ផ្នូរ​សព​លោក​កែម​ឡី​ត្រូវបាន​គេ​ជីក​កកាយ​?

ដោយ៖ គង់ ឧត្តម 19-06-2017 4:51 pm 36249
គំនរពំនូកដីជុំវិញផ្នូរសពលោក កែម ឡី ដែលត្រូវបានគេចោទថាជីកកកាយ ។ រូបថតពីហ្វេសប៊ុក Somaly Keo ។

​នៅសល់​ប្រមាណ​កន្លះ​ខែ​ទៀត​ប៉ុណ្ណោះ បុណ្យ​រំឭក​ខួប​នៃ​ការស្លាប់​មួយ​ឆ្នាំ​របស់​អ្នកវិភាគ​បញ្ហា​សង្គម​មិន​សំចៃ​មាត់ លោក កែម ឡី នឹង​ធ្វើឡើង​នៅ​ខេត្តតាកែវ ។ ស្របគ្នា​នេះ បែរ​ជា​លេចឮ​ព័ត៌មាន​ថា មាន​គេ​ទៅ​ជីក​កកាយ​ដី​ជុំវិញ​ផ្នូរ​សព​របស់លោក កែម ឡី ដោយ​បាន​ចោទ​ថា ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ជា​អ្នកបញ្ជា​ឱ្យមាន​សកម្មភាព​ជីកដី​ជុំវិញ​ផ្នូរ​នោះ ពី​សំណាក់​ហ្វេ​សប៊ុក​របស់លោក កែវ សុ​ម៉ាលី (Somaly Keo) ។ វិទ្យុ​វាយោ​បាន​ព្យាយាម​ទាក់​លោក​កែវ សុ​ម៉ាលី ដើម្បី​បំភ្លឺ​ព័ត៌មាន​នេះ​តាម​ហ្វេ​សប៊ុក​ដែរ ប៉ុន្តែ​មិន​មាន​ការឆ្លើយតប​នោះទេ ។​

​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដែល​ត្រូវបាន​គេ​ចោទប្រកាន់​នោះ​បាន​ប្រាប់ថា នេះ​ជា​ការភ័ន្តច្រឡំ​ព័ត៌មាន​តែប៉ុណ្ណោះ​…..
​សំឡេង​ព្រះអង្គ ប៊ុត ប៊ុនតិញ ៖

​ចំណែក​លោក សៅ កុសល សមាជិក​គណៈកម្មការ​សាងសង់​ចេតិយ និង​បុណ្យខួប​សព​លោក កែម ឡី បាន​បដិសេដ​ព័ត៌មាន​ជីក​ក​កាយ​ដី​ជុំវិញ​ផ្នូរ​នេះ​ទាំងស្រុង …. 
​សំឡេង​លោក សៅ កុសល ៖

​សមាជិក​គណៈកម្មការ​សាងសង់​ចេតិយ​សព​លោក កែម ឡី រូប​នេះ​ប្រាប់​ថា ពេលនេះ គឺ​ក្រុមការងារ​កំពុង​ជីកដី​ចាក់គ្រឹះ ដែល​វា​ត្រូវការ​ទាំង​ថវិកា និង​ពេលវេលា​ច្រើន ។ យ៉ាងណាម៉ិញ  គម្រោង​សាងសង់​ចេតិយ​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​យ៉ាង​យូរ​២​ឆ្នាំ និង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​១៧​ម៉ឺន​ដុល្លារ ។ សព្វថ្ងៃ គម្រោង​នេះ​ទទួលបាន​ប្រាក់​ចំនួន​៦​ពាន់​ដុល្លារ សម្រាប់​ចាក់​គ្រឹះ​ចេតិយ​នេះឯង ។​

​លោក​សៅ កុសល បញ្ជាក់បន្ថែម​ថា គម្រោង​ជីកដី​ធ្វើ​គ្រឹះ​ចេតិយ​នេះ​នឹង​បញ្ចប់​ឱ្យបាន​មុន​ថ្ងៃបុណ្យ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​សព​លោក កែម ឡី ហើយ​ស្របគ្នា​នេះ ក៏​ជា​ឱកាស​ប្រកាស​សម្ពោធ​ការដ្ឋាន​សាងសង់​ចេតិយ​ជា​ផ្លូវការ​ក្នុង​ពេល​ជាមួយគ្នា​តែម្តង ៕​

ព័ត៌មានផ្សេងទៀត