ពលរដ្ឋ​អគារ​ប៊ូ​ឌី​ញ​​ចំនួន​​៤២០​​បន្ទប់​​បានទទួល​​ប្រាក់​​និង​ទៅ​តាំង​​ទីលំនៅ​ថ្មី​

ដោយ៖ អ៊ុន សុខឡា 19-06-2017 12:10 pm 322
រូបភាពពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំណែក​ឯកជន ក្នុង​អគារ​សហកម្មសិទ្ធិ​ប៊ូ​ឌី​ញ ស ចំនួន ៤២០ បន្ទប់​ស្នាក់នៅ បាន​ទទួល​ប្រាក់​ទូទាត់​រួច និង​បាន​ប្រគល់​បន្ទប់​ជូន​ក្រុមហ៊ុន ដោយ​បាន​ចាកចេញ​ពី​បន្ទប់​ស្នាក់នៅ ទៅ​តាំង​ទីលំនៅ​ថ្មី​។ ទន្ទឹមនេះ ក្រុមហ៊ុន​ក៏​បាន​ឧបត្ថម្ភ​ថវិកា ១០០​ដុល្លារ សម្រាប់​ការ​រើ​អីវ៉ាន់​ចាកចេញ ព្រមទាំង​ផ្ដល់​សារុង​១ និង​ក្រមា​១ ដែល​ជា​អំណោយ របស់​លោក​នាយករដ្ឋមន្ត្រី​ផងដែរ​។ នេះ​បើ​តាម​ការឲ្យដឹង​នៅលើ​គណនី​ហ្វេស​ប៊ុក របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ នៅ​ព្រឹក​ថ្ងៃទី​១៩​មិថុនា​នេះ​។​

​ការចាកចេញ​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ បាន​ព្រមព្រៀង​ឯកភាព​លក់​អគារ​របស់​ពួកគាត់ ក្នុងតម្លៃ ១,៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ឲ្យ​ក្រុមហ៊ុន Arakawa របស់​ប្រទេស​ជប៉ុន និង​បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ កិច្ចសន្យា​ទិញ​-​លក់​រួចរាល់ ជាមួយ​ក្រសួង​រៀបចំ​ដែនដី ក្រោម​ការសម្របសម្រួល​របស់ លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ អគារ​ប៊ូ​ឌី​ញ មាន​ទំហំ​សរុប​ជាង​៦៥៣១​ម៉ែត្រការ៉េ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៤៩៣​គ្រួសារ​៕

 


ព័ត៌មានផ្សេងទៀត