បែកធ្លាយ​ឯកសារ​​ពី​ការស្ទង់មតិ​​ផ្សេង​គ្នា​​ រវាងបក្សប្រឆាំង​និង​បក្ស​កាន់អំណាច​

ដោយ៖ ខាត់ សុធី 19-06-2017 2:03 pm 4104

​បន្ទាប់ពី​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅតែ​មាន​ឥទ្ធិពល ក្នុង​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ដដែល បាន​ចែកចាយ​លទ្ធផល​នៃ​ការស្ទង់មតិ​មួយ ដែល​លោក​អះអាងថា ជា​ឯកសារ​សម្ងាត់ ដោយ​លាតត្រដាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន​អន្តរជាតិ​មួយ ឲ្យធ្វើ​ការស្ទង់មតិ​ដោយ​សម្ងាត់​កាលពី​ខែ​ឧសភា​ម្ដង និង​ខែកញ្ញា​ម្ដងទៀត នៅក្នុង​ឆ្នាំ​២០១៦​កន្លង​មក​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​នឹង​ចាញ់​គណបក្សប្រឆាំង នៅក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ​នេះ​។​

​មិន​បង្អង់​យូរ ដើម្បី​ឆ្លើយតប​ឲ្យទាន់​សភាពការណ៍ ទប់ស្កាត់​កុំឲ្យ​លោក​សម រង្ស៊ី​បាន​ដៃ​ពេក Facebook ឈ្មោះ​សីហា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ ក៏​បាន​ទម្លាយ​ឯកសារ​ពី​លទ្ធផល​នៃ​ការស្ទង់មតិ​មួយទៀត ដែល​អះអាង​ថា ជា​ឯកសារ​សំខាន់​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិប្បតេយ្យ (National Democratic Institute) ដែល​ទទួល​ថវិកា​ពី​អង្គការ USAID (United States Agency for International)​តប​វិញ​ភ្លាមៗ​ដែរ​។ 

​ឯកសារ​នេះ បញ្ជាក់ថា បាន​ធ្វើ​ការស្ទង់មតិ​ជាសម្ងាត់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ សំរាប់​ការបោះឆ្នោត​២០១៧-២០១៨ ដោយ​បាន​ចេញ​របាយការណ៍​លទ្ធផល​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៧​កន្លងទៅនេះ បង្ហាញឲ្យឃើញថា ប្រជាជន​ដែល​គាំទ្រ និង​យល់ឃើញថា រដ្ឋាភិបាល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ បាន​និង​កំពុង​ដើរ​នៅលើ​ផ្លូវ​ត្រូវ​បាន​កើន​ចំនួន ពី​៥៥% ឡើងដល់​៥៨%​។ ចំណែក ប្រជាជន​ដែល​មិន​គាំទ្រ និង​យល់ឃើញថា រដ្ឋាភិបាល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា បាន​និង​កំពុង​ដើរ​នៅលើ​ផ្លូវ​ខុស​បាន​ធ្លាក់ចុះ​ពី​ចំនួន ៤៣% មក​នៅ​៤១%​។​របាយការណ៍​ដែល Facebook ឈ្មោះ​សីហា អះអាងថា​ជា​របស់ NDI នេះ​ក៍​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​អាច​មាន​កម្រិត​លំអៀង + -2.2% តែប៉ុណ្ណោះ​។​

​បើ​តាម​អ្វី​ដែល​លោក សម រង្ស៊ី បាន​ចែកចាយ គឺជា​លទ្ធផល​មួយ ដែល​នាំឲ្យ​លោក​សន្និដ្ឋានថា គណបក្ស​កាន់​អំណាច​នឹង​ចាញ់​គណបក្សប្រឆាំង នៅក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​។​
​ក្រៅតែពី​ការបញ្ចេញ​លទ្ធផល​នៃ​ការស្ទង់មតិ​ប​នេះ លោក សម រង្ស៊ី ក៏​បាន​ទម្លាយ​ការសម្ងាត់​មួយទៀត និយាយ​ពី​ចំនួន​អ្នក​ចូល​ចិត្ត​លោក​ហ៊ុន សែន ខ្លួន​លោក​ផ្ទាល់ និង​ដៃគូ​របស់​លោក គឺ​លោក​កឹម សុខា​ផងដែរ​។​

​លោក​សម រង្ស៊ី​បង្ហាញ​ថា​« សម រង្ស៊ី (៨៤% នៃ​ចំនួន​ប្រជាពលរដ្ឋ ដែល​គេ​បាន​សាកសួ​រថា តើ​ពេញចិត្ត​ចំពោះ​បុគ្គល​នេះ​ឬ​ទេ​?) និង កឹម សុខា (៧៤%) មាន​ប្រជាប្រិយភាព​ខ្ពស់ជាង ហ៊ុន សែន (៦៣%) ។

នេះ​ជា​លទ្ធផល នៃ​ការស្ទង់មតិ​មួយ ធ្វើឡើង​កាលពី​ខែសីហា​និង​តុលា ២០១៦ តាម​ការជួល​ឲ្យធ្វើ​ជា​សម្ងាត់ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​អន្តរជាតិ ដែល​មាន​ជំនាញ​ក្នុង​វិស័យ​ស្ទង់​មតិ តាម​លក្ខណៈ​វិទ្យាសាស្ត្រ​»​។​

បើ​ទោះ​ជា​លទ្ធផល​ដែល​បង្ហាញ​ដោយ​លោក​សម រង្ស៊ី​នេះ ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​គណបក្សប្រឆាំង ដែល​សង្ឃឹមថា​នឹង​ឈ្នះ​ការបោះឆ្នោត​ក៏​ដោយ ប៉ុន្តែ សម្រាប់​គណបក្ស​កាន់​អំណាច​វិញ ហាក់​មិន​ភ្ញាក់ផ្អើល​នោះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត