ក្រសួង​ទេសចរណ៍​ថា​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប​នឹង​កាន់តែ​អស្ចារ្យ​

ដោយ៖ ទ្រី សីហៈ 17-07-2017 11:47 am 370
រូបភាពី ហ្វេសប៊ុកក្រសួងទេសចរណ៍

​បុណ្យ​សមុទ្រ​លើក​ទី​៦ នឹង​ធ្វើឡើង​នៅ​ខេត្ត​កែប​នៅ​ចុងឆ្នាំ​២០១៧​នេះ​។ ក្រសួង​ទេសចរណ៍​អះអាងថា បុណ្យ​សមុទ្រ​លើក​នេះ​មាន​លក្ខណៈ​ពិសេស ជាង​ពេល​កន្លង​ទៅ ដោយ​ក្រសួង​បាន​ដាក់ចេញ​ផែនកា​រណ៍​៨​ចំណុច រៀប​ចំ​ពី​ធី​នេះ​ឲ្យមាន​ភាព​អស្ចារ្យ​។

​បុណ្យ​សមុទ្រ​លើក​ទី​៥ បាន​ធ្វើឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ចូលរួម​ដល់​ទៅ ៥០​ម៉ឺន​នាក់​។ ដោយឡែក​បុណ្យ​សមុទ្រ​លើក​ទី​៦ នឹង​ធ្វើឡើង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅឯ​ខេត្ត​កែប​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ប្រកាស​ដាក់​ចេញ​ផែនការ​អាទិភាព​ចំនួន ៨​ចំណុច​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​រលូន និង​កាន់តែ​មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំមុនៗ ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​។​

ការប្រកាស​បែប​នេះ របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ គឺ​បាន​ធ្វើឡើង ក្នុង​កិច្ចពិភាក្សា​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​។​

​ផែនការ​អាទិភាព​ចំនួន ៨​ចំណុច ដែល​លោក ថោង ខុន បាន​ដាក់​ចេញ​មាន​ដូចជា​៖

១៖ ឯកភាព​កំណត់​យក​បរិវេណ​ទីតាំង​មុខ​សាលាខេត្ត​កែប សម្រាប់​ប្រារព្ធ​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧​។​

២៖ អាជ្ញាធរ​ខេត្ត​ត្រូវ​ជំរុញ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត ឲ្យបាន​រួចរាល់​ទាន់ពេលវេលា ត្រូវ​ខិតខំ​រៀបចំ​ឲ្យមាន​កន្លែងស្នាក់នៅ​បន្ថែម ដូចជា តង់​ទេសចរណ៍​ឲ្យបាន​គ្រប់គ្រាន់​។​

៣៖ ខិតខំ​យកចិត្ត​បណ្តុះបណ្តាល និង​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​នានា ដើម្បី​បម្រើ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧​។​

៤៖ ត្រូវខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យចូល​រួម​ត្រៀម​រៀបចំ ដោយ​តុបតែង​គេហដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ស្អាត មាន​អនាម័យ​ល្អ និង​ត្រៀម​ជួយ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​កំសាន្ត​អោយបាន​ល្អ​។​

៥៖ សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​រៀបចំ​ពិ​ពណ៌​ពាណិជ្ជកម្ម ពិសេស​ផលិតផល​ក្នុង​ស្រុក​អោយបាន​ច្រើន​។​

៦៖ ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ ឲ្យបាន​ល្អ ដោយ​អញ្ជើញ​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ និង​ប្រទេស​ជា​មិត្ត ចូលរួម​។​

៧៖ ចំពោះ​សកម្មភាព​កីឡា​ត្រូវ​រៀបចំ​ប្រភេទ​កីឡា​ឲ្យបាន​សំបូរបែប ពិសេស​កីឡា​លើទឹក លើ​អាកាស​ឱ្យបាន​ច្រើន ដូចជា ទូក​ក្តោង និង​ត្រូវ​រៀបចំ​ព្យុះ​ហយា​ត្រា​ឱ្យបាន​ល្អ​។​

៨៖ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ការពារ និង​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ ក្នុងឱកាស​ពី​ធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧​។​

​លោក ថោង ខុន បាន​ណែនាំ​បន្ថែមថា ភាគី​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ពង្រឹង​គ្រប់គ្រង រមណីយដ្ឋាន​ទេសចរណ៍ និង​បង្កើតឲ្យមាន​រមណីយ​ដ្ឋា​ន​ទេសចរណ៍​ថ្មី​ដ៏​ទាក់ទាញ ពិសេស​យកចិត្តទុកដាក់​ពង្រីក​សកម្មភាព​ទេសចរណ៍ ទៅ​កាន់​កោះ​ដែល​ជា​គោលដៅ​ទេសចរណ៍ ត្រូវ​ពង្រីង​ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍ ក​សិ​ទេសចរណ៍​ដែល​មាន​សក្តានុពល​ក្នុង​ខេត្ត និង​សហការ​ជាមួយ​ខេត្ត​កំពត បូកគោ ដើម្បី​ពង្រីក​ខ្សែ​ទស្សនកិច្ច   និង​ត្រៀម​ផ្តល់​សេវាកម្ម​ក្នុង​ពេល​បុណ្យ​ឲ្យបាន​ល្អ​ប្រសើរ ប្រកបដោយ​គុណភាព ព្រមទាំង​ត្រូវ​អប់រំ​ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ កុំឲ្យ​ដំឡើង​ថ្លៃ​សេវា និង​ទំនិញ​ហួសហេតុ​នៅពេល​បុណ្យ​។​

​សូម​បញ្ជាក់ថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរណ៍​ចំនួន ៦៩៣,៣៣៤​នាក់ បាន​ទៅ​ទស្សនា​ខេត្ត​កែប ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​មាន​ចំនួន ២៩,០៩៣​នាក់​។​


ព័ត៌មានផ្សេងទៀត