នគរបាល​ជាតិ​ ថា​​កម្ពុជា​​នៅ​​ខ្វះ​​សម្ភារ​​ស៊ើប​អង្កេត​ និង​​បង្ក្រាប​​បទ​ល្មើស​​បច្ចេក​វិទ្យា​​

ដោយ៖ សេង បារាំង 19-06-2017 2:49 pm 2169

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្ដីពី​ការ​ស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ លោក​ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ ថា​ការអភិវឌ្ឍន៍​របស់​ពិភពលោក មាន​ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ហើយក៏​មាន​ការកើតឡើង​នូវ​បទល្មើស​បច្ចេកវិទ្យា​ថ្មីៗ នា​ពេល​កន្លង​មក​ផង​ដែរ​។ នេះ​បើ​តាម​ចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ បានបញ្ជាក់​ថា បទល្មើស​បច្ចេកវិទ្យា មាន​ទាំង​ការគំរាមកំហែង ការ​បោក​បញ្ឆោត ដែល​បញ្ហា​ទាំងនេះ ត្រូវ​មាន​ការស៊ើបអង្កេត ការស្រាវជ្រាវ និង​ការបង្ក្រាប ដោយ​ឈរ​លើ​មូលដ្ឋាន​បច្ចេកវិទ្យា​។ ដូច្នេះ​បទល្មើស​បច្ចេកវិទ្យា​មួយ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​នៅមានកម្រិត ដោយសារតែ ខ្វះខាត​ឧបករណ៍​សម្ភារ​ក្នុង​ការស្រាវជ្រាវ​។ 

​គួរ​បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលា ស្ដីពី​ការ​ស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា មាន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៣ ខែមិថុនា ឆ្នាំ​២០១៧ ហើយ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រីនគរបាល​កម្ពុជា ក្នុង​ការស៊ើបអង្កេត​ប​ទ​ល្មើស​បច្ចេកវិទ្យា​៕

ព័ត៌មានផ្សេងទៀត