ក្រសួង​​អំពាវនាវ​​ឲ្យ​​ពលរដ្ឋ​​ប្រុងប្រយ័ត្ន​​ការ​​ហក់​​ឡើន​​កម្ពស់​​ទឹក​ទន្លេ​

ដោយ៖ ធុច ធារ៉ា 17-07-2017 11:37 am 806

​បន្ទាប់ពី​បាន​តាមដាន​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹកទន្លេ​ដែល​បន្ត​ហក់​ឡើង​។ ក្រសួង​ក៏​បាន​អំបាវនាវ​ឲ្យ​ប្រជាកសិក​ររួសរាន់​ប្រមូល​ផល​ដំណាំ​របស់ខ្លួន​ឲ្យទាន់​ពេលវេលា​ផង​ដែរ​។​

ការ​អពាវនាវរ​បស់​ក្រសួ​ង​ធនធាន​ទឹក​នៅ​ពេល​នេះ គឺ​ក្រោយ​ការ​ព្យាករ​បង្ហាញថា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ខាង​មុខ​។ ក៏​ប៉ុន្តែ​ស្ថានភាព​នេះ​មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រកាស​ឲ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​ទេ​។​

បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ស្ថានភាព​ហក់​ឡើង​នៃ​ទឹក​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់​នេះ ក៏​បណ្ដាលមកពី​កូន​ព្យុះ​ឈ្មោះ​តា​ឡា​ស ដែល​ជា​ព្យុះ​ទី​៤​ប្រចាំឆ្នាំ​២០១៧ កំពុង​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ កូន​ព្យុះ​នេះ​បាន​រំកឹល​ខ្លួន​ចូល​សមុទ្រ​កុងតឹងនៃ​ប្រទេស​វៀតណាម ហើយ​បន្តដំណើរ​ទៅដល់​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​នៃ​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ជាមួយ​បរិមាណ​ទឹកភ្លៀង​ច្រើន​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ថ្លែង​ប្រាប់ឲ្យដឹង​ថា ថ្វី​ត្បិត​ភ្លៀង​បន្ត​ធ្លាក់​ច្រើន​នៅ​តំបន់​មេគង្គ​លើ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ក៏ដោយ ក៏​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​ខេត្ត​ស្ទឹងត្រែង ក្រចេះ​ជា​ដើម នឹង​មិន​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​ពី​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​របស់​ប្រទេស​ឡាវ ដែល​នៅ​កៀក​នឹង​កម្ពុជា​នោះទេ​។ លោក​ពន្យល់​ថា ដោយសារ​តែ​នៅ​តំបន់​នេះ​មាន​ផ្លូវទឹក​ច្រើន ហើយ​ដន​សា​ហុង​គ្រាន់តែ​ជា​ច្រក​មួយ​ប៉ុណ្ណោះ​។​

​លោក​ចាន់ យុ​ត្ថា​៖

យ៉ាងណាក៏ដោយ តាម​ការ​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​ស្ដីអំពី​កម្ពស់​ទឹកជំនន់​ក្នុង​ឆ្នាំ​២០១៧ បានឲ្យ​ដឹង​ដែរថា ស្ថានីយ​ជល​សាស្ត្រ​ចតុមុខ​នៅ​ឆ្នាំនេះ ទឹក​អាច​មាន​កម្ពស់​៩.៨០​ម៉ែត្រ ដែល​ជា​កម្ពស់​មធ្យម​។ ក្រសួង​អះអាងថា ជំនន់​កម្ពស់​នេះ​អាច​ផ្ដល់​លក្ខណៈ​អំណោយផល​ច្រើន​ដល់​ការបង្កបង្កើន​ផល​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​នៅ​តាម​ដង​ទន្លេមេគង្គ និង​នៅតាម​តំបន់​វាលទំនាប​មួយចំនួន​ផង​ដែរ​៕


ព័ត៌មានផ្សេងទៀត