លោក​សម រង្ស៊ី ចាត់ទុក​​លោក​ហ៊ុន សែន​​ថា​ក្បត់ជាតិ ​ដោយសារ​​ប្រព្រឹត្ត​​កំហុស​​ធំ​៤?​

ដោយ៖ ខាត់ សុធី 17-07-2017 10:49 am 13099

«​គេ​ថា​ខ្ញុំ​មាន​ទោស​។ សូម​បងប្អូន និង​ក្មួយៗ​ពិចារណា​ថា នរណា​ត្រូវ​មានទោស ជា​ជន​ក្បត់ជាតិ​»​។​នេះ​ជា​ពាក្យ​សម្តី​របស់​លោក​សម រង្ស៊ី ដែល​បាន​និយាយ​ដោយ​ចំហ​នៅ​លើ​បណ្តាញ​សង្គម​Facebook កាល​ពី​ម្សិលមិញ​។​

​លោក​សម រង្ស៊ី និយាយថា ជន​ក្បត់ជាតិ ជា​អ្នក​ដែល ទី​១ បម្រើ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ប្រទេស​របស់ខ្លួន បាត់បង់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ ជាក់ស្តែង​ប្រទេស​កម្ពុជា ក្រោយ​ពី​ឆ្នាំ ១៩៧៩​។​ទី​២ កាត់​ទឹកដី​ប្រទេស​របស់​ខ្លួន ឲ្យទៅ​ប្រទេសជិតខាង ដូច​ករណី​ទឹកដី​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាត់បង់ ដោយសារ​សន្ធិសញ្ញា​ព្រំដែន ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០​។​ទី​៣ សម្លាប់​ប្រជារាស្ត្រ​ខ្លួនឯង ក្នុង​ទ្រង់ទ្រាយ​ធំ ដូច​ជា​ការអនុវត្តន៍​ផែនការ ក​៥ ដែល​បង្ខំ​មនុស្ស​រាប់​ម៉ឺន​នាក់​ឲ្យទៅ​ស្លាប់ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០​។​និង​ទី​៤ បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួន គ្រួសារ​ខ្លួន និង​បក្ខពួក​ខ្លួន ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​រយៈពេល ២០ ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​សម រង្ស៊ី​ថា​ទង្វើ​ទាំង ៤ ខាងលើនេះ គឺ​លោក​ហ៊ុន សែន ជា​អ្នកប្រព្រឹត្ត ។​

​ការលើកឡើង​របស់​លោក​សម រង្ស៊ី​ពេលនេះ ហាក់​មិន​ទទួល​ការចាប់អារម្មណ៍​ពី​គណបក្ស​កាន់អំណាច​នោះទេ​។​មិន​ចាប់​អារម្មណ៍ ពី​ព្រោះ​មន្ត្រី​គណបក្ស​ប្រជាជន​ចាត់ទុក​ថា ការចោទប្រកាន់​របស់​លោក​សម រង្ស៊ី​បែបនេះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​។​ប៉ុន្តែ​បើ​លោក​សម រង្ស៊ី​សរសើរ​រដ្ឋាភិបាល ទើប​ជា​រឿង​ចម្លែក​។ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​លោក​សម រង្ស៊ី​ទៅវិញ​ទេ ដែល​ក្បត់ជាតិ បង្កើត​អរិភាព​ជាមួយ​ជាតិ​ខ្លួន បម្រើ​បរទេស ដោយសារ​ជាប់​សណ្តាន​ក្បត់ជាតិ​ពី​ឱ​ពុក គឺ​លោក​សម សារី​……

​សំឡេង​លោក​សុខ ឥសាន​៖

​ចំណុច​ទាំង​បួន​ខាងលើ ត្រូវបាន​លោក​សុខ ឥសាន​បញ្ជាក់ថា រដ្ឋាភិបាល​សព្វថ្ងៃ​ជា​រដ្ឋាភិបាល​ឯករាជ្យ មិន​ចំណុះ​បរទេស​ណា​នោះ​ទេ​។​ចំណែក​បញ្ហា​ទឹកដី ក៏​រដ្ឋាភិបាល បាន​ខិតខំ​បោះបង្គោល​ព្រំដែន ដើម្បី​ការពារ​ទឹកដី​ឲ្យបាន​គង់វង្ស​។​ឯ ក​៥ គឺជា​ផែនការ​ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ខ្មែរក្រហម​។​លោក​ហៅ​ការប្រឆាំង ក​៥ របស់​លោក​សម រង្ស៊ី គឺ​ជា​ការប៉ុនប៉ង​នាំ​ខ្មែរក្រហម​ត្រឡប់មកវិញ​តែ​ប៉ុណ្ណោះ​។​ដោយឡែក ទ្រព្យសម្បត្តិ​ជាតិ ដូចជា​ព្រៃឈើ និង​ធន់​ធាន​ធម្មជាតិ​ដទៃទៀត គឺជា​ការកែឆ្នៃ​ទាញ​ប្រយោជន៍​ពី​ធនធាន​ទាំងនោះ បម្រើ​ផលប្រយោជន៍​ជាតិ អភិវឌ្ឍ​ជាតិ​៕


ព័ត៌មានផ្សេងទៀត