ពលរដ្ឋ​ខ្មែរ​​ក្រីក្រ​ត្រដរ​​ចំណាកស្រុក​​ដោយ​​ខុសច្បាប់​​ដើម្បី​បំពេញ​ក្រពះ​​

ដោយ៖ គួន សំបូរ 05-07-2017 4:40 pm 496
ពលករខ្មែរចំណាកស្រុក ដែលត្រូវអាជ្ញាធរបញ្ជូនមកកម្ពុជាវិញកន្លងទៅ។

ពលរដ្ឋ​ខ្មែរ​ក្រីក្រ នៅតែ​បន្ត​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ខុសច្បាប់ បើទោះបី​គេ​ដឹងថា អំពើ​នេះ​ធ្វើឡើង​ដោយ​ប្រថុយប្រថាន​ក្តី​។ ករណី​នេះ​ត្រូវបាន​គេ​យល់​ថា ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ ខ្វះ​ការងារ​សម្រាប់​ពួកគេ ប្រាក់​ឈ្នួល​ទទួលបាន​តិចតួច រួម​ទាំង​នីតិវិធី​ក្នុង​ការជ្រើសរើស និង​ការបញ្ជូន​ពលករ​នៅ​មាន​ភាពស្មុគស្មាញ​។ ដូច្នេះ​តើ​យើង​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​? សូម​ស្តាប់​បទ​វិភាគ ដោយ គួន សំបូរ​

​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​រាប់​រយ​នាក់​មក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​។ ការចាប់​នេះ ធ្វើឡើង​ក្រោយពេល​ដែល​ព្រះមហាក្សត្រ​ថៃ​ឡាយព្រះហស្ថលេខា  ដាក់​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី​៨​ចំណុច ដោយ​ក្នុងនោះ​បាន​ដាក់​ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ ទាំង​ការផាកពិន័យ និង​ដាក់​ពន្ធនាគារ ដល់​ជនជាតិ​ថៃ​ណា​ដែល​ទទួល​ពលក​របរ​ទេស​ខុស​ច្បាប់​មក​ធ្វើការ​។​

​គួរបញ្ជាក់​ថា ការចាប់​បញ្ជូន​ពលក​រ​ខ្មែរ​មក​កម្ពុជា​វិញ​ពី​សំណាក់​អាជ្ញាធរ​ថៃ​ពេលនេះ គឺ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​។ កាលពី​ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ​ក៏​ធ្លាប់បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់ មក​ទម្លាក់​ចោល​តាម​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​យ៉ាងច្រើន​គរ​ជើង​គ្នា​។ ក្រៅពី​ចាប់បញ្ជូន ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​ទាហាន​ថៃ​បាញ់ ខ្លះ​ស្លាប់​ដោយ​ស្ថានភាព​ការងារ​យ៉ាប់យ៉ឺន​នៅពេល​ធ្វើ​ជា​កម្មករ​ទូក​នេសាទ និង​ខ្លះទៀត​ស្លាប់​ដោយសារ​ជំងឺ​ជា​ដើម​។ តែ​ទោះជា​យ៉ាងណា ពលរដ្ឋ​ខ្មែរ​នៅតែ​ចង់​ចំណាកស្រុក ហើយ​ចំណាកស្រុក​ខ្លះ​ខុសច្បាប់​ទៀតផង​។​
 

​មូលហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​សម្រេចចិត្ត​ចំណាកស្រុក​?

​ចម្លើយ​៖​ទី​១ ភាព​អត់​ការងារ​នៅក្នុង​ស្រុក​។ បើ​ទោះបីជា​រដ្ឋាភិបាល អះអាង​ថា​អត្រា​អត់​កា​ងារ​ធ្វើ​របស់​ពលរដ្ឋ​ខ្មែរ​មាន​កម្រិត​ទាប​ក្តី ក៏ប៉ុន្តែ​ភាព​អត់​ការងារ​ធ្វើ ជាក់ស្តែង​របស់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន​ពេញវ័យ​នៅ​តែ​មាន​ច្រើន ហើយ​ការ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​នៅ​បន្ត​កើតមាន​ជា​ហូរហែរ​។ ពលករ​ខ្មែរ​ភាព​ច្រើន​ធ្វើការ​ចំណាកស្រុក​ទៅ​ប្រទេស​មួយចំនួន​ដូចជា​៖ ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង​។​

​ទី​២ ការងារ​ក្នុងស្រុក​ទទួលបាន​ប្រាក់​ឈ្នួល​ទាប និង​លក្ខខ័ណ្ឌ​ការងារ​មិន​សូវ​ល្អ​។ ថៅកែ​និយោជក​មួយចំនួន កេងចំណេញ​ពលកម្ម​លើ​និយោជិក ទាំង​ម៉ោង​ធ្វើការ  មិន​ព្រម​បើក​ប្រាក់ខែ​ឲ្យបាន​ពេញលេញ និង​ខ្លះ​ទៀត​រត់​ចោល​និយោជិក ហើយ​ពលករ​មានតែ​ជម្រើស​ដើរ​តវ៉ា​តាម​ដងផ្លូវ​ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​។​

​ទី​៣ ភាព​ហ៊ឺហារ និង​ការហូរចូល​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី បាន​អន្ទង់​ចិត្ត​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន​ពេញកម្លាំង​ធ្វើ​ការងារ​។ ចង់​មិន​ចង់​ពួកគេ ត្រូវការ​ប្រាក់​ទិញ​សម្ភារ​ទាំងនោះ ដើម្បី​បង្ហាញ​ពី​ភាពទាន់សម័យ​នឹង​គេ​។​

​ទី​៤  មូលហេតុ​ចម្បង​នាំ​ឲ្យ​ពលករ​ខ្មែរ ចូលចិត្ត​ចំណាកស្រុក​ខុសច្បាប់ អាច​បង្ក​ឡើង​ពី​នីតិវិធី​ក្នុង​ការជ្រើសរើស និង​ការបញ្ជូន​ពលករ​នៅ​មាន​ភាពស្មុគស្មាញ​ច្រើន ហើយ​នៅក្នុង​នីតិវិធី​នេះ​ប្រកប​ដោយ​អំពើ​ពុករលួយ​ផងដែរ​។ ពលរដ្ឋ​ខ្មែរ​ធ្លាប់​ចំណាកស្រុក​បាន​ត្អូញត្អែរថា ទម្រាំ​បាន​ចេញ​ទៅ​ស្រុកថៃ​គេ​ត្រូវ ចំណាយ​លុយ​មិន​តិច​ឡើយ​សម្រាប់​រត់កា​រ ដូច្នេះ​គេ​សម្រេចចិត្ត​លួច​ចំណាកស្រុក​ដោយ​ខុសច្បាប់​។​

​ជនរងគ្រោះ​ខ្លះទៀត បាន​និយាយថា ដំបូង​ឡើង​ពួក​គេ​គ្មាន​បំណង​ចំណាកស្រុក​ទៅ​ក្រៅ​ទេ តែ​ដោយសារតែ​មាន​ឃោសនា​អូសទាញ គួបផ្សំ​ជីវភាព​ក្រីក្រ​ផង ទើប​គេ​សម្រេចចិត្ត​ចាកចោល​ផ្ទះ​សំបែង​ចោល​កូន​ចោល​ចៅ ទៅ​ធ្វើការ​ជា​ពលករ​នៅ​ស្រុកថៃ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ និង​ដោះបំណុល​ដែល​ជំពាក់​មីក្រូហិរញ្ញវត្ថុ​ក្នុងស្រុក​។

​ជា​រួម​មក​វិញ​ជា​ដំណោះស្រាយ​រដ្ឋាភិបាល គួរ​ព្យាយាម​បង្កើត​ការងារ​ក្នុង​ស្រុក​ឲ្យបាន​ច្រើន​ជាង​សព្វថ្ងៃ សម្រាប់​ពលរដ្ឋ យុវជន​ពេញកម្លាំង និង​យុវជន​មាន​កម្រិតវប្បធម៌​ទាប​។ ការបង្កើត​ការងារ​នេះ អាច​ធ្វើទៅបាន​តាមរយៈ​វិស័យ​ការងារ​កសិកម្ម ព្រោះ​ថា​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​កសិកម្ម ហើយ​រដ្ឋាភិបាល​ក៏​មិន​ភ្លេច​ផង​ដែរ​រក​ទីផ្សារ​លក់​ផលិតផល ព្រមទាំង​បង្ក​បរិយាកាស​ការងារ​ល្អ និង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​ពួក​។​

​ទី​២ ការបណ្តុះបណ្តាល​ចំណេះ​ជំនាញ​បន្ថែម ក៏​ជា​គន្លឹះ​ល្អ​សម្រាប់​កាត់បន្ថយ​ការ​ចំណាកស្រុក​ដែរ​។ សព្វថ្ងៃ​យើង​ឃើញ​ក្រសួង​ការងារ​កម្ពុជា បាន​រៀប​ចំ​លើ​ចំណុច​នេះ ក៏ប៉ុន្តែ​ហាក់​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ បាន​ទូលំទូលាយ​ដូច​មេខ្យល់​បោក​ពលរដ្ឋ​នោះ​ទេ​។​

​ទី​៣ ក្រៅពី​រក​ទីផ្សារ និង​បណ្តុះបណ្តាល​ចំណេះ​ជំនាញ​បន្ថែម រដ្ឋ​គួរ​បង្កើត​រោងចក្រ​កែច្នៃ ក្នុង​ស្រុក​ឲ្យបាន​ច្រើន​ជាង​នេះ ចៀសវាង​នាំចេញ​តែ​វត្ថុធាតុដើម​ទី​ក្រៅ ដែល​នាំឲ្យ​បាត់បង់​កម្លាំង​ពលកម្ម និង​បាត់បង់​ចំណូល​ក្នុង​ស្រុក​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង ត្រូវ​ពង្រឹង​សមត្ថភាព និង​ចំណេះដឹង​បន្ថែម​ទៀត​ដែរ ដើម្បីឲ្យ​ស្រប​ពី​តម្រូវការ​របស់រ​ដ្ឋា​ភិបាល​៕

(ដោយ គួន សំបូរ)

ព័ត៌មានផ្សេងទៀត