មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​ស្កាត់​​ជួប​លោក​សម រង្ស៊ី​​មុន​ច្បាប់​​គណបក្សនយោបាយ​​ចូល​ជា​​ធរមាន​​

ដោយ៖ គួន សំបូរ 14-07-2017 3:21 pm 3916
​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ/រូបភាពពី ​លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រជាតិ​រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ជួប​លោក​សម រង្ស៊ី​នៅ​ក្នុង​ទីក្រុង​ហុងកុង​។ លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​នេះ​ថា  ជំនួប​នេះ​ធ្វើឡើង មុន​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ច្បាប់​គណបក្សនយោបាយ​ចូល​ជា​ធរមាន​។

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើដំណើ​ទៅ​ជួប​លោក​សម រង្ស៊ី​នោះ​មានដូចជា​៖ លោក​កឹម សុខា ប្រធាន​គណបក្ស និង​អនុប្រធាន​ទាំង​បី​គឺ លោកស្រី​មូរ សុខ​ហួរ លោក​អេង ឆៃអ៊ាង លោក​ប៉ុល ហំ​ម និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ទៀត​ដូចជា​លោក​អ៊ូ ច័​ន្ធ​រិទ្ធ និង​លោក​ហូរ វ៉ាន់​ជាដើម​។ នេះ​បើ​តាម​លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក​អេង ឆៃអ៊ាង បាន​បន្ថែមទៀតថា មន្ត្រី​បក្ស​ទាំងអស់នោះ​ធ្វើដំណើរ​មក​ផ្សេងៗ​គ្នា ជា​លក្ខណៈ​ឯកជន​មិន​បាន​ជុំគ្នា​ទេ ហើយក៏​មិន​មាន​លក្ខណៈ​ប្រជុំ​ជជែក​គ្នា​អ្វី​ដែរ​។ ទាក់ទង​នឹង​ប្រធានបទ​ក្នុងជំនួប​ជាមួយ​លោក​សម រង្ស៊ី​វិញ លោក​អេង ឆៃអ៊ាង បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ជា​ជំនួប​នោះ ធ្វើ​ឡើង​មុន​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ច្បាប់​គណបក្សនយោបាយ​ចូល​ជា​ធរមាន​។​

​គួរបញ្ជាក់​ថា លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ច្បាប់​គណបក្សនយោបាយ​ចូល​ជា​ធរមាន​។ សព្វថ្ងៃ​ច្បាប់​នេះ​ទៅ​ដល់​ក្នុង​ដៃ​ព្រឹទ្ធសភា​ហើយ បន្ទាប់​ពី​រដ្ឋសភា​អនុម័ត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៨ នីតិកាល​ទី​៥​។ ការអនុម័ត​នេះ គឺ​ធ្វើឡើង​ដោយ​គ្មាន​វត្ត​មាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​៕


ព័ត៌មានផ្សេងទៀត