ធ្លាប់តែល្បីល្បាញទាំងឈ្មោះ ទាំងកម្លាំងប្រយុទ្ធ ទាំងការប្រព្រឹត្ដទង្វើឃោឃៅ ដូចជាកាត់ក្បាលមនុស្សទាំងរស់ជាដើម ប៉ុន្ដែពេលនេះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបានប្រកាសខ្លួនជារដ្ឋឯករាជ្យតាំងពីខែមិថុនាឆ្នាំ២០១៤ បានធ្លាក់កម្លាំងយ៉ាងគំហុក។លើសពីនេះ ទឹកដីដែលកាន់កាប់បានត្រូវបាត់បង់ជាងពាក់កណ្ដាល សមាជិកត្រូវស្លាប់ជាបន្ដបន្ទាប់ ហើយខ្លះក៏បានត្រឡប់ទៅប្រទេសកំណើតវិញ។ថ្មីៗនេះទីក្រុងម៉ូស៊ួលជាទីតាំងធំបំផុតរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវកងទ័ពអ៊ីរ៉ាក់ដណ្ដើមបានទៀត។នេះជាបរាជ័យដ៏ធំបំផុតរបស់ក្រុមរដ្ឋអ៊ីស្លាម ចាប់តាំងពីប្រកាសផ្ដាច់ខ្លួនជារដ្ឋឯករជ្យ។ប៉ុន្ដែយ៉ាងណាក៏ដោយ នៅតែមានការព្រួយបារម្ភដដែល។ព្រួយបារម្ភព្រោះក្រុមនេះនៅមានបណ្ដាញស្ទើរទូទាំងពិភពលោក ដូច្នេះគេអាចបញ្ជាឲ្យបើកការវាយប្រហារពេលណាក៏បាន។បាត់បង់ទឹកដី បាត់បង់កម្លាំងប្រយុទ្ធ តែមិនមែនបាត់ឈ្មោះក្រុមរដ្ឋអ៊ីស្លាមពីផែនដីទេ។
ដើម្បីជ្រាបព័ត៌មានបន្ថែម ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារពីពេញ ផេងនៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
ទីក្រុងម៉ូស៊ួលជាទីក្រុងធំបំផុតអះអាងកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមកាលពីខែមិថុនាឆ្នាំ២០១៤ ត្រូវកងទ័ពអ៊ីរ៉ាក់ធ្វើប្រតិបត្ដិការវាយប្រហាររំដោះបានវិញ និងប្រកាសជោគជ័យកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៧ មានទាំងវត្ដមាននាយករដ្ឋមន្ដ្រីអ៊ីរ៉ាក់ចូលរួមផង។ប៉ុន្ដែដ្បិតចាញ់នៅម៉ូស៊ួលយ៉ាងធ្ងន់ធ្ងរ មិនមែនមានន័យថាក្រុមរដ្ឋអ៊ីស្លាមត្រូវបាត់មុខពីផែនដីទេ។
ទីក្រុងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់មួយនេះ ជាកន្លែងមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមAbu Bakr al-Baghdadi បង្ហាញខ្លួនជាសាធារណៈក្នុងខែកក្កដាឆ្នាំ២០១៤ និងបានប្រកាសប្រាប់ពិភពលោកថាគេជាមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម។
ដើម្បីដណ្ដើមយកមកវិញ អ៊ីរ៉ាក់បានចេញបញ្ជាប្រើកងទ័ពរាប់ពាន់នាក់ ស្ថិតក្រោមការគាំទ្រពីយន្ដហោះចម្បាំងប្រទេសលោកខាងលិច និងកងកម្លាំងពិសេស ព្រមទាំងចំណាយពេលជិត៩ខែ ទើបយកឈ្នះលើក្រុមជីហាដបាន។បេសកកម្មនេះបានបន្សល់ទុកសោកនាដកម្ម គឺមានមនុស្សស្លាប់រាប់ពាន់នាក់ ជម្លៀសខ្លួនរាប់សែននាក់ អគារក្នុងក្រុងបាក់បែកខ្ទេចខ្ទី រីឯកងទ័ពស្ទើរតែគ្មានសល់កម្លាំងក្នុងខ្លួន។
ទីក្រុងម៉ូស៊ួលកាលពីបីឆ្នាំមុន ពោលគឺកាលក្រុមរដ្ឋអ៊ីស្លាមមិនទាន់ចូលកាន់កាប់ មានប្រជាជនប្រមាណ២លាននាក់ តែពេលនេះស្ទើរតែក្លាយជាទីក្រុងខ្មោចទៅហើយ។ធ្លាក់ក្នុងកណ្ដាប់ដៃក្រុមរដ្ឋអ៊ីស្លាម ម៉ូស៊ួលបានក្លាយជាសមរភូមិប្រយុទ្ធ លឺតែការផ្ទុះអាវុធគ្មានលោះថ្ងៃ។ទីបំផុតការផ្ទុះអាវុធបានបញ្ចប់ ហើយក្រុមរដ្ឋអ៊ីស្លាមត្រូវបាត់បង់ទៅវិញទាំងរដ្ឋបាលគ្រប់គ្រង និងនិមិត្ដរូបដ៏ខ្លាំងក្លារបស់គេ។
ពីមុនឡើយពួកគេគ្រប់គ្រងដែនដីមានទំហំប៉ុនប្រទេសកូរ៉េខាងត្បូង ឬអាចប្រហាក់ប្រហែលនឹងប្រទេសហ្ស៊កដានី ជាមួយចំនួនប្រជាជនជាង១០លាននាក់។ប៉ុន្ដែបច្ចុប្បន្នពួកគេបានបាត់បង់ទឹកដីជាងពាក់កណ្ដាល បាត់បង់ប្រជាជនប្រមាណបីភាគបួន។ក្រៅពីនេះការវាយប្រហារទៅលើទីតាំងរបស់គេផ្សេងទៀតនៅទីក្រុងRaqaប្រទេសស៊ីរី ក៏កំពុងមានសន្ទុះយ៉ាងខ្លាំងក្លា។ក្រុមរដ្ឋអ៊ីស្លាមបានបាត់បង់អ្នកប្រយុទ្ធរាប់ពាន់នាក់ ហើយក៏មិនសូវមានប្រជាប្រិយភាពក្នុងការទាក់ទាញអ្នកប្រយុទ្ធបរទេសឲ្យចូលរួមជាមួយពួកគេដូចមុនដែរ។ការដួលរលំក្នុងទីក្រុងម៉ូស៊ួល បានកាត់បន្ថយទឹកដីក្រុមរដ្ឋអ៊ីស្លាម ធ្វើឲ្យទីតាំងធ្លាប់តែរួមបញ្ចូលគ្នាត្រូវកាត់ផ្ដាច់ទាំងស្រុង។
យ៉ាងណាមិញអ្នកវិភាគយល់ឃើញថា វាហាក់ដូចជាលឿនពេកនៃការប្រកាសជោគជ័យទាំងស្រុង។លោកPatrick Martinអ្នកវិភាគអ៊ីរ៉ាក់នៅវិទ្យាស្ថានសិក្សាពីសង្គ្រាមបានលើកឡើងថា មិនអាចចាត់ទុកការដណ្ដើមបានទីក្រុងម៉ូស៊ួល ជាការស្លាប់របស់ក្រុមរដ្ឋអ៊ីស្លាមទេ។ក្រុមនេះនៅបន្ដគ្រប់គ្រងទីតាំងមួយចំនួនទៀតដូចជានៅស៊ីរីជាដើម។
ទោះបីជានៅក្នុងប្រទសអ៊ីរ៉ាក់ ក្រុមរដ្ឋអ៊ីស្លាមនៅគ្រប់គ្រងតែប្រមាណ៧ភាគរយនៃដែនដីរបស់គេពីមុន ប៉ុន្ដែប្រសិនបើកងកម្លាំងសន្ដិសុខមិនចាត់វិធានការប្រឆាំង ក្រុមនេះអាចដណ្ដើមយកទីតាំងមួយចំនួនមកវិញជាថ្មី។ស្របពេលកំពុងចង់រក្សាទុកសមាជិកដែលនៅសេសសល់ ក្រុមនេះទំនងនឹងបង្កើនការផ្លាស់ប្ដូរ ផ្ដោតលើវាយប្រហារដោយប្រើសព្វាវុធនិងប្រើគ្រាប់បែក។
អ្វីដែលឃើញជាក់ស្ដែង បន្ទាប់ពីកម្លាំងយោធារបស់គេចុះខ្សោយ គេបានបើការវាយប្រហារជាបន្ដបន្ទាប់។តួយ៉ាងដូចការវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងបាដាដ បានសម្លាប់មនុស្សជាង៣០០នាក់កាលពីឆ្នាំមុន។ក្រុមរដ្ឋអ៊ីស្លាមបានបញ្ជាឲ្យបើកការវាយប្រហារ លើទីតាំងគ្រប់គ្រងដោយក្រុមឃឺដនៅក្នុងទីក្រុងKirkukបន្ថែមទៀត។
រីឯលោកDavid Witty ជាអ្នកវិភាគនិងជាអតីតកម្លាំងពិសេសអាមេរិកមួយបានលើកឡើងថា វាជាការបាត់បង់ដ៏ធំធេងនៃកិត្យានុភាពក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវចាត់ទុកជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់ប្រវត្ដិសាស្ដ្រនៃក្រុមជីហាដ ក្រោយទ័ពអ៊ីរ៉ាក់ដណ្ដើមបានក្រុងម៉ូស៊ួល។តែជាមួយក្ដីស្រមៃចង់បង្កើតរដ្ឋឯករាជ្យ ក្រុមរដ្ឋអ៊ីស្លាមរំពឹងនឹងងាកទៅរកការវាយប្រហារក្នុងសណ្ឋានផ្សេងៗ ហើយធ្វើរឿងគ្រប់យ៉ាងដើម្បីប្រឆាំងការប្រកាសជោគជ័យរំដោះបានក្រុងម៉ូស៊ួល។ហេតុនេះ អ៊ីរ៉ាក់ត្រូវបង្កើនការប្រុងប្រយ័ត្នលើបញ្ហាសន្ដិសុខ។
រឿងអន្ដរជាតិកំពុងបារម្ភបច្ចុប្បន្ន គឺមនោគមវិជ្ជារបស់ក្រុមរដ្ឋអ៊ីស្លាមនៅតែគំរាមកំហែងយ៉ាងខ្លាំងក្លាទូទាំងពិភពលោក។មានការវាយប្រហារមួយចំនួនពួកគេមិនបានធ្វើសកម្មភាពដោយផ្ទាល់ឡើយ គ្រាន់តែបញ្ជាតាមបណ្ដាញសង្គមប៉ុណ្ណោះ អ្នកប្រតិបត្ដិតាមអាចធ្វើបានដោយជោគជ័យ។វាសបញ្ជាក់កាន់តែច្បាស់ក្រុមរដ្ឋអ៊ីស្លាមពិតជាមានមនោគមវិជ្ជាខ្លាំង។អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀត កាលកំពុងល្បីឈ្មោះពួកគេបានអូសទាញអ្នកប្រយុទ្ធបរទេសរាប់ពាន់នាក់ ធ្វើជាសមាជិកចូលក្នុងសមរភូមិ។អន្ដរជាតិនៅតែព្រួយបារម្ភ ដ្បិតថាក្រុមរដ្ឋអ៊ីស្លាមធ្លាក់កម្លាំង បាត់បង់ទឹកដី ប៉ុន្ដែពួកគេនៅអាចបង្កចលាចលបាន តាមរយៈការវាយប្រហារភេរវកម្ម៕