ក្រសួង​មហាផ្ទៃ​ប្រាប់​ឲ្យ​​សមាជិក​​ក្រុមប្រឹក្សា​ឃុំ​​-​​សង្កាត់​​ទៅ​ប្រកាស​​ទ្រព្យសម្បត្តិ​​និង​បំណុល​

ដោយ៖ អ៊ុន សុខឡា 19-06-2017 2:46 pm 403

​លោក​សក់ សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ជន​បង្គោល ប្រឆាំង​អំពើពុករលួយ​ផ្នែក​រដ្ឋបាល​ស៊ីវិល បាន​ចេញ​សេចក្តីជូនដំណឹង ដល់​អភិបាល​រាជធានី​-​ខេត្ត ប្រាប់​ទៅ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​ខ្លួន ស្រប​តាម​គោលការណ៍ និង​ពេលវេលា​កំណត់​។ សេចក្តីជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា ច្បាប់ ស្តីពី ការប្រឆាំង​អំពើ​ពុករលួយ និង​លិខិត​បទដ្ឋាន​គិត​យុត្ត ពាក់ព័ន្ធ​នឹង​ការប្រឆាំង​អំពើ​ពុករលួយ បាន​តម្រូវ​ឲ្យ​សមាជិក ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដែល​ជា​មន្ត្រី​សាធារណៈ មាន​អាណត្តិ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត ត្រូវ​ធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​ខ្លួន តាម​គោលការណ៍​និង​ពេលវេលា​កំណត់​។​

​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​នេះ ធ្វើឡើង​ក្នុង​គោលបំណង ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ មាន​មូលដ្ឋាន និង​មាន​ភាពងាយស្រួល​ក្នុង​ការអនុវត្ត​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​ខ្លួន បាន​ត្រឹមត្រូវ​និង​ទាន់​ពេលវេលា ស្រប​ពេល​តាម​ការកំណត់​ក្នុង​មាត្រា​១៧ និង​១៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​៕

ព័ត៌មានផ្សេងទៀត