អស់​ទំនុកចិត្ត​​ជា​ដើម​ចម​នាំ​ឲ្យ​ការរិះគន់​​ប្រែ​ទៅ​ជា​ការ​ជេរប្រមាថ​​

ដោយ៖ គួន សំបូរ 13-07-2017 3:47 pm 4686
ខាងឆ្វេង ជនសង្ស័យ​ហេង​ លក្ខិណា​ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារ​តែ​បាន​និយាយ​ជា​ចំហរ​តាម​បណ្តាញ​សង្គម ចោទ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម ឡី​។

​ការរិះគន់ គឺជា​កញ្ចក់​មួយ​ដើម្បី​បង្ហាញផ្លូវ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការកសាង​ប្រទេស ឆ្ពោះទៅរក​ភាព​រីកចំរើន​។ តែ​ជា​ទូទៅ​ការរិះគន់ និង​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ​ហាក់​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ឲ្យ​តម្លៃ​នោះ​ឡើយ​។ ចំណែកឯ​ពលរដ្ឋ​ខ្លះទៀត បាន​ប្រែ​ការរិះគន់​ទៅ​ជា​ការជេរប្រមាថ និង​ចោទប្រកាន់ ហើយ​បង្ក​ឲ្យ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​។ ទាំងនេះ​ត្រូវបាន​គេ​មើលឃើញ​ថា អាច​បង្កឡើង​ដោយសារ រដ្ឋាភិបាល​បំពេញការងារ​ខ្វះ​តម្លាភាព ​ធ្វើឲ្យពលរដ្ឋអស់ទំនុកចិត្ត ខណៈ​ដែល​ពលរដ្ឋ​នៅ​មិនទាន់​ចេះ​រិះគន់​។ សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​៖

សំឡេង៖

​បច្ចុប្បន្ន​ស្ត្រី​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារ​តែ​បាន​និយាយ​ជា​ចំហរ​តាម​បណ្តាញ​សង្គម ចោទ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម ឡី​។ បន្ទាប់​ពី​បញ្ចប់​ការសាកសួរ ស្ត្រី​ម្នាក់​នោះ​ត្រូវ​តុលាការ​បញ្ជូន​ទៅ​ដាក់​ព័ន្ធ​នាគា​បណ្តោះអាសន្ន ។ ស្ត្រី​ម្នាក់​នេះ គឺជា​មនុស្ស​ទី​៤​ហើយ​ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់​ខ្លួន​ដោយសារតែ​ការចោទប្រកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការស្លាប់​លោក​បណ្ឌិត​កែម ឡី​។ ចំនួន​នេះ​យើង​ពុំ​ទាន់​គិត​ដល់​សំណុំរឿង​ផ្សេងៗ​ទៀត​។​

​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដូច​កម្ពុជា ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុង​ការរិះគន់ និង​បញ្ចេញមតិ លើ​ចំណុច​អ្វី​ដែល​គេ​មិន​ពេញចិត្ត​។ ប៉ុន្តែ​ការ​បញ្ជេញមតិ​នោះ ត្រូវតែ​ឋិត​នៅ​ក្របខណ្ឌ​ច្បាប់​ជៀសវាង​ការជេរប្រមាថ និង​ចោទប្រកាន់​ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ​។​

​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រ​៤១​បានចែង​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សេរីភាព​ខាង​ការបញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការបោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​។ ជន​ណា​ក៏​ដោយ មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ដល់​កិត្តិយស​របស់​អ្នក​ដ៏​ទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ​»​។ ដូច្នេះ​បើ​យើង​ពិនិត្យ​លើ​ផ្លូវ​ច្បាប់ វិធានការណ៍​របស់​រដ្ឋាភិបាល​នាពេ​ល​នេះ​មិន​ខុស​ឡើយ ចំពោះ​អ្នក​ដែល​ជេរប្រមាថ និង​ចោទប្រកាន់​។ ប៉ុន្តែ​បញ្ហា​នេះ​ទាំងនេះ ក៏​មិន​អាច​ទម្លាក់​កំហុស​មក​លើ​តែ​ពលរដ្ឋ​ទេ ការបំពេញ​ការងា​ររ​បស់​រដ្ឋាភិបាល​ខ្វះ​តម្លាភាព​ក៏​ជា​កត្តា​រួមផ្សំ​ដែរ​។​

​យើង​នៅ​ចាំបាន​នៅ​រឿងរ៉ាវ​មួយចំនួន កំពុង​នៅ​ជា​មន្ទិលសង្ស័យ​សម្រាប់​ព​ល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​រហូត ដល់​សព្វថ្ងៃ​។ ក្នុងនោះ​មានដូចជា ករណី​បាញ់សម្លាប់​លោក​ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ខណៈ​កំពុង​អាន​កាសែត​នៅ​ក្បែរ​វត្ត​លង្កា​នា​ក្រុង​ភ្នំពេញ​។ លោក​ឈុត វុទ្ធី ជា​សកម្មជន​ការពារ​ព្រៃឈើ​។ លោក​ត្រូវ​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង​។ ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​ពីរ​នាក់ បាញ់ប្រហារ​នៅ​ព្រឹក​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា នា​រាជធានី​ភ្នំពេញ និង​នៅ​ចុងក្រោយ​នេះ​គឺ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី អ្នកវិភាគ​ល្បីល្បាញ​ដែល​រិះគន់​ប្រព័ន្ធ​ការងារ​របស់​រដ្ឋាភិបាល​មិន​សំចៃមាត់ ។ នេះ​នៅ​មិនទាន់​គិតដល់​ឃាតកម្ម​លើ​តារា​ល្បីៗ និង​រឿង​មួយចំនួន​ទៀត​ដែល​កើត​លើ​មន្ត្រី​បក្សប្រឆាំង​។​

​ករណី​ទាំងអស់​នេះ បង្ក​ឲ្យ​ពលរដ្ឋ​មួយចំនួន​ដែល​ស្រឡាញ់​និង​ពេញចិត្ត​ឥស្សរជន​ទាំងនោះ មិន​អស់ចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ ហើយ​ពួកគេ​គ្មាន​ជំនឿ​ង​ទៅលើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​។ ពលរដ្ឋ​ខ្លះទៀត​ពេល​មាន​រឿង​កើតឡើង គេ​សុខចិត្ត​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក៏​មាន​។​

​ជា​ការពិត​ណាស់ ការរិះគន់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ពិតជា​មាន​សារៈសំខាន់ សម្រាប់​រាជរដ្ឋាភិបាល ដើម្បី​កែលម្អ​កំហុសឆ្គង និង​ការខ្វះ​ចន្លោះ​របស់ខ្លួន​ក្នុង​ការដឹកនាំ​ប្រទេស​។ ព្រោះថា ប្រទេស​មួយ​នេះ​ជា​របស់​ខ្មែរ​ទាំងអស់​គ្នា​។ ផ្ទុយទៅវិញ អ្វី​ដែល​ជា​ជម្ងឺ​សម្រាប់​សង្គម​កម្ពុជា គឺ​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន រិះគន់​តាម​របៀប​ខ្លាច​គេ​មិនដឹងថា ខ្លួន​ជា​អ្នកស្នេហាជាតិ រិះគន់​ក្នុង​ន័យ​ស្អប់ រឺ​តាម​និន្នាការ​នយោបាយ​។ សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​មួយចំនួន នៅតែ​ចូលចិត្ត​រិះគន់​ជា​លក្ខណៈ​បែប​វាយប្រហារ ជាជាង​រិះគន់​ដើម្បី​ការអភិវឌ្ឍ​។ រិះគន់​ដើម្បី​ចង់​បំបាក់មុខ រិះគន់​បែប​ហិង្សា និង​លាប​ពណ៌​គ្នា​ជាដើម​។

​សរុប​មក​វិញ ឱសថ​សម្រាប់​ព្យាបាល ពលរដ្ឋ​គួរតែ​សិក្សា​ឲ្យបាន​ស៊ីជម្រៅ ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ជុំវិញ​បញ្ហា​ការអនុវត្ត​របស់​រាជ​រដ្ឋាភិបាល​។ ក្នុងន័យនេះ ពលរដ្ឋ​ត្រូវបង្កើត​នូវ​វប្បធម៌​ការអាន ការស្រាវជ្រាវ តាមដាន ព័ត៌មាន​គ្រប់​ជ្រុយជ្រោយ ចេះ​វិភាគ និង​រក​ដំណោះស្រាយ ដើម្បី​រិះគន់ឲ្យ ចំ​ចំណុចរសើប​របស់ រដ្ឋាភិបាល និង​អ្នកនយោបាយ​។ ម្យ៉ាងវិញទៀត ពលរដ្ឋ​ខ្មែរ ត្រូវ​លុបបំបាត់​ការរិះគន់ បែប​វាយប្រហារ ជេ​ប្រមាថ​គ្នា និង​ចោទប្រកាន់ ដែល​ជាហេតុ​នាំ​ឲ្យ​ខ្លួន​ប្រឈម​នឹង​ទោសទ​ណ្ឌ​។​

​រីឯ​រដ្ឋាភិបាល​វិញ គួរ​បើក​ចិត្ត​ចំហរ​បេះដូង ទទួលយក​ការរិះគន់ និង​ឆ្លើយតប​នឹង​ការរិះគន់​របស់​ពលរដ្ឋ ដោយ​ធ្វើ​ការបកស្រាយ​ឲ្យបាន​ច្បាស់លាស់ និង​មាន​តម្លាភាព​ក្នុង​ពេល​បំពេញការងារ ជៀសវាង​ការអនុវត្ត​ប្រកាន់​បក្សពួក ហើយ​យក​អំណាច​មក​អនុវត្ត​អ្នក​រិះគន់​។ ពលរដ្ឋ​សំឡេង​ច្រើន រិះគន់​អាច​ត្រូវ អាច​ខុស ប្រសិនបើ​រដ្ឋាភិបាល ប្រកាន់​គំនិត​ថា រាល់​ការរិះគន់​សុទ្ធតែ​ខុស រាល់​ការរិះគន់​ជា​អ្នក​មក​ពី​គណបក្សប្រឆាំង នោះ​មិន​ខុស​ពី​បំបាក់ទឹកចិត្ត​ពលរដ្ឋ ក្នុង​ការរិះគន់​ទេ​។ បើ​ប្រជាពលរដ្ឋ ព្រមទាំង​រដ្ឋាភិបាល និង​អ្នកនយោបាយ​ចេះ អនុវត្ត​ខ្លឹមសារ​ទាំងអស់នេះ​បាន សង្គម​កម្ពុជា​នឹង​ទទួលបាន​នូវ​ភាព​រីកចំរើន​ដោយ​គ្មាន​ន​ណា​ទឹកភ្នែក​ដោយសា​រឿង​អយុត្តិធម៌​ឡើយ​៕

ដោយ គួន សំបូរ

 


ព័ត៌មានផ្សេងទៀត