អតីត​មន្ត្រីជាន់ខ្ពស់​​ហ្វ៊ុនស៊ិនប៉ិច​២​រូប​​ចំអក​គ្នា រឿង​បង្កើត​ច្បាប់​​ការពារ​​នាយករដ្ឋមន្ត្រី​​

ដោយ៖ ខាត់ សុធី 16-07-2017 12:02 pm 6523
លោកសេរី កុសល(ឆ្វេង) និងលោកលឺ ឡាយស្រេង

​ថ្មីៗ​នេះ​លោក​លឺ ឡាយស្រេង អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ស្នើ​ឱ្យ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ នៅ​ប្រទេស​កម្ពុជា​។​ប៉ុន្តែ​ការស្នើ​នេះ ត្រូវបាន​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ដូចគ្នា គឺ​លោក​សេរី កុសល ដែល​សព្វថ្ងៃ​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​ជាតិ​មីន បាន​ចេញ​មក​បកអាក្រាត លោក​លឺ ឡាយស្រេង ដោយ​លោក​និយាយថា​លោក​លឺ ឡាយស្រេង ជា​អ្នកនយោបាយ​ស្វាយចន្ទី (​គ្រាប់​ដុះ​ក្រៅ​ផ្លែ​) ដែល​ជា​ពពួក​មនុស្ស​មា​ន​ចិត្តគំនិត​ស្មោកគ្រោក គ្មាន​ទិស​តំបន់​ច្បាស់លាស់ ក្បាល​នៅ​ខាង​នេះ តែ​កន្ទុយ​នៅ​ខាង​នោះ​។​នេះ​ជា​អ្វី​ដែល​លោក​សេរី កុសល​ថ្លែងប្រាប់​អង្គភាព​សារព័ត៌មាន Fresh News  នៅថ្ងៃនេះ​។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​ការផ្តល់​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ដល់​អង្គភាព​សារព័ត៌មាន Fresh News ម្សិលមិញ បានប្រកាស​ទាត់ចោល​នូវ​សំណើ របស់​លោក​លឺ ឡាយស្រេង នេះ ដែល​លោក​ចាត់ទុកថា​ជា​សំណើ​ដ៏​ស្មោកគ្រោគ​។​

លោក​សេរី​កុសល​ថា​លោក លឺ ឡាយស្រេង ជា​បុគ្គល គ្មាន​ទិស​តំបន់​ច្បាស់លាស់​នោះទេ ហើយ​លោក លឺ ឡាយស្រេង​នេះហើយ ដែលជា​អ្នក​នាំ​បង្កើត​រដ្ឋាភិបាល​៣​បក្ស ក្នុង​ប្រទេស​តែ​មួយ តែ​ត្រូវ​បរាជ័យ ថែម​ទាំង​ធ្លាប់​អង្វរ​សុំ​លោក​ហ៊ុន សែន តែង​តាំងខ្លួន​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​ទៀតផង​។  

​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អង្គភាព​ព័ត៌មាន Fresh News នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក​ហ៊ុន សែន ចាត់ទុកថា គំនិត​របស់​លោក​លឺ ឡាយស្រេង ជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត