លោក​ហ៊ុន សែន ​បង្ហាញ​វត្តមាន​​ជា​សាធារណៈ ​បញ្ចប់​ព័ត៌មាន​​ចចាមអារ៉ាម​​ថា​ឈឺ​ធ្ងន់​​

ដោយ៖ ខាត់ សុធី 16-07-2017 1:25 pm 5134

​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បន្ត​បង្ហាញ​វត្ត​មាន​ជា សាធារណៈ​នៅ​តាម​បណ្តោយ​វិថី​សម្តេច​តេជោ​ហ៊ុន សែន ហៅ​វិថី ៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ លោក​ហ៊ុន សែន ក៏​បាន​ជួប​សំណេះសំណាល និង​ថតរូប​ជាមួយ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​កាត់​តាម​វិថី​នោះ​ផង​ដែរ​។ វត្តមាន​របស់​លោក​ព្រឹក​ថ្ងៃនេះ គឺជា​លើក​ទី​ពីរ​ហើយ ដែល​កាលពី ម្សិលមិញ លោក​ជិះ​រថយន្ត​ដើរ​មើល​ទិដ្ឋភាព និង​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការបង្ហាញ​វត្តមាន​ទាំង​ពីរ​លើក​នេះ ធ្វើឡើង​បន្ទាប់​មាន​ព័ត៌មាន​ចចាមអារ៉ាម​ពី​បញ្ហា សុខភាព​មិន​ប្រក្រតី​ កន្លងមក​។​ដូច្នេះ ការបង្ហាញ​វត្តមាន​របស់​លោក​ហ៊ុន សែន ពេលនេះ ក្នុង​បំណង​ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ និង​ពាក្យ​ចចាមអារ៉ាម​នានា ដែល​បាន​លើកឡើង​ថា លោក​កំពុង​មាន​ជំងឺ​ធ្ងន់​ត្រូវ​យកទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស ដោយ​លោក​បាន​ចាត់ទុក​ការ​បំផុស​ព័ត៌មាន​ទាំងនោះ ថា​មាន​ចេតនា​មិនល្អ​ក្នុងការ​ធ្វើឲ្យ​ស្ថានភាព​នៅក្នុង​ប្រទេស​មាន​បញ្ហា​៕

ព័ត៌មានផ្សេងទៀត