មហាអំណាច​​អាមេរិក​-​រុស្ស៊ី​​​ត្រូវ​​ធ្លាក់ក្នុងជម្លោះ​ធ្ងន់ធ្ងរ​​ជា​ថ្មី​​​នៅ​ស៊ី​រី​?

ដោយ៖ ពេញ ផេង 20-06-2017 5:24 pm 4622
ប្រធានាធិបតីរុស្ស៊ី(រូបតូចឆ្វេង)ប្រធានាធិបតីអាមេរិកនិងរូបភាពនៃយន្ដហោះស៊ីរីក្រោយធ្លាក់(រូបធំ)

​កាលពី​ថ្ងៃ​ទី​១៨​មិថុនា​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ស៊ី​រី​មួយគ្រឿង ក្រោម​ហេតុផល​ការពារ​ខ្លួន​។​តែ​ស៊ី​រី​ចេញមុខ​ថ្កោលទោស និង​ចោទ​អាមេរិក​បំពាន​ទាំង​កំរោល​។​ចំណែក​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ដ​ស៊ីរីក៏​ប្រតិកម្ម​និង​បញ្ជាក់​ថា រាល់​សកម្មភាព​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ធ្វើ​ប្រតិ​បត្ដិការនៅ​ស៊ីរី ជា​គោលដៅ​តាមដាន​សំខាន់​បំផុត​របស់​រុស្ស៊ី ព្រមទាំង​ប្រកាស​ផ្អាក​ការធ្វើទំនាក់ទំនង​ពិសេស​ជាមួយ​អាមេរិក​ផង​។​តើ​ព្រោះតែ​រឿងនេះ អាមេរិក​និង​រុស្ស៊ី​ត្រូវ​កំញើញ​ដាក់គ្នា​ឬ​យ៉ាងណា​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូច​តទៅ​៖

​សំឡេង​៖

​អាមេរិក​និង​រុស្ស៊ី​កំពុង​លូក​ដៃ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី គោលបំណង​គឺ​ជួយ​បញ្ចប់វិបត្ដិ​រ៉ាំរ៉ៃ និង​បណ្ដេញ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​ប៉ុន្ដែ​ប្រតិ​បត្ដិកា​ររបស់​មហាអំណា​ចទាំង​ពីរ ធ្វើឡើង​ដាច់​ដោយឡែក​ពីគ្នា​។​អាមេរិក​មិន​បាន​ចាប់​ដៃ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ក្រោម​ការដឹកនាំ​របស់​លោក​បា​សា អាល់​អាសាដ​ទេ​។​អាមេរិក​មាន​ការចូល​រួម​ពី​សម្ព័ន្ធ​អន្ដរជាតិ​ច្រើន​ប្រទេស និង​ទៅ​គាំទ្រ​ក្រុម​អ្នក​ប្រយុទ្ធ​ផ្ដាច់ខ្លួន​ឃឺ​ដ បំពាក់អាវុធ​បង្វឹក​ក្រុម​នេះ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​ដណ្ដើមយក​ទឹកដី​មក​វិញ​។​

​អាមេរិក​មិន​ពេញចិត្ដ​ការដឹកនាំ​របស់​ប្រធានាធិបតី​អាសាដ ព្រមទាំង​ធ្លាប់​និយាយថា បើ​លោក​អាសាដ​នៅ​ដឹកនាំ​ស៊ី​រី នោះ​សង្គ្រាមស៊ីវិល​នៅតែមាន​។​អាមេរិក​ទាមទារ​ចង់ឲ្យ​ប្រធានាធិបតី​រូប​នេះ​ចុះចេញ​ពី​តំណែង ឲ្យ​ប្រជាជន​ស៊ី​រី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​គេ​ពេញចិត្ដ​។​ស៊ី​រី​ប្រតិកម្ម​ឆ្លើយតប​ចោទ​អាមេរិក​លូក​ដៃ​កិច្ចការ​ផ្ទៃក្នុង កិច្ចការ​នយោបាយ​។​រដ្ឋាភិបាល​ស៊ី​រី​ក៏​មិន​ព្រម​ធ្វើ​តាម​ការចង់បានរ​បស់​អាមេរិក​ដែរ​។​

​រីឯ​រុស្ស៊ី​បានចាប់ផ្ដើម​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​តាំងពី​ឆ្នាំ​២០១៥ នៅពេល​ក្រុម​រដ្ឋ​អ៊ីស្លាម​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​។​រុស្ស៊ី​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី គោលបំណង​ដូចគ្នា​អាមេរិក​គឺ​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ស្វែងរក​សន្ដិភាព​ជូន​ប្រជាជន​។​អាមេរិក​-​រុស្ស៊ី​ធ្វើ​ប្រតិ​បត្ដិការក​ម្ទេច​សត្រូវ​រួម​ប៉ុន្ដែ​ក្នុង​បេសកកម្ម​ផ្សេងគ្នា​។​ហេតុនេះ​ដើម្បី​បង្ការ​ការប៉ះទង្គិច​ដោយ​ចៃដន្យ​ពេល​បំពេញបេសកកម្ម ភាគី​ទាំងពីរ​បាន​ឯកភាព​បង្កើត​ការទំនាក់ទំនង​ពិសេស​ក្នុង​ឆ្នាំ​២០១៥​។​រាល់​ការវាយប្រហារ​នៅ​ទីតាំង​ណាមួយ ទាំង​អាមេរិក​និង​រុស្ស៊ី​ត្រូវ​ផ្ដល់​ដំណឹង​ទៅវិញទៅមក​។​

​ទោះជា​យ៉ាងនេះ​ក្ដី រុស្ស៊ី​ចាប់ផ្ដើម​ថ្នាំងថ្នាក់​នឹង​អាមេរិក ព្រោះ​តែ​កងកម្លាំង​អាមេរិក​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ស៊ី​រី​មួយគ្រឿង​កាលពី​ថ្ងៃ​ទី​១៨​មិថុនា​។​មិន​អត់​ទេ​កន្លង​មក​ធ្លាប់​មាន​រឿង​រកាំរកូស ជាក់ស្ដែង​រុស្ស៊ី​បាន​ផ្អាក​ផែនការ​នេះ​ម្ដង ក្រោយ​អាមេរិក​បាញ់​មី​ស៊ី​ល​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​កាលពី​ខែ​មេសា​។​ការបាញ់​ទម្លាក់​យន្ដហោះ​ស៊ី​រី រុស្ស៊ី​ចាប់ផ្ដើម​ខឹង​អាមេរិក​កាន់តែខ្លាំង ហើយ​និយាយ​កាលពី​ថ្ងៃ​ទី​១៩​មិថុនា​ថា ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ធ្វើ​សកម្មភាព​នៅ​ស៊ី​រី ជា​គោលដៅ​តាមដាន​សំខាន់​បំផុត​របស់​រុស្ស៊ី​។​រុស្ស៊ី​នឹង​ផ្អាក​ការទាក់ទង​ពិសេស​បង្កើត​រួមជាមួយ​អាមេរិក​ជា​លើក​ទី​ពីរ​។​

​ជុំវិញ​ហេតុការណ៍​នេះ​អាមេរិក​បកស្រាយ​គ្រាន់​ជា​ការការពារ​ខ្លួន ការពារ​សម្ព័ន្ធមិត្ដ ព្រោះ​យន្ដហោះ​ស៊ី​រី​ទម្លាក់​គ្រាប់​ក្បែរ​មូលដ្ឋានទ័ព​ក្រុមឃឺ​ដ​។​អាមេរិក​មិន​ចង់​បង្កជម្លោះ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ទើប​ជា​គោលដៅ​ពិតប្រាកដ​។​អាមេរិក​ចេញមុខ​អះអាង​នឹង​ចាប់ផ្ដើម​ការផ្ដល់​ព័ត៌មាន​ពិសេស​ជាមួយ​រុស្ស៊ី​ឡើងវិញ​។​

​មិនមែន​ជា​រឿង​ងាយ​ឡើយ ដែល​បំពាន​ហើយ​បែរ​មក​និយាយ​លួងលោម​។​សម្រាប់​ស៊ី​រី​ហៅ​ទង្វើ​អាមេរិក​ជា​ការបំពាន​យ៉ាង​ពិតប្រាកដ​។​ស៊ី​រី​កំពុង​ធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​ប៉ុណ្ណោះ​តែ​ត្រូវ​អាមេរិក​បំពាន ស៊ី​រីនឹង​ចាត់វិធានការ​សងសឹក​អាមេរិក​។​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ដក៏​គាំទ្រ​ស៊ីរី​ដែរ ព្រមទាំង​ចោទ​អាមេរិក​មិន​គោរព​ច្បាប់​អន្ដរជាតិ​។​អនុរដ្ឋមន្ដ្រី​រុស្ស៊ី​លោក​Sergei Ryabkov​លើកឡើងថា “​គេ​បំពាន​ដល់​ច្បាប់​អន្ដរជាតិ​ប៉ុណ្ណឹង​ហើយ តើ​មិនមែន​ជា​ការឈ្លានពាន​ទេ​ឬ​?”

​ការចោទប្រកាន់​បាន​កើតឡើង​ជា​ថ្មី​រវាង​អាមេរិក​-​ជាមួយ​រុស្ស៊ី​ជុំវិញ​វិបត្ដិ​ស៊ី​រី ប៉ុន្ដែ​អ្នកវិភាគ​មើលឃើញ​ថា​ទាំង​អាមេរិក​និង​រុស្ស៊ី ពិតជា​មិន​ចង់​បង្កជម្លោះ​ធ្ងន់ធ្ងរ​ទេ វា​គ្រាន់​ជា​ការប៉ះទង្គិច​គ្នា​តិចតួច​ប៉ុណ្ណោះ​។​និយាយ​ពី​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី​និង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ធ្លាប់មាន​ភាព​តានតឹង​កើត​ឡើង​ខ្លាំង​នៅ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​មិនមែន​លើក​ទី​មួយ​ទេ​។​ការ​ដែល​ប្រឈមមុខ​ដាក់គ្នា ពិតជា​គ្មាន​ផល​ចំណេញ​ឡើយ រឹតតែ​មិន​អាច​យកឈ្នះ​លើ​ក្រុម​សកម្មប្រយុទ្ធ​បាន​។​អាមេរិក​-​រុស្ស៊ី​នឹង​មិន​មាន​បញ្ហា​ធំដុំ​ជាមួយគ្នា​ទេ​។​ប៉ុន្ដែ​អង្គការសហប្រជាជាតិ​ពិតជា​ព្រួយបារម្ភ ស្រប​ពេល​អ៊ីរ៉ង់​បច្ចុប្បន្ន​បាន​គាំទ្រ​ដល់​របប​លោក​អាសាដ​ដែរ​ក្រៅពី​ស៊ី​រី​។​អង្គការសហប្រជាជាតិ​ខ្លាច​មាន​ហានិភ័យ​កាន់តែ​ខ្ពស់ បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​បន្ថែម​ទៀត​ខណៈ​រឿង​ចាស់​មិន​ទាន់​ដោះស្រាយ​បាន​។​

​ស្វែង​យល់​បន្ថែម​ពី​ដើមចម​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី​

​សង្គ្រាម​នៅ​ស៊ី​រី​បាន​ចាប់ផ្ដើម​ក្នុង​ខែ​មីនា​ឆ្នាំ​២០១១ ហើយ​ក្លាយ​ជា​សង្គ្រាម​បង្ហូរឈាម​សម្លាប់​មនុស្ស​ជាង​៣២​ម៉ឺន​នាក់ របួស​រាប់​ម៉ឺន​នាក់ ជម្លៀស​ខ្លួន​រាប់លាន​នាក់​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​នៅ​ឆ្នាំ​២០១១​រលក​នៃ​ការតវ៉ា​កើតមាន​កាន់តែ​ខ្លាំង រហូត​ទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពី​តំណែង​ព្រោះតែ​មិន​ពេញចិត្ដ​នឹង​ការដឹកនាំ​។​ក្រុម​តវ៉ា​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ហិង្សា ទីបំផុត​សង្គ្រាម​ប្រដាប់​អាវុធ​ក៏​ផ្ទុះឡើង​។​សង្គ្រាម​នេះ​មាន​ពាក់ព័ន្ធ​ច្រើន​ក្រុម មាន​សម្ព័ន្ធ​ក្រុម​ឧទ្ទាម​អារ៉ាប់​ស៊ុន​នី ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ឬ​ក្រុមឃឺ​ដ ក្រុម​ជី​ហាដ​សាឡា​ហ្វី ក្នុងនោះ​រាប់​បញ្ចូល​ក្រុម​អាល់​នូ​ស្រា​ហ្វ្រ​ន់ និង​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​កំពុង​ល្បីល្បាញ​នាពេល​បច្ចុប្បន្ន បាន​ប្រយុទ្ធ​នឹង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​។​ក្រុម​រដ្ឋ​អ៊ីស្លាម​កៀរគរ​បាន​សមាជិក​កាន់តែ​ច្រើន​ប្រយុទ្ធ​ដណ្ដើម​ទឹកដី​មួយ​ភាគ​ធំ​ក្នុង​ប្រទេស​ស៊ី​រី ធ្វើឲ្យ​ក្រុម​ឧទ្ទា​មមួយចំនួន​ផ្អាក​ប្រយុទ្ធ​នឹង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ងាក​ទៅ​ប្រយុទ្ធ​តតាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​វិញ​។​ជាក់ស្ដែង​មាន​ក្រុមឃឺ​ដ​ជាដើម កំពុង​សហការ​ជាមួយ​អាមេរិក​និង​ក្រុមចម្រុះ​អន្ដរជាតិ​។​

​ជម្លោះ​ជាប់គាំង​ក្នុង​ភាពស្មុគស្មាញ មិនទាន់​មើលឃើញ​ច្រកចេញ​។​ទោះបី​មាន​វត្ដ​មាន​អាមេរិក​និង​រុស្ស៊ី​ជួយ​ប្រយុទ្ធ​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម ឃើញ​ថា​គ្រាន់តែ​ថម​ថយឥទ្ធិពល​មិន​អាច​កម្ចាត់​ក្រុម​នេះ​អស់​។​ទីតាំង​មួយចំនួន​ត្រូវ​ដណ្ដើម​យក​មក​វិញ ប៉ុន្ដែ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​បន្ដ​ធ្វើ​សកម្មភាព​វាយបក​ជា​ញឹកញាប់ មិន​ព្រម​ទម្លាក់អាវុធ​ចុះចាញ់​ដាច់ខាត​៕


ព័ត៌មានផ្សេងទៀត