កម្ពុជា​​កំពុង​​ដើរ​លើ​​«​វិថី​ប្រជាធិបតេយ្យ​»​​ដ៏​សែន​​គ្រោះថ្នាក់​​

ដោយ៖ គួន សំបូរ 21-06-2017 3:35 pm 1035
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ តវ៉ានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៣។

​ជាង​២០​ឆ្នាំ​មកហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ពាក្យ​ថា «​អ្នកប្រជាធិបតេយ្យ​» បាន​ក្លាយ​ជា​ពាក្យ​ដ៏​ពេញនិយម​យ៉ាងខ្លាំង​ក្នុង​ឆាកនយោបាយ​ខ្មែរ​។ ក្រៅពី​អួត​បក្សពួក​ខ្លួន​ថា «​អ្នកប្រជាធិបតេយ្យ​» គេ​ក៏​ឃើញ​ដែរ​ពាក្យ​ជេរប្រទេច ផ្តាសា​គ្នា រវាង​អ្នកនយោបាយ អ្នកគាំទ្រ​ដែល​មាន​និន្នាការ​ខុសគ្នា​។ ទង្វើ​ទាំងនេះ ត្រូវបាន​គេ​យល់ថា កម្ពុជា​កំពុង​ដើរ​លើ​សួន​ប្រជាធិបតេយ្យ ដ៏​សែន​គ្រោះថ្នាក់ និង​អាច​បង្ក​ជា​អនាធិបតេយ្យ​ទៅវិញ​។ សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

សំឡេង

​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ដែល​កម្ពុជា​បាន​ដើរ​លើ​មហាវិថី​នៃ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាម​គន្លង​ផ្លូវ​របស់​ប្រទេស​មហាអំណាច​លោកខាងលិច​។ ជាង​២០​ឆ្នាំ​មកនេះ គេ​អង្កេត​ឃើញថា កម្ពុជា​ហាក់ដូចជា​នៅតែ​មិន​ទាន់​រកឃើញ​ពី​ដំណើរ ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅឡើយ​។ នេះ​បើ​ពិនិត្យមើល​ចរន្ត​នយោបាយ​តាំងពី​ចាប់ផ្តើម រហូតដល់​ពេល​បច្ចុប្បន្ន គឺ​មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ចរន្តរ​នយោបាយ​ខ្មែរ ដែល​ពេល​ខ្លះ​កម្ពុជា​ស្ទើរតែ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​ថែមទៀត​ផង​។​

​នៅ​រយៈពេល​ចុងក្រោយ​នេះ គេ​ឃើញ​លេច​ចេញ​ចលនា​នយោបាយ​ថ្មីៗ​ជា​ច្រើន​កើតឡើង ក្រោម​រូបភាព​ជា​គណបក្ស​នយោបាយ​។ ដើម្បី​ទទួលបាន​ការគាំទ្រ មេគណបក្ស​នីមួយៗ​បាន​បណ្តុះ​មនោគមវិជ្ជា​នយោបាយ​រៀងៗ​ខ្លួន​។ មនោគមវិជ្ជា​នយោបាយ​ខ្លះ កំពុង​បង្ក​ជា​ក្តីបារម្ភ​ដល់​វិថី​ប្រជាធិបតេយ្យ​ខ្មែរ ដែល​អាច​បង្កើត​ជា​វប្ប​ធម៌​ហិង្សា     ការបែកបាក់​ជាតិ និង​បង្ក​ជា​អសន្តិសុខ​ដល់​ប្រទេស​ជាតិ​ជា​ដើម​។​

​ជា​ការពិត ជាង​ម្ភៃ​ឆ្នាំ​បាន​កន្លងផុតទៅ គេ​កត់សម្គាល់ឃើញ​ថា​ប្រជាជន​កម្ពុជា​គ្រាប់​ស្រទាប់​វណ្ណៈ​ហាក់ដូចជា​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ «​រឿង​នយោបាយ​» មិន​ថា​តែ​នៅក្នុង​ទីប្រជុំជន​ទេ សូម្បីតែ​នៅ​តាម​ជនបទ ឬ​តំបន់​ដាច់ស្រយាល​ក៏​ចាប់​អារម្មណ៍​រឿង​នេះ​ដែរ​។ គេ​ឃើញ​មាននៅ​តាម​ទៀ​មការ​ហ្វេ ហាង ឬ​កន្លែង​លក់ដូរ​តូចៗ​ដែល​អាច​ជួបជុំគ្នា​បាន ប្រធានបទ​រឿង​នយោបាយ​ត្រូវ​បាន​គេ​លើកយក​មក​ជជែក​គ្នា​ជា​ហូរហែ ហើយ​រហូត​តឹង​សសៃក​ដាក់​គ្នាក៏​មាន ដោយសារតែ​មាន​និន្នាការ​ខុសគ្នា​។​

​ការចាប់អារម្មណ៍​នេះ​ជា​រឿង​មួយ តែ​រឿង​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ចលនា​យុវជន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​មាន​កាន់តែច្រើន​។ ចំណុច​នេះ​ជា​រឿង​សាទរ​មួយ​សម្រាប់ សួន​ប្រជាធិបតេយ្យ​កម្ពុជា ព្រោះ​ថា​យុវជន​ជា​អ្នក​បន្ត «​វេន​» ពី​មនុស្ស​ចាស់ ក្នុង​កិច្ចការ​នយោបាយ នៃ​ការដឹកនាំ​ប្រទេស​។ យុវជន​មាន​ឱកាស​អភិវឌ្ឍ​ខ្លួន ជា​អ្នកដឹកនាំ​ដែល​អាច​ជំរុញ​សង្វាក់​អភិវឌ្ឍ ឲ្យមាន​សន្ទុះ​លឿន ប្រកបដោយ​ស្ថិរភាព និង​និរន្តរភាព​។

​បើ​យោង​តាម​ស្ថិតិ​របស់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​យុវជន​ចុះផ្សាយ​នៅ​ឆ្នាំ​២០១៧​នេះ បាន​អះអាង​ថា បច្ចុប្បន្ន​យុវជន​នៅ​កម្ពុជា​មាន​ចំនួន​៧៨% ក្នុងចំណោម​ប្រជាជន​សរុប​នៅ​ទូទាំង​ប្រទេស និង​មាន​យុវជន​ប្រមាណ​ជិត​៣​លាន​នាក់​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៦(​អាយុ​ពី​១៨-៣០​ឆ្នាំ​) ដោយ​ក្នុង​នោះ​កំណើន​យុវជន​នឹង​កើនឡើង​៣០​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​។​

​ប៉ុន្តែ​បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ងាក​មក​ចាប់​អារម្មណ៍​ពី​រឿង​នយោបា​យក្តី តែ​ការចាប់រ​ម្មណ៍​នេះ បាន​ក្លាយ​ជា​ក្តីបារម្ភ​ពី​វាសនា​នៃ​ជីវិត​ប្រជាធិបតេយ្យ​កម្ពុជា​ទៅ​វិញ​។ មូលហេតុ ដោយសារ​តែ​អ្នក​ចូលចិត្ត​រឿង​នយោបាយ​ភាគច្រើន ហាក់​មិន​សូវ​យល់​ច្បាស់​ពី​របៀប​ធ្វើ​នយោបាយ និង​គោលការណ៍​នៃ​ការប្រកួត​ឡើយ​។

​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​ជា​ម្ចាស់​ឆ្នោត​មួយ​ចំនួន ដូចជា​កំពុងតែ​ស្ថិតក្នុង​សភាព​វិល​វុល​យ៉ាងខ្លាំង​ក្នុង​រឿង​នយោបាយ ហើយ​ខ្លះ​ទៀត​ប្រកាន់​មនោគមវិជ្ជា​នយោបាយ​បក្ស​ជ្រុលនិយម ពោល​ឲ្យតែ​មាន​អ្នកណាម្នាក់​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​បក្ស​ខ្លួន លាប​ពណ៌​ភ្លាម​ថា ជា​មនុស្ស​ប្រឆាំង​បក្ស ឬក៏​លាប​ពណ៌​ថា​ជា​ខ្មាំង ជា​អាយ៉ង​បរទេស និង​ប្រើ​ពាក្យ​ដៀលត្មិះ គំរោះគំរើយ​ដោយ​អសីលធម៌​​ជាទីបំផុត​។ ពាក្យ​អសីលធម៌​ទាំងនោះ ត្រូវបាន​គេ​មើលឃើញ​រាល់ថ្ងៃ​នៅលើ​បណ្តាញសារព័ត៌មាន ជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ រីឯ​អ្នក​ដែល​ចង់បាន​សុខ ចង់​មាន​មុខតំណែង និង​លាភសក្ការៈ​ត្រូវ​តែ​ពោល​ពាក្យ​សរសើរ  ទោះ​ជា​ការ​សរសើរ​នោះ​មិន​ស្មោះត្រង់​ចេញពី​ចិត្ត​ក្តី​។

​បញ្ហា​ខាងលើ​នេះ​អាច​បង្កឡើង​ដោយ​ឬ​សគល់​មួយចំនួន​។ ឬ​សគល់​ទី​១ អ្នក​ចូលចិត្ត​នយោបាយ​មួយ​ចំនួន​ធំ​នៅ​មិន​យល់ច្បាស់​ពី​មូលដ្ឋាន​នៃ​វិទ្យាសាស្ត្រ​នយោបាយ ដែល​ជា​ច្បាប់​នៃ​ការប្រកួត​។ ឬ​សគល់​ទី​២ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ខ្វះ​ការសិក្សា​ស្រាវជ្រាវ ខ្វះ​ការអាន ការវិភាគ និង​ការក្តោបក្តាប់​យក​ព័ត៌មាន គ្រប់​ជ្រុងជ្រោយ​។ ដូច្នេះហើយ​បានជា​អ្នកនយោបាយ​ស្រួល​ក្នុង​ការបោកប្រាស់​។ ឬ​សគល់​ទី​៣ មនោគមវិជ្ជា​របស់​គ​ណ​បក្សនយោបាយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ងប់ងុល​ជ្រុល​ពេក ខ្វះ​នូវ​ការពិចារណា រហូត​ជេរប្រមាថ និង​លាប​ពណ៌​គ្នា​។​

​គួរបញ្ជាក់​ថា ដោយសារ​តែ​សម្តី​រិះគន់​ជេរប្រមាថ ប្រទេស​ច​ផ្តាសា​គ្នា និង​លាប​ពណ៏គ្នា​នេះហើយ បាន​ជា​ប្រទេស​កម្ពុជា ធ្លាក់​ទៅក្នុង​សង្គ្រាម​ស៊ីវិល​ជាង​៣ ទសវត្សរ៍ បណ្តាល​ឲ្យ​ជីវិត​ប្រជាព​ល​រដ្ឋ​ខ្មែរ​ត្រូវបាន​ស្លាប់​ក្នុង​ថ្លុកឈាម​ជិត ២​លាន់​នាក់ ហើយ​រហូត​មកដល់​ពេល​បច្ចុប្បន្ននេះ មិនទាន់​ដឹង​ថា ជន​ណា​ជា​អ្នកទទួលខុសត្រូវ​ទេ​។  

​សរុប​មក​វិញ ទោះបីជា​ប្រជាធិបតេយ្យ​រីកលូតលាស់​គួរ​ឲ្យ​កត់សម្គាល់ក៏ដោ​យ នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​តម្រូវ​ឲ្យ​កម្ពុជា​ពង្រឹង​គ្រឹះ​ប្រជាធិបតេយ្យ​ឲ្យបាន​រឹងមាំ​ថែម​ទៀត​។ ដំបូង​ត្រូវ​ផ្តើមចេញ​ពី​អ្នកនយោបាយ​ខ្មែរ​ជាន់ខ្ពស់ ពោល​គឺ​ត្រូវ​បង្ហាញ​ជា​គំរូ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដល់​មហាជន​ខ្មែរ និង​រៀន​បើក​ចិត្ត​ទូលាយ ដើម្បី​ទទួលយក​នូវ​ការរិះគន់​ជា​ពហុ​គំនិត​។ រីឯ​អ្នក​រិះគន់​គេ ត្រូវ​រិះគន់​ក្នុងន័យ​ស្ថាបនា រិះគន់​កែលម្អ​កំហុសឆ្គង​ប្រកបដោយ​ការទទួលខុសត្រូវ និង​ត្រូវ​លុបបំបាត់ វប្បធម៌​លាប​ពណ៌​គ្នា​ក្នុង​ឆាកនយោបាយ​។ បើ​នៅ​តែ​បន្ត​ដូច​សព្វថ្ងៃនេះ ពុំ​ដូច្នោះ​ទេ​ពាក្យ «​ប្រជាធិបតេយ្យ​» ដែល​គេ​នាំ​គ្នា​ប្រើ​សព្វថ្ងៃ នឹង​ក្លាយជា​ពាក្យ «​អនាធិបតេយ្យ​» ជាក់​ជា​ពុំខាន​៕

(ដោយ គួន សំបូរ)


ព័ត៌មានផ្សេងទៀត