លោក កុក ថា អះអាងថា កម្មករ​កំពុង​រក​កម្ចី​ដែល​ចង​ក​សម្លាប់​ខ្លួនឯង​

ដោយ៖ គង់ ឧត្តម 19-06-2017 12:59 pm 1703
លោក កុក ថា ក្នុងសកម្មភាពកិច្ចប្រជុំប្រចាំខែ របស់ក្រុមសន្សំប្រាក់មិត្តជួយមិត្ត នាពេលកន្លងមក ។ រូបថតពីហ្វេសប៊ុក លោក កុក ថា ។

​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត ប្រាប់​វិទ្យុ​វាយោ​ថា « កម្មករ​ភាគច្រើន​ជាប់បំណុល​ឯកជន​ជា​រៀងរាល់​ខែ ហើយ​អត្រា​ការប្រាក់​បំណុល​កម្ចី​នោះ ទាប​បំផុត​គឺ ២០%​ក្នុង​មួយ​ខែ និយាយ​យ៉ាងខ្លី​ថា ខ្ចី​១០០​ដុល្លារ ត្រូវ​បង់​ការប្រាក់ ២០​ដុល្លារ​ក្នុង​មួយខែ ។ »

​លោក កុក ថា បញ្ជាក់ថា ព័ត៌មាន​និង​ទិន្នន័យ​នេះ គឺ​បានមកពី​ការស្ទង់មតិ​របស់​កម្ម​ករ​ជាង​៤០០​នាក់ ក្នុងនោះ​ស្ទើរតែ​ទាំងអស់​ប្រាប់ថា កំពុង​ជំពាក់​លុយ​អ្នករកស៊ី​ចង​ការប្រាក់ ដែល​មាន​ការប្រាក់​ទាប​បំផុត​២០% ៣០% និង​មាន​ដល់​៥០%​ទៅ​ទៀត​សម្រាប់​កម្ចី​ប្រាក់​បន្ទាន់ៗ ពិសេស​យោងតាម​បទពិសោធន៍​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​កម្មករ​ផ្ទាល់ ជាង​៣​ឆ្នាំ​មកនេះ ។​

​អ្នក​បង្កើត​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត​រូបនេះ​មើលឃើញថា ការខ្ចីប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​នេះ ពិតជា​បាន​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​យ៉ាងខ្លាំង ។​
​សំឡេង លោក កុក ថា ៖

​លោក​បញ្ជាក់​បន្ថែមថា កម្មករ​អាចមាន​លទ្ធភាព​បង់ការ​ប្រាក់​បាន​ក្នុងពេល​បច្ចុប្បន្ន ប៉ុន្តែ​នៅពេល​ដែល​កម្មករ​អស់​លទ្ធភាព​បង់​ប្រាក់ នោះ​កម្មករ​នឹង​ទៅ​ខ្ចីប្រាក់​ពី​កន្លែង​មួយ​ផ្សេងទៀត ដើម្បី​ដោះ​ទ័ល​។ បញ្ហា​នេះ​នឹង​ធ្វើឱ្យ​ស្ថានភាព​កម្មករ​កាន់តែ​ដុនដាប​ជាង​មុន​ទៀត​ទៅ​ថ្ងៃមុខ ។​

​អ្នកផ្តើមគំនិត​បង្កើត​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត​រូបនេះ បាន​ផ្តល់​ជា​ការ​ក្រើនរំឭក និង​ផ្តល់​យោបល់​ដល់​កម្មករ​ដើម្បី​កុំឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​កាន់តែ​ដុនដាប​ថា ៖
​សំឡេង លោក កុក ថា ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត