គណបក្ស​លោក​ម៉ា​ក្រុង​​​ឈ្នះ​សំឡេង​​​ភាគច្រើន​​​ក្នុងការ​បោះឆ្នោត​​សភា​បារាំង​

ដោយ៖ ពេញ ផេង 19-06-2017 2:17 pm 330
លោកម៉ាក្រុង​ប្រធានាធិបតីថ្មីបារាំង

​ប្រធានាធិបតី​បារាំង​លោក​Emmanuel Macron បានឈ្នះ​សំឡេងគាំទ្រ​ច្រើន​លើសលុប​នៅ ក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​១៨​មិថុនា​។​ជា​ការបោះឆ្នោត​ជុំ​ទី​ពីរ បន្ទាប់ពី​ការបោះឆ្នោត​ជុំ​ទី​មួយ​កាលពី​សប្ដាហ៍​មុន ដែល​កាលនោះ​គណបក្ស​លោក​Macron​ក៏​ឈ្នះ​សំឡេង​គាំទ្រ​ភាគច្រើន​ដែរ​។​ជ័យជម្នះ​នៅពេលនេះ លោក​Macron​មាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​កំណែទម្រង់​ច្រើន​ផ្នែក រាប់បញ្ចូល​កំណែទម្រង់​មួយ​សំខាន់​ផង​គឺ​ផ្នែក​ពាណិជ្ជកម្ម​។​

​លទ្ធផល​បោះឆ្នោត​សភា​ដែល​ទទួល​បាន​ផ្អែក​លើ​តូរ​លេខ​ផ្លូវការ និង​ពី​មណ្ឌល​ស្ទង់​មតិ​នេះ នឹង​គូសវាស​ជា​ថ្មី​ឡើងវិញ​នូវ​ទម្រង់​នយោបាយ​របស់​ប្រទេស​បារាំង ហើយក៏​ជា​ការបំបាក់​មួយ​ចំពោះ​គណបក្ស​អភិរក្សនិយម និង​សង្គមនិយម​ដែល​បាន​ផ្លាស់ប្តូរ​វេន​គ្នា​កាន់​អំណាច​អស់​ជាច្រើន​ឆ្នាំ​នៅ​ប្រទេស​បារាំង​។​ប្រពៃណី​នៃ​ការផ្លាស់ប្តូរ​ការ​កាន់អំណាច បាន​បញ្ចប់​នៅ​ពេល​ជ័យជម្នះ​លោក​Macron​បាន​ផុស​ឡើង​កាលពី​ខែ​ឧសភា​។​

​តាម​ការព្យាករណ៍​បង្ហា​ញ​ថា គណបក្ស​Republic on the Move (LREM)​លោក​Macron​និង​សម្ព័ន្ធ​របស់ខ្លួន នឹង​ឈ្នះ​បាន​អាសនៈ​នៅ​ចន្លោះ​ពី​៣៥៥​ទៅ​៣៦៥ នៃ​អាសនៈ​រដ្ឋសភា​សរុប​ចំនួន​៥៧៧​។​ប៉ុន្តែ​លទ្ធផល​នៃ​ការព្យាករណ៍​នេះ បើ​ទោះ​ជា​ច្រើន​ក៏​នៅតែ​មាន​ចំនួន​តិច​ជាង​ការព្យាករណ៍​បាន​ធ្វើ​កាលពី​មុន​។​

​លោក​Edouard Philippe​នាយករដ្ឋមន្ត្រី​បារាំង​បាន​អោយដឹង​តាមរយៈ​សេចក្តីថ្លែងការណ៍​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​បារាំង​។​មួយ​ឆ្នាំ​មុន​គ្មាន​នរណា​ម្នាក់​គិតថា មាន​កំណែទម្រង់​នយោបាយ​ដូច្នេះ​ឡើយ ប៉ុន្ដែ​ពេល​នេះ​អ្វី​គ្រប់​យ៉ាង​បាន​ផ្លាស់ប្ដូរ​។​

​សូមបញ្ជាក់​ថា អ្នក​ទៅ​ចូលរួម​បោះឆ្នោត​សភា​ក្នុង​ជុំ​ទី​ពីរ មាន​ចំនួន​តិច​ប្រហែលជា​៤២​ភាគរយ​ប៉ុណ្ណោះ​។​កម្រិត​អវត្តមាន​ច្រើន​លើសលុប​នេះ​បាន​បង្ហាញថា លោក​ម៉ា​ក្រុង​នឹង​ត្រូវ​ធ្វើកំណែទម្រង់​ដោយ​ប្រុងប្រយ័ត្ន​បំផុត នៅក្នុង​ប្រទេស​ដែល​មាន​ពាណិជ្ជកម្ម​ដ៏​មាន​ឥទ្ធិពល និង​មាន​ប្រវត្តិ​បាតុកម្ម​តវ៉ា​តាម​ដងផ្លូវ ដែល​បាន​បង្ខំ​អោយ​អតីត​រដ្ឋាភិបាល​មុនៗ​ត្រូវ​កែសម្រួល​ច្បាប់​ថ្មី​។​ច្បាស់​ណាស់​ថា​ក្នុង​សភា​លោក​ងាយស្រួល​ក្នុង​ការអនុម័ត​ឬ​ធ្វើកំណែទម្រង់​វិស័យ​នានា​ព្រោះ​សំឡេង​ប្រឆាំង​មាន​តិចតួចស្ដួចស្ដើង ប៉ុន្ដែ​ក៏​មិនត្រូវ​ភ្លេច​ពី​ការតវ៉ា​តាម​ដងផ្លូវ​ដែរ ក្នុង​រយៈពេល​កាន់អំណាច​៥​ឆ្នាំ​នៃ​រដ្ឋាភិបាល​ថ្មីថ្មោង​របស់លោក​៕

ព័ត៌មានផ្សេងទៀត