ហេតុអ្វី​បានជា​​មាន​សង្គ្រាម​ស៊ីវិល​​នៅក្នុង​ប្រទេស​​ស៊ី​រី​?

ដោយ៖ ពេញ ផេង 04-07-2017 6:15 pm 1601
ទិដ្ឋភាព​នៃការទម្លាក់គ្រាប់នៅស៊ីរី

​សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី​បាន​ចាប់ផ្ដើម​ក្នុង​ខែ​មីនា​ឆ្នាំ​២០១១ គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ  បាន​ក្លាយ​ជា​សង្គ្រាម​បង្ហូរឈាម​សម្លាប់​មនុស្ស​ជាង​៣២​ម៉ឺន​នាក់ របួស​រាប់​ម៉ឺន​នាក់ ជម្លៀស​ខ្លួន​រាប់លាន​នាក់​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​សង្គ្រាម​ស៊ីវិល​នេះ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើឲ្យ​ស៊ីរី​ត្រូវក្លាយ​ជា​ការចាប់អារ​ម្មណ៍​របស់​ប្រទេស​មហាអំណាច​។​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ក៏​មិន​ទាន់​រកឃើញ ព្រោះ​កន្លងមក​បទ​ឈប់​បាញ់​អនុវត្ដ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី ក៏​ត្រូវ​ប្រេះស្រាំ​ទៅវិញ​។​តើ​សង្គ្រាម​ស៊ី​រី​ចាប់ផ្ដើម​ឡើង​ដោយសារ​ដើមចម​អ្វីខ្លះ​?

សំឡេង៖

ដើមចមនៃសង្គ្រាមស៊ីវិលនៅស៊ីរី

​រយៈពេល​យូរ​ឆ្នាំមុន​សង្គ្រាម​ចាប់ផ្ដើម មាន​ប្រជាជន​ស៊ី​រី​មួយចំនួន​បាន​ត្អូញត្អែ​ពី​ភាព​អត់​ការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់ អំពើពុករលួយ​កើនឡើង​កាន់តែខ្លាំង គ្មាន​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ហើយ​ប្រទេស​ស៊ី​រី​ទាំងមូល​ស្ថិតក្រោម​ការបង្ក្រាប​រប​ស់លោក​ប្រធានាធិបតី​បា​សា អាល់​អាសាដ ដែល​បន្ដ​តំណែង​ពី​ឪពុក​របស់​លោក​ក្នុង​ឆ្នាំ​២០០០​។​

​ក្នុង​ខែ​មីនា​ឆ្នាំ​២០១១ ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​លើក​ទឹកចិ​ត្ដ​និង​គាំទ្រ​ដោយ​ក្រុម​Arab Spring បាន​នាំគ្នា​តវ៉ា​រំខាន​នៅក្នុង​ទីក្រុង​Deraa​ភាគ​ខាងត្បូង​ប្រទេស​ស៊ី​រី​។​ចលនា​តវ៉ា​របស់​ប្រជាជន ត្រូវ​រដ្ឋាភិបាល​ប្រើ​កងកម្លាំង​ទប់ទល់​រហូត​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​។​ភ្លាមៗ​ការតវ៉ា​រីក​រាលដាល​កាន់តែ​ខ្លាំង​ទូទាំងប្រទេស ទាមទារ​ឲ្យ​ប្រធានាធិបតី​អាសាដ​ចុះចេញ​ពី​តំណែង​។​

​ស្របពេល​ភាពចលាចល​បង្កដោយ​ក្រុម​បាតុករ​នៅ​តែ​បន្ដ​កើត​ឡើង ការបង្ក្រាប​នៅតែ​បន្ដធ្វើ​។​អ្នកគាំទ្រ​បក្សប្រឆាំង​បានចាប់ផ្ដើម​បំពាក់​សព្វាវុធ ដែល​នោះ​ជា​លើកដំបូង​ដើម្បី​ការពារ​ខ្លួន ហើយ​ក្រោយមក​បាន​បណ្ដេញ​កងកម្លាំង​សន្ដិសុខ​ពី​ក្នុង​តំបន់​របស់​គេ​។​លោក​អាសាដ​ប្ដេជ្ញា​នឹង​កម្ទេច​អំពើ​ភេរវកម្ម​គាំទ្រ​ដោយ​បរទេស​ស្ដារ​ការគ្រប់គ្រង​រដ្ឋ​ឡើងវិញ​។​

​ប្រជាជនស៊ីរីរងគ្រោះដោយសារសង្គ្រាម

ហេតុអ្វី​បាន​ជា​សង្គ្រាម​អូសបន្លាយ​ច្រើន​ឆ្នាំ​បែប​នេះ​?

​តាមពិតទៅ សង្គ្រាម​នេះ​មិនមែន​គ្រាន់តែ​ជា​ការប្រឆាំង​នឹង​លោក​ប្រធានាធិបតី​អាសាដ​ប៉ុណ្ណោះ​ទេ​។​ចំណុច​ដែល​សំខាន់ ប្រទេស​មហា​អំពាច​បាន​ចូល​មក​ជ្រៀតជ្រែក​បញ្ហា​ក្នុង​តំបន់ មាន​អ៊ីរ៉ង់ រុស្ស៊ី អា​រ៉ាប៊ីសាអូឌីត និង​អាមេរិក​។​ប្រទេស​ទាំងអស់​នេះ​បាន​ផ្ដល់​ការគាំទ្រ​ផ្នែក​កងទ័ព ហិរញ្ញវត្ថុ និង​នយោបាយ ដោយ​ខ្លះ​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​និង​ខ្លះ​គាំទ្រ​ក្រុម​ប្រឆាំង​។​កត្ដា​ជ្រៀតជ្រែក​ពី​អន្ដរជាតិ បាន​រួម​ចំណែក​បន្ដ​ឲ្យមាន​ការប្រយុទ្ធ​កាន់តែខ្លាំង ប្រែក្លាយ​ស៊ី​រី​ទៅ​ជា​សមរភូមិ​ដ៏​ច្របូកច្របល់​។​

​មហាអំណាច​ខាងក្រៅ​ត្រូវ​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង​និកាយ ស៊ី​រី​ក្លាយ​ជា​រដ្ឋ​ដ៏​ចង្អៀតចង្អល់​ខាង​សាសនា ជំរុញ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុន​នី​ភាគច្រើន​នៅ​ស៊ី​រី ប្រឆាំង​នឹង​ក្រុម​និកាយ​ស៊ី​អ៊ី​ត​។​ការបែងចែក​នេះ​លើក​ទឹកចិត្ដ​ឲ្យមាន​ការប្រព្រឹត្ដ​អំពើ​ឃោ​ឃៅ មិន​ត្រឹមតែ​មាន​អ្នកស្លាប់​បាត់បង់​ជីវិត ប៉ុន្ដែ​បាន​ហែកហួរ​សហគមន៍​នី​មួយៗ​ចេញ​ពី​គ្នា ហើយ​ក្ដី​សង្ឃឹម​នៃ​ការរក​ដំណោះស្រាយ​ត្រូវ​បាត់បង់​។

​ក្រុម​ជី​ហាដ​បាន​កាន់កាប់​តំបន់​មួយចំនួន ដែល​ការកើនឡើង​ឥទ្ធិពល​របស់​ពួកគេ​ធ្វើឲ្យ​ស្ថានភាព​ត្រូវ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​។​ក្រុម​Hayat Tahrir al-Sham ជា​សម្ព័ន្ធមិត្ដ​បង្កើតឡើង​ដោយ​ក្រុមអាល់កៃ​ដា​គាំទ្រ​ក្រុម​al-Nusra Front បាន​គ្រប់គ្រង​មួយ​ផ្នែក​ធំ​នៅ​ភាគ​ពាយព្យ​ខេត្ដ​Idlib​។​ចន្លោះ​ពេល​នោះ ក្រុម​ប្រកាស​ខ្លួន​ជា​រដ្ឋ​អ៊ីស្លាម​ដែល​បាន​គ្រប់គ្រង​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ក៏​កំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម ក្រុម​ជីវពល​ឃឺ​ដ ហើយ​ប្រឈម​នឹង​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី និង​ការវាយប្រហារ​តាម​អាកាស​ពី​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​។​ក្រុម​ស៊ី​អ៊ី​ត​រាប់ពាន់​នាក់​មកពី​អ៊ីរ៉ង់ លី​បង់ អ៊ីរ៉ាក់ អា​ហ្វ​ហ្គានី​ស្ថាននិង​យេមែន​និយាយថា ពួកគេ​បាន​ចូលរួម​ជាមួយ​កងទ័ព​ស៊ី​រី​ប្រយុទ្ធ​ការពារ​តំបន់​សំខាន់ៗ​។​

​ហេតុអ្វី​បាន​ជា​សង្គ្រាម​ស៊ី​រី​ពាក់ព័ន្ធ​នឹង​ប្រទេស​មហាអំណាច​ជា​ច្រើន​?

​រុស្ស៊ី​ជា​ក្ដី​សង្ឃឹម​រស់​សម្រាប់​លោក​អា​សាដ ត្រូវ​រង​ការរិះគន់​ថា​បាន​រក្សា​ប្រយោជន៍​ក្នុង​ប្រទេស​ស៊ី​រី បាន​បើក​ការវាយប្រហារ​តាម​អាកាស​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៥ ក្នុង​បំណង​រក្សា​ស្ថិរភាព​រដ្ឋាភិបាល​ស៊ី​រី​ក្រោយ​ជួប​ភាពបរាជ័យ​។​ទីក្រុង​ម៉ូស្គូ​អះអាង​នឹង​វាយប្រហារ​ឲ្យចំ​គោលដៅ​ក្រុមភេ​រវករ ប៉ុន្ដែ​ក្រុម​សកម្មជន​បាន​និយាយថា ការវាយប្រហារ​របស់​រុស្ស៊ី​ភាគ​ច្រើន​ទៅលើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម​គាំទ្រ​ប្រទេស​លោកខាងលិច​។​

៦​ខែ​ក្រោយ​មក ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​បញ្ជា​ឲ្យ​ដក​កងកម្លាំង​ពិសេស​រុស្ស៊ី​ចេញពី​ស៊ី​រី បញ្ជាក់​ថា​បេសកកម្ម​នៅ​ស៊ី​រី​សម្រេច​តាម​ការ​ចង់បាន​ហើយ គឺ​បាន​បញ្ចប់​ដោយ​ជោគជ័យ​។​ប៉ុន្ដែ​យ៉ាងណាមិញ​ការវាយប្រហារ​តាម​ជើង​អាកាស និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី នៅតែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ជួយ​គាំទ្រ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ដណ្ដើម​យក​ទីក្រុង​អាឡេ​ប៉ូ​ពីក្រុម​ឧទ្ទាម​វិញ​។​

​ក្រុម​ស៊ី​អ៊ី​ត​មក​ពី​អ៊ីរ៉ង់​វិញ​ជឿជាក់ថា បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដើម្បី​គាំទ្រ​រដ្ឋាភិបាល ផ្ដល់​ទាំង​ការប្រឹក្សា​ផ្នែក​យោធា សព្វាវុធ និង​ការដឹកជញ្ជូន​ប្រេង​ផងដែរ​។​អ៊ីរ​ង់​បាន​ដាក់ពង្រាយ​ក្រុម​អ្នក​ប្រយុទ្ធ​រាប់រយ​នាក់​ក្នុង​ប្រទេស​ស៊ី​រី​។​លោក​អាសាដ​គឺជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​របស់​អ៊ីរ៉ង់ ហើយ​ស៊ី​រី​គឺជា​ចំណុច​ដឹកជញ្ជូន​ដ៏​សំខាន់​សម្រាប់​សព្វាវុធ​អ៊ីរ៉ង់ បញ្ចូនទៅ​ក្រុម​បដិវត្ដន៍​អ៊ីស្លាម​ស៊ី​អ៊ីត​ក្នុង​ប្រទេស​លីបង់ ដែល​ក្រុម​នេះ​បាន​បញ្ជូន​អ្នក​ប្រយុទ្ធ​រាប់ពាន់​នាក់​ទៅ​គាំទ្រ​កងទ័ព​រដ្ឋាភិបាល​។​

រូបភាពក្រុមឧទ្ទាម

​រីឯ​សហរដ្ឋអាមេរិក​បាន​និយាយថា ប្រធានាធិបតី​ស៊ី​រី​លោក​អាសាដ​ត្រូវតែ​ទទួលខុសត្រូវ​គ្រប់យ៉ាង ចំពោះ​អំពើ​ឃោ​ឃៅដែល​បាន​រីក​រាលដាល​។​អាមេរិក​មិន​បាន​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ទេ អាមេរិក​គាំទ្រ​តែ​ក្រុម​ឧទ្ទាម​ដែល​ទុកចិត្ដ​ប៉ុណ្ណោះ​។​មាន​ក្រុម​ឧទ្ទាម​ច្រើន​នៅ​ស៊ី​រី​តែ​អាមេរិក​បាន​សម្រេច​ជ្រើស​យក​ក្រុមឃឺ​ដនិង​ក្រុម​ដែល​អាច​ពឹ​ក​ពាក់បាន​មួយចំនួន​តូច បំពាក់អាវុធ​ដល់​ពួកគេ និង​ជួយ​បង្វឹក​បច្ចេកទេស​ប្រយុទ្ធ​បន្ថែម ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​អាមេរិក​ខ្លាច​ផ្ដល់​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម​ច្រើនពេក អាវុធ​ទាំង​អស់នោះ​ត្រូវ​ធ្លាក់​ក្នុង​ដៃ​ក្រុម​ជី​ហាដ​។​អាមេរិក​បាន​ចាប់ផ្ដើម​វាយប្រហារ​តាម​ជើង​អាកាស កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​តាំងពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​។​អាមេរិក​បាន​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី ឆ្លើយតប​នឹង​ការចោទប្រកាន់​ថា​ស៊ី​រី​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​ប្រជាជន កាលពី​ខែ​មេសា​ឆ្នាំ​២០១៧​។​

​ក្រុម​និកាយ​ស៊ុន​នី​គ្រប់គ្រង​នៅ​អា​រ៉ាប៊ីសាអូឌីត ដែល​កំពុងតែ​រក​មធ្យោបាយ​ប្រឆាំង​ឥទ្ធិពល​គូ​ជម្លោះ​អ៊ីរ៉ង់ បាន​ផ្ដល់​ការគាំទ្រ​ទាំង​ផ្នែក​យោធា​និង​ហិរញ្ញវត្ថុ​ដល់​ក្រុម​ឧទ្ទាម​។​តួ​ក​គី​វិញ​គឺជា​អ្នកគាំទ្រ​មួយ​ទៀត​ដល់​ក្រុម​ឧទ្ទាម​។​កាលពី​ខែ​សីហា​ឆ្នាំ​២០១៦​កងទ័ព​តួ​ក​គី​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រយុទ្ធ​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម ចេញពី​តំបន់​មួយ​លាតសន្ធឹង​តាម​បណ្ដោយ​ព្រំដែន​ស៊ី​រី​។​ចាប់តាំងពី​ពេលនោះ ពួកគេ​បាន​គ្រប់គ្រង​ដែនដី​ប្រមាណ​២​ពាន់​គីឡូម៉ែត្រ​ការ៉េ​។​

សង្គ្រាម​នៅ​ស៊ី​រី​មាន​ផលប៉ះពាល់​អ្វីខ្លះ​?

​តាម​ការបញ្ជាក់​ពី​អង្គការសហប្រជាជាតិ យ៉ាងតិចណាស់​មាន​មនុស្ស​២៥០,០០០​បាន​ស្លាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​។​ប៉ុន្ដែ​យ៉ាងណាមិញ​តួលេខ​នេះ​មិន​រាប់​បញ្ចូល​មនុស្ស​ស្លាប់​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៥​ទេ​។​ក្រុម​តាមដាន​សិទ្ធិមនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​ទៅ​អង់គ្លេស បានបញ្ជាក់​តួលេខ​អ្នក​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​ស៊ី​រី មាន​រហូតដល់​ជាង​៣២១,០០០​នាក់ ខណៈ​ក្រុម​ជំនាញ​ប៉ាន់ស្មាន​ថា​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​ជម្លោះ​នេះ​បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៤៧០,០០០​នាក់ ទាំង​ស្លាប់​ដោយផ្ទាល់​និង​ដោយ​ប្រយោល​។​មនុស្ស​៥​លាន​នាក់​ភាគច្រើន​ជា​ស្ដ្រី​និង​កុមារ​បាន​ចាកចេញ​ពី​ប្រទេស​ស៊ី​រី នេះ​បើ​តាម​ការបញ្ជាក់​ពី​អង្គការ​សហប្រជាជាតិ​។​ប្រជាជន​ស៊ី​រី​ស្ទើរតែ​៨៥​ភាគរយ​កំពុង​រស់នៅ​ក្នុង​ភាពក្រីក្រ និង​មាន​ជាង​១២.៨​លាន​នាក់​ត្រូវការ​ជំនួយ​ផ្នែក​សុខភាព ជាង​៧​លាន​នាក់​ជួប​បញ្ហា​ស្បៀងអាហារ​។​ផលប៉ះពាល់ មាន​លើស​ពី​អ្វី​ដែល​បាន​រៀបរាប់​នេះ​ទៅទៀត​។​

​តើ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​បញ្ជប់​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី​?

​ដើម្បី​បញ្ចប់​ជម្លោះ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​គោរព​តាម​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​ចុះ​ក្នុង​ឆ្នាំ​២០១២ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​។​ប៉ុន្ដែ​ដោយសារ​ការ​មិន​ទុកចិត្ដ​គ្នា បទ​ឈប់​បាញ់​ត្រូវ​ប្រេះស្រាំ​ទៅវិញ​។​នៅ​ឆ្នាំ​បន្ដបន្ទាប់​ទៀត​រហូត​ដល់​បច្ចុប្បន្ន អាមេរិក​និង​រុស្ស៊ី​ក៏បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នេះដែរ ប៉ុន្ដែ​នៅតែ​គ្មាន​ប្រសិទ្ធភាព​។​អាមេរិក​និង​រុស្ស៊ី​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​មាន​ក្រុម​ឧទ្ទាម​និង​ខាង​រដ្ឋាភិបាល​ស៊ី​រី ត្រូវ​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ស្វែងរក​ចំណុចរួម ដ្បិត​កន្លង​មក​បទ​ឈប់​បាញ់​អនុវត្ដ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​។​ប៉ុន្ដែ​ពិត​ជា​ពិបាក​ណាស់ មហាអំណាច​ក៏​ទទួលស្គាល់​ពី​ផល​លំបាក​ក្នុង​ការបញ្ចប់​សង្គ្រាម​នៅ​ស៊ី​រី​ដែរ​៕

ព័ត៌មានផ្សេងទៀត