប៊ុក​របស់លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​ថា បាន​ប្រជុំ​ជាមួយ​អតីត​សហការី​របស់​គាត់​ក្បែរ​ទីក្រុង​ភ្នំពេញ​ជាដើម ។ លោក សាម អ៊ី​ន ថា តាម​ការសង្កេត រាល់​សារ ឬ​ទង្វើ របស់លោក សម រង្ស៊ី ហាក់បីដូច​ជា​ច្រើន​តែ​បង្ករឿង​ក្តៅក្រហាយ ច្រើន​ជាង​ស្វែងរក​ដំណោះស្រាយ​ជួយ​ដល់​ស្រុក​ខ្មែរ ។​

​គាត់​បញ្ជាក់​បន្ថែមថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក៏​បាន​កើតចេញ​ពី​ទង្វើ​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​នេះ​ដែរ...
​សំឡេង​លោក សាម អ៊ី​ន ៖

​ទោះយ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ ថា លោក​ធ្លាប់​ហៅ​លោក សម រង្ស៊ី ថា​ជា​វីរបុរស​ខ្មែរ ព្រោះ​អតីត​មេ​បក្ស​ប្រឆាំង​នេះ ក្លាហាន​ធ្លាប់បាន​ដឹកនាំ​ពលរដ្ឋ​តវ៉ា ប្រឆាំង ដើម្បី​ស្វែងរក​យុត្តិធម៌​សង្គម ក្នុង​អំឡុង​ទសវត្សរ៍​៩០​ជាង តែ​នៅពេល​លោក​យល់​កាន់តែ​ច្រើន​ពី​សង្គម និង​នយោបាយ​ច្រើន លោក​បាន​ក្រឡេក​មើល​ឃើញ​ថា សម្តី​របស់​លោក សម រង្ស៊ី និង​ទង្វើ របស់គាត់ ហាក់​មិន​ស៊ីសង្វាក់​គ្នា​ច្រើន ។ ដូចជា កាលពី​នៅ​កូរ៉េ លោក សម រង្ស៊ី ធ្លាប់បាន​ប្រកាសថា ត្រូវតែ​មក​ចូល​ស្រុក​ខ្មែរ​វិញ តែ​ត្រឹម​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ អតីត​មេ​បក្ស​ប្រឆាំង​នេះ ក៏​បាន​ផ្លាស់​ពាក្យ​សម្តី​របស់​ខ្លួន​ទៅ​វិញ ។ ទង្វើ​ទាំងនេះ លោក​ថា លោក សម រង្ស៊ី ពុំ​មាន​អត្តចរិត និង​លក្ខណៈ​សមជា​វីរបុរស​ខ្មែរ​នោះទេ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត