គែន​ខ្មែរ បាន​រសាត់អណ្តែត​ក្លាយជា​អត្តសញ្ញាណ​តន្ត្រី​ជាតិ​ឡាវ​

ដោយ៖ គង់ ឧត្តម 14-07-2017 10:14 am 1440
សិល្បៈករខ្មែរសម្តែងរបាំគែន នៅខេត្តសៀមរាប កន្លងមក ។ រូបថតពី RFA ។

​សំឡេង​គែន​ទោល ៖

​គែ​ន ជា​ឈ្មោះ​គ្រឿង​ភ្លេង​មួយបែប​សម្រាប់​ផ្លុំ​ធ្វើ​ដោយ​ឫស្សី​ពក​តូចៗ ឬ​ដោយ​ឫស្សី​ភ្នំ​២​យ៉ាង ។ គេ​យក​កំណាត់​ឫស្សី​នោះ​មក​តម្រៀប​ជា​២​ជួរ​ចង​ផ្អោប​គ្នា ។ ក្នុង​១​ជួរ​ចំនួន​៥​កំណាត់​ក៏មាន​, ៦​កំណាត់​ក៏មាន​, ៨​កំណាត់​ក៏មាន​, មាន​អណ្ដាត​សម្រាប់​ផ្លុំ​ឮសូរ​រំពង​ស្រួយ ។ ពាក្យ គែ​ន មានន័យ​ជា​ខ្មែរ​ថា ជា​ការស្រឡាញ់ ការគោរព​បូជា ឬ​ជា​ការលេង​ដើម្បី​ដាស់​ព្រលឹង ។ ដើម្បី​បន្លឺ​សូរ​សំឡេង​គែន អ្នកលេង​អាច​ផ្លុំ​ខ្យល់​ចូល និង​បឺត​ខ្យល់​ចេញ ។ វិធី​នេះ វា​មាន​ភាព​ស្រដៀង​ទៅ​នឹង​ឧបករណ៍ ម៉ូ​នី​កា ដែល​គេ​ត្រូវ​ផ្លុំ​និង​បឺត​ខ្យល់​ចូល​ដើម្បី​បន្លឺសំឡេង ។ គេ​ជឿ​ថា ម៉ូ​នី​កា អាច​នឹង​វិវដ្ត​ចេញ​ពី​ឧបករណ៍​គែន​ខ្មែរ​ផង​ដែរ ។ ឧបករណ៍ គែ​ន ត្រូវបាន​គេ​លេង​ជា​ពីរ​របៀប ពេល​ខ្លះ​គេ​ផ្លុំ​គែន​ជា​សំឡេង​ទោល ពេល​ខ្លះ​ក៏​អាច​ផ្លុំ​លាយឡំ​ជាមួយ​ឧបករណ៍​នៅក្នុង​វង់ភ្លេង​តែម្តង ។ 

​សំឡេង​គែន​ទោល បទ​សា​រ៉ា​វ៉ាន់​ស្លៀក​ខ្យល់ ៖

​គេ​អាច​យក​ឧបករណ៍​នេះ លេង​ចូលក្នុង​វង់ភ្លេង​សម័យ​ក៏បាន វង់ភ្លេង​បូរាណ​ក៏បាន ។ មិនតែប៉ុណ្ណោះ គេ​អាច​លេង​គែ​ន ច្រៀង​ផ្តោះផ្តង ដូច​ជា​ការ​ច្រៀង​អា​យ៉ៃ​ក៏បាន ។​

​គែ​ន ត្រូវបាន​ខ្មែរ​មួយចំនួន​យល់ថា ជា​របស់​ប្រទេស​ឡាវ ថៃ ខ្មែរ​សុរិន្ទ ឬ​របស់​អ្នក​ស្ទឹងត្រែង​ជា​ដើម តែ​ឧបករណ៍​ភ្លេង​នេះ គឺ​បុព្វបុរស​ខ្មែរ​បាន​បង្កើត​មក​តាំងពី​សម័យ​បុរេប្រវត្តិ ពោល​គឺ​មាន​តាំងពី​មុន​កំណើត​នៃ​ប្រទេស​ឡាវ​ទៅទៀត ។ ឯកសារ​ខ្លះ​អះអាងថា បានឃើញ​គែន​ក្នុង​សតវត្ស​ទី​៦ ។ ភស្តុតាង​មួយចំនួន​ត្រូវបាន​រកឃើញ​ថា មាន​រូប​គែន នៅក្នុង​ស្គរ​មហោធឹ​ក ដែល​មាន​តាំង​នៅក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​សព្វថ្ងៃ ។ តាម​ប្រវត្តិសាស្ត្រ ក្នុង​រជ្ជកាល​ព្រះអង្គ​ចៅហ្វាងុំ ដែល​មាន​ព្រះ​នាង​កែវជា​មហេសី កាល​នោះ​ឡាវ​បាន​ពាំនាំ​យក​ទាំង​សាសនា វប្បធម៌ និង​សិល្បៈ តាមរយៈ​ការផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​ជំនាន់​នោះ ។ ឧបករណ៍​គែន ត្រូវបាន​ប្រវត្តិវិទូ​ឡាវ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ថា បានកកើតឡើង​នៅ​ក្នុង​សតវត្ស​ទី​៨ ។ បន្ទាប់​ពី​គែន បាត់បង់​ប្រជាប្រិយភាព​ពី​ក្នុង​សង្គម​ខ្មែរ​រហូត​បាន​បាត់បង់​ឧបករណ៍​ទាំងស្រុង ឡាវ​ក៏​នៅ​តែ​រក្សា​ឧបករណ៍​ភ្លេង​នេះ​បាន​យ៉ាង​ល្អ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​រហូត​មក​ដល់​សព្វថ្ងៃនេះ ពិសេស ឡាវ​បាន​យក​ឧបករណ៍​គែ​ន ទៅ​ធ្វើ​ជា​អត្តសញ្ញាណ​តន្ត្រី​ជាតិ​របស់​ខ្លួន​តែម្តង ។ ឡាវ​បាន​បង្កើត​ពាក្យ​មួយ​ឃ្លា​ដើម្បី​រក្សា​នូវ​តម្លៃ​ឧបករណ៍​គែន​ក្នុង​ផ្នត់គំនិត​ប្រជាជន​ខ្លួន​ថា « ហូប​បាយដំណើប ស្តាប់​សំឡេង​គែ​ន » ។ ការធ្វើ​បែប​នេះ ពិតណាស់ វា​បាន​ធ្វើឱ្យ​ប្រជាប្រិយភាព​គែន​នៅ​ប្រទេស​ឡាវ គឺ​នៅ​តែ​រក្សា​បាន​ខ្ពស់​ជា​ដរាប ។​

​ខ្មែរ​មាន​របាំ​មួយ ដែល​ត្រូវបាន​គេ​ឱ្យឈ្មោះ​ថា «​របាំ​គែន ឬ ល្ខោន​គែន​» ឯ​ប្រទេស​ឡាវ​ក៏​មាន​ដូច​គ្នា ឡាវ​បាន​ឱ្យ​ឈ្នោះ​របាំ​នោះ​ថា « ល្ខោន​ឡាំ » ។ ឡាំ មានន័យ​ជា​ខ្មែរ​ថា គែន​នេះឯង ។ ខ្មែរ​យើង​បាន​យក​ឧបករណ៍​គែន មក​ដាក់​ឈ្មោះ​ឱ្យ​រង់​តន្ត្រី​នេះ ព្រោះ​គែន​ជា​គោល​សំខាន់​ក្នុងការ​ផ្លុំ​បន្លឺ​សាច់​បទ ។ វង់​តន្ត្រី​គែន​សម្រាប់​កំដរ​វង់​ល្ខោន​គែ​ន ដែល​ប្រើ​គែន​ចំនួន​បី បួន ប្រាំ ឬ​ប្រាំមួយ ដោយ​មាន​សូរ​ពី​ទាប​ទៅ​ខ្ពស់ ។ ម្យ៉ាងទៀត អ្នក​សម្តែង​ល្ខោន​នេះ ច្រើន​ផ្លុំ​គែន​ដោយ​ខ្លួនឯង និង​រាំ​ដោយ​ខ្លួនឯង​ផង ។ តែ​ក៏​មាន​អ្នក​ផ្លុំ​គែន​ផ្សេងទៀត និង​អ្នកចម្រៀង​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ សម្រាប់​ច្រៀង​ឆ្លើយឆ្លង​គ្នា​ដែរ ។ ចំណែក​ឧបករណ៍​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​ចូលរួម​ដែរ​មាន រនាត​ឯក រនាត​ធុង តា​ខេ ទ្រ​អ៊ូ ទ្រ​សោ ទ្រ​ឆេ ក្រា​ប់ ឈឹង និង​ស្គរ​ថូន ។​

​សំឡេង​ច្រៀង​ទោល​ជាមួយ​ឧបករណ៍​គែន និង​ស្គរ​ដៃ ៖

​ល្ខោន​គែន​មាន​វត្តមាន​ចេញពី​ក្នុង​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ក្នុង​រាជ​ព្រះបាទ នរោត្តម សីហនុ អំឡុង​ឆ្នាំ ១៩៤០ - ១៩៥៥ ។ ចំពោះ​រឿង​ដែល​គេ​ច្រើន​យក​មក​សម្តែង​ច្រើន​ដកស្រង់​ចេញ​ពី​រឿង​ក្រៃ​ថោង ។ បទ​សម្រាប់​កំដរ​ក្នុង​សាច់រឿង​ភាគច្រើន​ខ្ចី​ពី​បទ​ភ្លេង​មហោរី ។ 

​សំឡេង​របាំ​គែន​ខ្មែរ ៖

​អំឡុង​ឆ្នាំ​១៩៤៥ គ្រូ​ល្ខោន​គែន​ជនជាតិ​ឡាវ​បួន​នាក់ បាន​មក​បង្ហា​ត់ដល់​សិល្បការិនី​ខ្មែរ​ក្នុង​ព្រះបរមរាជវាំង ។ ប៉ុន្តែ ហាក់ដូចជា​មាន​លក្ខណៈ​ខុសប្លែក​ពី​ល្ខោន​ឡាំ​របស់​ឡាវ ដែល​មាន​សម្តែង​នៅ​ក្រុង​វៀង​ច័ន្ទ និង​ទី​ដទៃទៀត ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ ។ គេ​មាន​អ្នក​សម្តែង​ជា​ប្រុស និង​ស្រី ហើយ​យក​គែន​ទៅ​ប្រគុំ​ជាមួយនឹង​វង់​តន្ត្រីសម័យ ។ តាំងពីដើម​មក ល្ខោន​នេះ មាន​សម្តែង​នៅ​តែ​ក្នុង​ព្រះបរមរាជវាំង​សម្រាប់​កែ​កម្សាន្ត ឬ​សម្រាប់​ពិធីបុណ្យ​នៃ​ព្រះបរមរាជវាំង​តែ​ប៉ុណ្ណោះ ។ ដូច្នេះហើយ ទើប​មាន​អ្នក​ស្គាល់ ឬ​ចេះ​ចាំ​ល្ខោន​នេះ​តិច​ណាស់ ។ លុះ​មកដល់​អំឡុង​ទសវត្ស​១៩៦០ ល្ខោន​គែន ក៏​ត្រូវ​វិនាស​សាប​សូន្យ អាក់ខាន​លែង​បាន​សម្តែង​ជា​រៀង​រហូត​មក ។​

​ឯកសារ​ខ្លះ​ទៀត​ថា ល្ខោន​គែន​មាន​ប្រជាជន​ខ្មែរ​ភូមិភាគ​ឥ​សាន្ត នៅ​លេង​ជា​ប្រពៃណី​របស់ខ្លួន​ជាក់លាក់ ។ របាំ​គែន ឬ​ល្ខោន​គែ​ន តែង​សម្តែង​នៅ​តាម​វត្ត​អារាម ឬ​ទីប្រជុំជន ដើម្បី​ជួបជុំ​អបអរសាទរ​ទេវតា​ឆ្នាំ​ថ្មី ឬ​ច្រៀង​រាំ​កម្សាន្ត​សប្បាយ ហើយ​មាន​ប្រជាប្រិយ​ទៀតផង ។ បទ​ភ្លេង​ដែល​យក​មក​ប្រគំ ភាគច្រើន​ជា​បទ​មហោរី​ចង្វាក់​មួយ​ជាន់ ពីរ​ជាន់ និង​បទ​រាំវង់​បុរាណ ។ ឯ​រឿង​សម្រាប់​សម្តែង ច្រើនតែ​ជា​រឿង​ខ្លីៗ បែប​មនោសញ្ចេតនា​សប្បាយរីករាយ លើកសរសើរ​សម្រស់​ធម្មជាតិ ទឹកដី ព្រៃព្រឹក្សា មច្ឆា​ជាតិ​ជាដើម ។​

​ក្នុង​ឆ្នាំ ១៩៨៥ ក្រុម​សាស្ត្រាចារ្យ​តូរ្យតន្ត្រី​បុរាណ​ខ្មែរ​មួយក្រុម បាន​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ ដើម្បី​ស្វែងយល់​ពី​ឧបករណ៍ និង​របាំ​គែន​ឡើងវិញ តែ អ្វី​ជា​កត់សម្គាល់ ឧបករណ៍​គែន ពុំ​មាន​ខ្មែ​រណា​ម្នាក់​អាច​ផលិត​បាន​ឡើយ ជារួម​មាន​ន័យ​ថា ខ្មែរ​យើង​បាន​យក​ពី​ឡាវ​ទាំងស្រុង ។​

​នៅ​ប្រទេស​ថៃ និង​ឡាវ គែ​ន ត្រូវបាន​និយម​លេង​ណាស់ សូម្បី​ក្មេងៗ​ក៏​ចេះ​ផ្លុំ​លេង​ដែរ ។ សព្វថ្ងៃ ខ្មែរ​យើង​មាន​អ្នកចេះ​លេង​ឧបករណ៍​នេះ​តិចតួច​បំផុត ក៏​ព្រោះ​ខ្មែរ​យើង​មិន​និយម​លេង​ទេ ។ ប្រជាជន​ខ្មែរ​ដែល​និយម​ប្រើប្រាស់​ឧបករណ៍​គែន​ច្រើនជាងគេ គឺ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ឡាវ ៕

​សំឡេង​ឧបករណ៍​គែន​ប្រគំ​ជាមួយ​ភ្លេងសម័យ ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត