UNDP​៖​​ថវិកា​​ពលករ​​ចំណាក​ស្រុក​​ផ្ញើ​​មក​​គ្រួសារ​​ដើរ​​តួនាទី​​សំខាន់​​ក្នុង​​សេដ្ឋកិច្ច​​ជនបទ​

ដោយ៖ ធុច ធារ៉ា 19-06-2017 12:37 pm 1124
ប្រភពរូប UNDP

អង្គការ​យូ​អិន​ឌី​ភី (UNDP) ដែលជា​អង្គការ​ធ្វើការ​ផ្ដោតលើ​ការអភិវឌ្ឍ​ជា​សកល​របស់​អង្គការសហប្រជាជាតិ​បានបញ្ជាក់​ថា បើ​ទោះ​ជា​កម្មករ​ភាគច្រើន​បាន​ផ្លាស់ប្តូរ​ទៅ​ធ្វើការ​នៅ​ឯ​បរទេស​ក៏​ដោយ ក៏​ថវិកា​ដែល​ពួកគេ​ផ្ញើ​មក​ឲ្យ​ក្រុម​គ្រួសារ​ទាំងនោះ បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​ការពង្រីក​សកម្មភាព​សេដ្ឋកិច្ច (​ពិពិធ​កម្ម​សេដ្ឋកិច្ច​) ក្នុង​តំបន់​ជនបទ និង​ទំនើបកម្ម​នៃ​ផលិតកម្ម​កសិកម្ម​។​

​ជាមួយគ្នានេះ របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បាន​បង្ហាញ​ដែរ​ថា ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ប្រមាណ​ជាង​១.១៥​លាន​នាក់ បាន​នាំ​ប្រាក់ចំណូល​មក​ក្នុង​ប្រទេស​ប្រមាណ​ជាង​១.៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ បន្ថែម​លើ​នេះ ពលករ​ទាំងនោះ​ក៏​អាច​មាន​ឱកាស​ទទួលបាន​ជំនាញ​វិជ្ជាជីវៈ​ត្រឡប់មកវិញ ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ​។​

​គួរបញ្ជាក់​ថា ពលករ ពល​ការិនី​ខ្មែរ​ទាំង​ជាង​១.១៥​លាន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​រួមមាន ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​សិង្ហ​បុរី​ជាដើម​។ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំងនេះ ប្រទេស​ថៃ​គឺជា​ប្រទេស​ដែល​មាន​ពលករ ពល​ការិនី​ខ្មែរ​ទៅ​ធ្វើការ​ច្រើន​ជាង​គេ ដែល​មាន​ជាង​១​លាន​៦​ម៉ឺន​នាក់​។ ក្នុងនោះ ក៏​មាន​ប្រជា​ពលករ​ខ្មែរ​ប្រមាណ​៣៦​ម៉ឺន​នាក់ មិនទាន់​មាន​ឯកសារ​ត្រឹមត្រូវ សម្រាប់​បំពេញ​ការងារ​នៅ​ទីនោះ​នៅឡើយ​ទេ​។​

យ៉ាង​ក៏ដោយ ទាក់ទង​នឹង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅប្រទេស​នេះដែរ ពួកគេ​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា គ្រោះថ្នាក់​ពេល​បំពេញការងារ បញ្ហា​សុខភាព បញ្ហា​រំលោភ​បំពាន​ពី​ថៅកែ​ជាដើម​។

​កន្លង​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ធ្លាប់បាន​ផ្ដល់​ជា​យោបល់​ថា រដ្ឋាភិបាល​គួរ​បង្កើន​ផលិតភាព​ការងារ​ក្នុង​ស្រុក​ឲ្យបាន​ច្រើន តាមរយៈ​ការទាក់ទាញ​វិនិយោគិន​ឲ្យ​បណ្ដាក់​ទុន​នៅ​កម្ពុជា ក៏​ដូចជា​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឲ្យបាន​សមរម្យ ជាជាង​លក់​កម្លាំង​ពលកម្ម​ទៅ​ក្រៅប្រទេស ដែល​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ឱកាស​ពន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​៕

ព័ត៌មានផ្សេងទៀត