នគរបាលជាតិ​៖​តើ​K01​មាន​តួនាទី​អ្វី​ឲ្យ​ពិតប្រាកដ​?

ដោយ៖ សៅ វិសាល 19-06-2017 2:40 pm 297

​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ប្រាកដ​ជា​បានឃើញ​នូវ​ការ​ឡាយ​វីដេអូ នៃ​ការសម្រួល​ចរាច​រណ៍ នៅតាម​ដងផ្លូវ​មួយចំនួន ចំពោះ​ប្រជាពលរដ្ឋ​ដែល​បើកបរ​បញ្ច្រាស​ផ្លូវ ពី​សំណាក់​ផេ​កមួយ​ឈ្មោះ​ថា  Satawatch FC 20 ។ អ្នកគ្រប់គ្រង​ផេ​កនេះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ខឿន សុ​ឡា ឬ K01 ជា​និពន្ធ​នាយក​អង្គភាព​សា​ព័ត៌មាន​កម្លាំង​មនុស្សធម៌​។​

​ជុំវិញ​សកម្មភាព នៃ​ការ​ចុះ​ជួយ​សម្រួល​ចរាច​រណ៍ ពី​សំណាក់​ក្រុម​K01​នេះ ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ ដាក់​ជា​ចម្ងល់​ថា តើ​លោក​K01 មាន​តួនាទី​អ្វី​ឲ្យ​ពិតប្រាកដ ជា​អ្នកយកព័ត៌មាន ឬ​ជា​មន្ត្រី​ប៉ូលិស​ចរាចរ​?

​ទំព័រ​ហ្វេ​សប៊ុក​របស់​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៧ មិថុនា បានសរសេរថា “​ដើម្បី​ចង់​ទទួល​ប្រជាប្រិយភាព ក្នុង​បណ្តាញ​សង្គម Facebook  K01 និង​ក្រុម​ការងារ​បាន​ចុះ​ចាប់​ម៉ូតូ​គ្រប់​ទីកន្លែង គ្រប់ទិសទី និង​បាន​ប្រើ​ពាក្យសម្តី មិន​សមរម្យ​ទៅលើ អ្នកបើកបរ ដូចជា ពាក្យ លោក​ឯង​អត់​ខួរ លោក​ឯង​ល្ងង់ មិន​ចេះ​គិត​ពិចារណា​ជាដើម​។ តើ​គាត់​មាន​តួនាទី​អ្វី​បានជា​ហ៊ាន​ប្រើ​ពាក្យ​បែបនេះ​ទៅ​លើ​មហាជន​?”​។​

ដោយឡែក មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា តាម​ផ្លូវច្បាប់ លោក​K01 មិន​មាន​និតិ​សប្ប​ទា​គ្រប់គ្រាន់ ក្នុង​ការដោះស្រាយ​សណ្តាប់​ធ្នាប់​ចរាចរណ៍ នៅលើ​ដងផ្លូវ និង​ឃាត់​មធ្យោបាយ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​បានទេ​។ តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បានឲ្យដឹងថា អ្នក​ដែល​មាន​សិទ្ធិ​ធ្វើ​ការងារ​នៅលើ​ដងផ្លូវ ក្រៅ​ពី​កម្លាំង​សមត្ថកិច្ច មាន​ក្រុមយុវជន​ស្មគ្រចិត្ត របស់​សាលាក្រុង ក្រុម​កាយ​រិទ្ធ ដែល​ចុះ​ជួយ​ផ្សព្វផ្សាយ ស្តីពី​បញ្ហា​ចរាច​រណ៍​។ ដូច្នេះ​សកម្មភាព​របស់​លោក​K01 មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ឡើយ​។ ជា​ឧទាហរណ៍ ប្រសិនបើ​កើតមាន​ឧបទ្ទវហេតុ កើតឡើង តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?

​លោក​ខឿន សុ​ឡា ឬ​K01 បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៩ មិថុនា​នេះ​ថា រូបលោក ជា​អ្នកសារព័ត៌មាន​។ សម្រាប់​ការចុះ​ជួយ​សម្រួល​ចរាច​រណ៍ នា​ពេលកន្លងមក ដោយសារតែ​លោក​ឃើញ​ពី​ភាព​រញ៉េរញ៉ៃ ទាក់ទង​នឹង​ការ​ស្ទះចរាចរណ៍ និង​ការបើកបរ​មិន​គោរព​ច្បាប់​បើកបរ​បញ្ច្រាស់​ជាដើម​។ ទិដ្ឋភាព​បែប​នេះ ធ្វើឲ្យ​រូប​លោក​មាន​អារម្មណ៍​ចង់​ជួយ​សម្រួល មិនមែន​ជា​ការ​ចង់​ដណ្តើម​តួនាទី ភារកិច្ច​របស់​សមត្ថ​កិច្ច​ទេ​។​

​លោក​បន្តថា គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា អ្នកសារព័ត៌មាន ឬ​ជា​អ្នកណា​នោះ​ទេ គឺ​មាន​សិទ្ធិ​ក្នុង​ការជួយ​ដល់​សង្គម តាមរយៈ​សកម្មភាព​ផ្សេងៗ ជាក់ស្តែង​ដូច​ជា​ការ​ចុះ​ជួយ​សម្រួល​ចរាចរណ៍​នេះ​។​

សំឡេង​

​អ្នកបើកបរ​ដែល​គោរព​ច្បាប់ គឺ​មិន​ដែល​មាន​បញ្ហា​នឹង​លោក​K01​ទេ គឺមាន​តែ​បុគ្គល​ដែល​ចូលចិត្ត​ជិះ​បញ្ច្រាស់ និង​មន្ត្រី​អសមត្ថភាព ខ្ជិលច្រអូស​មួយចំនួន​តែប៉ុណ្ណោះ ដែល​មាន​បញ្ហា​។ នេះ​គឺ​ជា​មតិ​រិះគន់​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ហុង ង៉ូវ (Hong Ngov) នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ គណនី​ហ្វេ​ស​ប៊ុក​មួយនេះ បានសរសេរថា “​ខ្ញុំ​មិន​គាំទ្រ​ស្ថាប័ណឯកជន ដែល​មិន​ពាក់ព័ន្ធ មក​ធ្វើការ​ជំនួស​សមត្ថកិច្ច​ទេ ប៉ុន្តែ​មុន​នឹង​រិះគន់ គួរ​ពិចារណា​ថា តើ​ហេតុអ្វី​បានជា​មាន​ក្រុម​លោក​K01 មាន​ទទឹងទទែង​ពេញ​ផ្លូវ​បែបនេះ​?  គឺ​មកពី​ជម្ងឺ​អសមត្ថភាព របស់​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​”​។​

​យ៉ាងណាក៏ដោយ ការបើកបរ​មិន​គោរព​ស្លាក​សញ្ញា ភ្លើងស្តុប និង​បើកបរ​បញ្ច្រាស់​ផ្លូវ គឺ​ជា​ទង្វើ​ដែល​ខុស​នឹង​ច្បាប់​។ ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​នេះ អាច​បណ្តាល​ឲ្យ​ជួប​ឧបទ្ទវហេតុ រងគ្រោះ​ដល់​អាយុជីវិត និង​របួស​ជា​ដើម​។ ម្យ៉ាងវិញទៀត សូម​ចងចាំ​ថា ការដាក់ទោសទណ្ឌ ឬ​ការដាក់ពិន័យ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​តែប៉ុណ្ណោះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត