ខួប​៥​ឆ្នាំ៖​អ្នក​វិភាគ​ថា​​គណបក្ស​សង្គ្រោះ​ជាតិ​​គួរ​ពិនិត្យ​​គោលនយោបាយ​​ខ្លួន​​ឡើងវិញ​​

ដោយ៖ គួន សំបូរ 17-07-2017 4:09 pm 3100
ខាងឆ្វេង លោកកឹំម សុខា ខាងស្តាំ លោកសម រង្ស៊ី។

​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ គឺជា​ខួប​៥​ឆ្នាំ​គត់​នៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ដំណើរ​នយោបាយ​៥​ឆ្នាំ​មកនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គណបក្ស​បាន​ធ្វើដំណើរ​តាមផ្លូវ​ត្រូវ តាម​ឆន្ទះ​ប្រជាពលរដ្ឋ ដោយ​ប្រកាន់​នូវ​គោលការណ៍​អហិង្សា បង្រួម​បង្រួម​ជាតិ និង​មិន​យក​ខ្មែ​រណា ជា​សត្រូវ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តេជ្ញា​ថា នឹង​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​នេះ​ថែម​ទៀត​។ តែ​សម្រាប់​អ្នកវិភាគ​មើលឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​កើន​សំឡេង​ជា​លទ្ធផល​ល្អ ប៉ុន្តែ​បក្សប្រឆាំង​មួយ​នេះ​គួរ​ពិនិត្យ​គោល​នយោបាយ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រក្សា​ការគាំទ្រ​។

​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០១២-១៧ កក្កដា ឆ្នាំ​២០១៧ គឺជា​ខួប​ឆ្នាំ​ទី​៥​គត់​នៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ៥​ឆ្នាំមុន នៅថ្ងៃនេះ ជា​ពេល​ដែល​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួបរួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន​។

​ដំណើរ​នយោបាយ​៥​ឆ្នាំ​មកនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ខ្លួន​បាន​ធ្វើដំណើរ​តាមផ្លូវ​ត្រូវ តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​។ បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​៥​ឆ្នាំ​គណបក្សប្រឆាំង​មួយ​នេះ បាន​អះអាង​ថា គណបក្ស​បាន​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ខែ្មរ​តែមួយ នីតិរដ្ឋ និង​គោលនយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​វាយតម្លៃ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់ ទោះ​ជា​ការបោះឆ្នោត​ទាំង​ពី​លើក​នេះ មិន​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពេល​លេ​ញក្តី​។​

​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​សកម្មភាព​នយោបាយ និង​បំពេញ​បេសកម្ម​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន ក្នុង​ការ​យក​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​ប្រទេសជាតិ​។​

គួរបញ្ជាក់ថា ​ក្រោយ​ប្រកាស​ច្របាច់​បញ្ចូល​គ្នា​រវាង​បក្ស​ទាំងពីរ​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​បាន​ចូល រួម​ក្នុង​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដោយ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់​។ កាលពី​បោះឆ្នោត​ថ្នាក់ជាតិ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​កើន​អស​នៈ​រហូតដល់​៥៥ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់ចុះ​ចំនួន​២២​អាសនៈ ពោល​គឺ​ពី​៩០​អាសនៈ មក​ត្រឹមតែ​៦៨ អាសនៈ​។​

​លោក​បណ្ឌិត​សុខ ទូច អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មើលឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ដោយសារ​តែ​គណបក្ស​នេះ បាន​កើន​ចំនួន​គាំទ្រ​ជា​បន្តបន្ទាប់​មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើដំណើរ​ទៅ​មុខ​។ ប៉ុន្តែ​មាន​ចំណុច​មួយចំនួន​ដែល​តម្រូវឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ពិនិត្យ​ទី​១ ត្រូវធ្វើ​ចិត្តជា​កីឡាករ ទី​២ មិន​ត្រូវ​វាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន​ដល់ ដៃគូ និង​ទី​៣ ត្រូវ​បង្ហាញ​ពី​សមិទ្ធផល​ដែល​ខ្លួន​បាន​ធ្វើ និង​គោលនយោបាយ​..

​សំឡេង​លោក​បណ្ឌិត​សុខ ទូច​៖

​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បន្ថែម​ទៀត​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បន្ត​ការជោគជ័យ ត្រូវ​ស្វែងរក​គោលនយោបាយ​ថ្មីៗ​បន្ថែមទៀត​។ ចំណែកឯ​គោលនយោបាយ​ចាស់​៧​ចំណុច​កន្លងទៅ​គឺ​អស់​ប្រសិទ្ធភាព​ហើយ​។ លោក​បណ្ឌិត​សុខ ទូច សង្កត់ធ្ងន់​ថា គោលនយោបាយ​ដែល​ចាំបាច់​នោះ គឺ ការរក​ទីផ្សា​ជូន​ពលរដ្ឋ និង​នយោបាយ​ការបរទេស ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គួរតែ​ពិនិត្យ​មើល​។​

​រីឯ​លោក​បណ្ឌិត​មាស នី អ្នកស្រាវជ្រាវ​កិច្ចការ​សង្គម​កម្ពុជា បាន​កត់សម្គាល់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ការគាំទ្រ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​។ ប៉ុន្តែ​សំឡេងគាំទ្រ​នៅ​ឆ្នាំ​២០១៧​នេះ ហាក់​មាន​តិច​បើ​ធៀប​ជាមួយ​និង​ឆ្នាំ​២០១៣ ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា​នៅ​រក្សា​សំឡេង​ខ្លួន​បានល្អ​។ ដូច្នេះ​លោក​បណ្ឌិត​មាស នី ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​គួរ​ពិនិត្យមើល​យុទ្ធសាស្ត្រ​ថ្មី​បន្ថែមទៀត ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ឆ្នាំ​២០១៨ ដែល​លោក​យល់ថា ជា​សមរភូមិ​ក្តៅ​..

​សំឡេង​លោក​បណ្ឌិត​មាស នី​៖

​ជា​រួម​មក​វិញ សម្រាប់​គំនិត​របស់​អ្នកវិភាគ​ទាំងពីរ គឺ​ចង់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចេញ​នូវ​គោលនយោបាយ​ដែល​ប្រទេស​កម្ពុជា​ចង់បាន  ដោយ​ចៀសវាង​គោលនយោបាយ​ប្រជាភិថុតិ​។ ចំពោះ​ការរិះគន់​ត្រូវតែ​ប្រុងប្រយ័ត្ន ត្រូវ​រិះគន់​ដោយ​មាន​ឯកសារយោង​ត្រឹមត្រូវ និង​លុបបំបាត់​ការជេរប្រមាថ​៕


ព័ត៌មានផ្សេងទៀត