ក្រសួង​ការងារ​កំណត់​យក​ខែកក្កដា​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​

ដោយ៖ ថា ចាន់ធី 19-06-2017 3:08 pm 321

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីប្រកាស ស្តី​ពី​កាលបរិច្ឆេទ​ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨​។​

​នៅក្នុង​សេចក្តីប្រកាស​ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា បានឲ្យដឹងថា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំណត់​យក​ខែកក្កដា ឆ្នាំ​២០១៧ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នី​មួយៗ​។​កំណត់​យក​ខែសីហា ឆ្នាំ​២០១៧ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ទ្វេភាគី ។​កំណត់​ខែកញ្ញា​ឆ្នាំ​២០១៧ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ត្រីភាគី ។​កំណត់​ខែតុលា ឆ្នាំ​២០១៧ ជា​ការបើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ​និង​ផលិត​ស្បែក ជើង សម្រាប់​ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា​។​

​មូលដ្ឋាន​ក្នុង​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា គឺ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ប្រើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម​ដោយ​គិត​ទៅ​លើ​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការរស់នៅ​។​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច  គិត​ទៅលើ​ផលិតភាព ការប្រកួតប្រជែង ស្ថានភាព​ទីផ្សារ​ការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​។​

​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នេះដែរ គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​បង្កើតឲ្យមាន​ក្រុម​ការងារ​បច្ចេកទេ​ស​ត្រីភាគី ដែល​មាន​សមាជិក​ស្មើៗ​គ្នា មក​ពី​ភាគី​កម្មករ​និយោជិត និយោជក និង​ភាគី​រដ្ឋាភិបាល ដោយ​ត្រូវ​ពិភាក្សា​ឲ្យមាន​ការឯកភាព​ផ្ទៃក្នុង​ជា​មុន ព្រមទាំង​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​តំណាង​របស់​ខ្លួន​ដែល​មក​ចូលរួម​ប្រជុំ​ផង​ដែរ​។​

សូមបញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៧ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ក​រ មាន​ចំនួន​១៥៣​ដុល្លារ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តួលេខ ១៤៨​ដុល្លារ​អាមេរិក ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រច​បន្ថែម ៥​ដុល្លារ​ទៀត ដែល​ធ្វើឲ្យ​ប្រាក់​ឈ្នួល​កើនឡើង​ដល់ ១៥៣​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត