ម៉ាឡេស៊ី​​គ្មាន​គម្រោង​​បិទ​Telegram​​ដូច​ឥណ្ឌូនេស៊ី​ទេ​

ដោយ៖ ពេញ ផេង 17-07-2017 11:43 am 160
រូបសញ្ញាតំណាងរបស់បណ្ដាញ​Telegram​

​ឧបនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​Ahmad Zahid Hamidi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​គ្មាន​គម្រោង​ក្នុង​ការបិទ​មិនឲ្យ​ប្រើប្រាស់​Telegram​នោះទេ​។​ការប្រកាស​នេះ បន្ទាប់​ពី​ការសម្រេច​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ដែល​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់​Telegram ក្នុង​គោលបំណង​ទប់ស្កាត់​ការទាក់ទង​របស់​ក្រុម​ភេរ​វករ​។​

​បើ​តាម​លោក​Zahid​បានឲ្យដឹងថា ស្របពេល​ដែល​មាន​ការ​ព្រួយបារម្ភ​ពី​ទំនាក់ទំនង​របស់​ក្រុម​ភេ​វករ​លើ​បណ្ដាញ​Telegram អាជ្ញាធរ​ម៉ាឡេស៊ី​រក​មិនឃើញ​ភស្តុតាង ដែល​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ឬ​អំពើ​ភេ​វ​កម្ម​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ​។​

​ឧបនាយករដ្ឋមន្ត្រី​បាន​និយាយថា រដ្ឋាភិបាល​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់ Telegram ក្នុង​ការទំនាក់ទំនង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​លោក​បាន​បន្ថែម​ថា​រដ្ឋាភិបាល​នឹង​បន្ត​តាមដាន ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​រក​សកម្មភាព​គួរឱ្យ​សង្ស័យ​។​

​ស្ថាបនិក​Telegram លោក Pavel Durov បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា កម្មវិធី​នេះ​នឹង​បិទ​បណ្តាញ​សាធារណៈ​ដែល​ទាក់ទង​នឹង​ភេរវកម្ម បន្ទាប់​ពី​មាន​ការសម្រេច​របស់​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការរារាំង​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​មួយ​នេះ​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត