និស្សិត​កម្ពុជា​នឹង​ទទួលបាន​កម្ចី ​ដើម្បី​សិក្សា​​ក្នុង​ជំនាញ​​ទេសចរណ៍ ​

ដោយ៖ ខាត់ សុធី 17-07-2017 2:36 pm 558

​កម្ចី​សម្រាប់​និស្សិត​ដែល​សិក្សា​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ នឹង​ត្រូវ​បាន ផ្តល់​ឲ្យ​និស្សិត​កម្ពុជា ដែល​សិក្សា​ក្នុង​វិស័យ​នេះ​។​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ចុងក្រោយ​គោលការណ៍ ណែនាំ​ស្តីពី​កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០១៧ នៅឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​អធិបតីភាព លោក​ណេប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​មាន​ការចូលរួម​ពី​ក្រុម​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ តំណាង​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ សមាគម​ទេសចរណ៍ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តល់​កម្ចី​និស្សិត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ ៣០០ នាក់​។​

​សិក្ខាសាលា​នេះ បាន​ឯកភាព​ជំរុញ​រៀបចំ​ឱ្យ​មាន​គម្រោង​កម្ចី​និស្សិត​សម្រាប់​វិស័យ​ទេសចរណ៍​ឲ្យបាន​ឆាប់ ដោយ​រាល់​គម្រោង​កម្ចី​សម្រាប់​និស្សិត​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ត្រូវមាន​ការកំណត់​រយៈពេល ឲ្យបាន​ច្បាស់លាស់ ទាំង​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​។ ត្រូវ​ធ្វើ​អធិការកិច្ច​ឲ្យបាន​ទៀងទាត់ និង​ត្រូវ​បកស្រាយ​ពន្យល់​ឲ្យបាន​ច្បាស់​ពី​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​។​

​យុទ្ធសាស្ត្រ​កម្ចី​សិក្សា​ក្នុង​ជំនាញ​ទេសចរណ៍ មាន ០២ ប្រភេទ​រួមមាន កម្ចី​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញវត្ថុ​ផ្តល់​ប្រាក់​កម្ចី និង ហិរញ្ញវត្ថុ​ទ្រទ្រង់​ការសិក្សា ដែល​មាន​លក្ខណៈ​ជា​កម្ចី​ដែល​ផ្តល់​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន ប្រតិបត្តិ​ករ​ទេសចរណ៍ ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​។ 
​ការកំណត់​លក្ខណៈសម្បត្តិ និង​តួនាទី​សម្រាប់​អ្នក​ផ្តល់​កម្ចី ដោយ​តម្រូវ ឱ្យ​បំពេញ​តាម​លក្ខខណ្ឌ និង​បាន​កត់សម្គាល់​ពី​តួនាទី​របស់​អ្នកស្នើសុំ​កម្ចី ដោយ​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ប្រុងប្រយ័ត្ន​បំផុត​លើ​អត្រា​ការប្រាក់ សោហ៊ុយ​ផ្សេងៗ និង​លក្ខខណ្ឌ​ទូទាត់​សង​សម្រាប់​កម្ចី ដើម្បី​ធានាបាន​ថា ការជ្រើសរើស​កម្ចី​សម្រាប់​សិក្សា​សមស្រប​ទៅនឹង​លទ្ធភាព និង​តម្រូវការ​របស់​ខ្លួន​។​

​នេះ​ជា​ការគិតគូរ​ខ្ពស់​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ការជំរុញ​សម្របសម្រួល​ឲ្យមាន​កម្ចី​សម្រាប់និ​ស្សិតក្នុង​វិស័យ​ទេសចរណ៍ ដែល​នឹង​ចូល​រួមចំណែក​ដល់​ការកសាង​ធនធាន​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ត្រូវ​ការប្រមាណ​ជាង ០៥ ម៉ឺន នាក់​ក្នុង​មួយឆ្នាំ ដើម្បី​នាំ​មក​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន ការបង្កើត​ការងារ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដោយ​ឈរ​លើ​ទស្សនៈទាន​ជំរុញ​កំណើន និង​និរន្តរភាព​។​

​ជា​ការកត់សម្គាល់​ថា រយៈពេល ០៥ ខែ​ដើមឆ្នាំ ២០១៧ នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ២,២៨៤,៦៣០ នាក់ កើនឡើង​ប្រមាណ ១២.៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៦​។ តាម​ការព្យាករណ៍​នៅ​ឆ្នាំ ២០២០ កម្ពុជា​នឹង​អាច​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ ជាមួយ​នឹង​ចំណូល​សរុប​ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជិត ១​លាន​នាក់​៕

ព័ត៌មានផ្សេងទៀត