អគារ​ប៊ូ​ឌី​ញ​​នឹង​ត្រូវ​វាយ​កម្ទេច​​ចាប់ពី​ថ្ងៃ​ទី​​១៧ ខែកក្កដា​​នេះ​​

ដោយ៖ គួន សំបូរ 17-07-2017 11:15 am 568
អគារ​ប៊ូ​ឌី​ញ​​ស ឆ្នាំ២០១៧។

​អគារ​ប៊ូ​ឌី​ញ​ស​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមហ៊ុន​ជប៉ុន រៀបចំ​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក ម្ចាស់​ដី ដើម្បី​វាយ​កម្ទេចចោល​ហើយ មុន​នឹង​ឈាន​ទៅ​សាងសង់​អគារ​ថ្មី​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ បាន​រើ​សម្ភារ​ចេញពី​លំនៅដ្ឋាន និង​ទទួលយក​ប្រាក់​សំណង​គ្រប់គ្នា​អស់​ហើយ​ផង​ដែរ​។ នេះ​បើ​តាម​លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​។

​ដូច​ការគ្រោងទុក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa បាន​រៀបចំ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​វាយកម្ទេច​អគារ​ប៊ូ​ឌី​ញ​ស​ដែល​ឈ្មោះ​ដើម​ហៅថា «​អគារ​ស្នាក់​នៅ​សាលាក្រុង​» មុន​ឈានទៅ​សាងសង់​អគារ​ថ្មី​។ ពិធី​ក្រុង​ពាលី​នេះ ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​។​

​បើ​តាម​លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​ថា អគារ​ប៊ូ​ឌី​ញ​សមាន​សភាព​ចាស់​ទ្រុឌទ្រោម នឹង​ត្រូវ​ការអភិវឌ្ឍ​ន៍​អគារ​ប៊ូ​ឌី​ញ​ស​នេះ​ឡើងវិញ  ទៅ​ជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​មួយ​នៅ​កម្ពុជា​នេះ​។ លោក​បន្ថែមថា ការរុះរើ​នឹង​មាន​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីតាំង ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ ដែល​ទាមទារ​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ចំណែកឯ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ បាន​រើ​សម្ភារ​ចេញពី​លំនៅដ្ឋាន និង​ទទួលយក​ប្រាក់​សំណង​គ្រប់គ្នា​អស់​ហើយ​ផង​ដែរ​។​

​បើ​តាម​គម្រោង អគារ​ប៊ូ​ឌី​ញ​ស​នេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Arakawa កំពុង​សិក្សា​អភិវឌ្ឍន៍​ទៅជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​មួយ មាន​កម្ពស់​២១​ជាន់ នឹង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ពី ៧០-៨០​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់​ថា អគារ​ប៊ូល​ឌី​ង​ស​បាន​សាងសង់​កាលពី​ឆ្នាំ​១៩៦៣ ក្នុង​សមយ័​សង្គមរាស្ត្រនិយ​ម ដែល​បាន​បង្ហាញ​ពី​ការរីកចំរើន ស្ថាបត្យកម្ម សម្រស់ ហើយ​ជា​កន្លែង​មន្ត្រីជាន់ខ្ពស់​ស្នាក់នៅ​។ ឆ្នាំ​១៩៧៩​ក៏​ជា​កន្លែង​ស្នាក់នៅ​របស់​មន្ត្រីរាជកា​រ​ផងដែរ​។ អគារ​នេះ​នឹង​បាត់​រូបរៀង​ក្រោយ​ថ្ងៃ​១៧ ខែកក្កដា និង​ត្រូវបាន​ជំនួស​ដោយ​សំណង់​ថ្មី​៕


ព័ត៌មានផ្សេងទៀត