ប៉ា​គី​ស្ថាន​​ចាប់ផ្តើម​​ប្រតិបត្តិការ​យោធា​​ដោយ​ផ្ដោត​សំខាន់​​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​

ដោយ៖ ពេញ ផេង 17-07-2017 4:12 pm 391
កងទ័ព​ក្រុមរដ្ឋអ៊ីស្លាម​ពេលធ្វើ​ប្រតិបត្ដិការ

​បើ​តាម​អ្នកនាំពាក្យ​យោធា​ប៉ា​គី​ស្ថាន​បាន​ឲ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ថា យោធា​ប៉ា​គី​ស្ថាន​បានចាប់ផ្តើម​ប្រតិបត្តិ​ការសំខាន់​មួយ នៅក្នុង​តំបន់​កុលសម្ព័ន្ធ​របស់​ខ្លួន​ដើម្បី​បញ្ឈប់​ក្រុម​រដ្ឋ​អ៊ីស្លាម​។​បើ​ទោះបីជា​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​កាលពី​២​ឆ្នាំមុន រួម​ទាំង​ការ​ដាក់​គ្រាប់បែក​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​Parachinar សម្លាប់​មនុស្ស​អស់​៧៥​នាក់​យ៉ាងណាក៏ដោយ ក៏​ប្រទេស​ប៉ា​គី​ស្ថាន​បដិសេធថា ក្រុម​រដ្ឋ​អ៊ីស្លាម​គ្មាន​ជំហរ​រឹងមាំ​ក្នុងប្រទេស​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​នោះទេ​។

​អ្នកនាំពាក្យ​យោធា​លោក​Asif Ghafoor​បាន​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវបាន​គេ​ស្គាល់​ផង​ដែរ​ថា​Daesh កំពុង​រីកលូតលាស់​ខ្លាំង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ជំរុញ​ឱ្យ​ប៉ា​គី​ស្ថាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​តំបន់​កុលសម្ព័ន្ធ​គ្រប់គ្រង​ដោយ​សហព័ន្ធ​(FATA) ។​

​លោក​បាន​និយាយថា​ប្រតិបត្តិការ​"Khyber 4" ដែល​រួម​បញ្ចូល​ទាំង​កងកម្លាំង​អាកាស​ប៉ា​គី​ស្ថាន​នឹង​ផ្តោត​លើ​តំបន់​ព្រំដែន​Khyber​ជា​ផ្នែក​មួយ​នៃ​FATA​។​លោក​Ghafoor​បាន​បន្ថែមទៀតថា នៅតាម​ព្រំដែន​Khyber មាន​កន្លែង​សុវត្ថិភាព​សម្រាប់​អង្គការ​ភេរវ​និយម​ជាច្រើន បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការវាយប្រហារ​ថ្មីៗ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​រួម​ទាំង​ការវាយប្រហារ​នៅ​Parachinar​ផងដែរ ។​

​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ា​គី​ស្ថាន​ជា​តំបន់​ជនជាតិភាគតិច​ពោរពេញ​ដោយ​អាវុធ ហើយ​តំបន់​នេះ​នៅតែ​ជា​តំបន់​ដែល​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​បំផុត​ក្នុង​ប្រទេស បើទោះបីជា​មាន​ការជោគជ័យ​របស់​យោធា​ក្នុង​ការបណ្ដេញ​ពួក​អាល់​កៃ​ដា​និង​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​ប៉ា​គី​ស្ថាន​យ៉ាងណាក៏ដោយ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​ទទួល​ជោគជ័យ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ប៉ុន្តែ​ក៏ត្រូវ​ប្រឈម​នឹង​ការតស៊ូ​ដ៏​ស្វិតស្វាញ​ពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អាមេរិក​នៅ​កា​ប៊ុល និង​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ស្រុក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យោធា​ប៉ា​គី​ស្ថាន​បានចាប់ផ្តើម​សាងសង់​របង​មួយ​តាម​បណ្ដោយ​ព្រំដែន​ដែល​មាន​ចម្ងាយ​២៦១១​គីឡូម៉ែត្រ​ជាមួយ​អា​ហ្វ​ហ្គានី​ស្ថាន កាលពី​ខែ​ឧសភា​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សន្តិសុខ​របស់​ខ្លួន​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត