មេបក្ស​យុវជន​​នឹង​ប្តឹង​​លោក​កឹម សុខា​​ពីបទ​ញុះញង់​​ឲ្យមាន​​ការ​រើស​អើង​​​គណបក្ស​​នយោបាយ​​

ដោយ៖ អឿន ភារ៉ា 19-06-2017 11:26 am 38423
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (រូបថតនៅក្នុងវេទិកាតុមូលរបស់វិទ្យុវាយោ កាលពីពេលកន្លងទៅ)

​គណបក្ស​ដែល​មិន​បាន​ឈ្នះឆ្នោត​ឃុំ សង្កាត់ អះអាងថា ខ្លួន​បាន​រងគ្រោះ​ដោយ​ទទួលរង​ឥទ្ធិពល អាក្រក់​ពីសារ​នយោបាយ​របស់​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត កាលពីពេល​កន្លង​ទៅ​។

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក​ពេជ្រ ស្រស់ គូសបញ្ជាក់​នូវ​សារ​ន​យោ​បាយ​របស់​លោក​កឹម សុខា ដែល​បាន​លើកឡើង​នោះ មានដូចជា “​ប្រជាពលរដ្ឋ​គួរ​កុំ​បង្ហិន​សន្លឹកឆ្នោត​លើ​គណបក្ស​តូចៗ និង​ថា​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យបាន​”​។ តាមរយៈ​សារ​នយោបាយ​បែបនេះ លោក​ពេជ្រ ស្រស់ យល់ថា​លោក​កឹម សុខា បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរកា​រសកម្ម​ភាព​របស់​គណបក្ស​ន​យោ​យ​នានា​។​

​ប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ លោក​ពេជ្រ ស្រស់ បញ្ជាក់បន្ថែម​ថា “​ផ្អែក​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ លោក​កឹម សុខា បាន​ធ្វើ​ខុស​រហូត​ដល់​៨​មាត្រា រីឯ​ច្បាប់​គណបក្សនយោបាយ គឺ​ខុស​២​មាត្រា​ទៀត​”​។ ប្រធាន​គណបក្ស​មួយ​នេះ អះអាងថា សំអាង​លើ​ភស្តុតាង​ទាំងនេះ គឺជា​ធាតុ​ផ្សំ​មួយ ដើម្បី​ឆ្ពោះទៅរក​ការប្តឹង​លោក​កឹម សុខា ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង​បក្សនយោបា​យ និង​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ ព្រមទាំង​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ផងដែរ​។

​ទោះជា​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មិនសូវ​ចាប់អារម្មណ៍​ចំពោះ​គម្រោងការ​ប្តឹងផ្តល់​របស់​ប្រធាន​គណបក្ស​យុវជន​នេះឡើ​យ​។ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​បញ្ជាក់​យ៉ាងខ្លី​ប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា “​អត់​បាន​ការ​អី​ទេ មិន​ចាំបាច់​ទៅ​ឆ្លើយតប​ទេ​”​។​

​យ៉ាងណា​ក៏ដោយ​ចុះ បើ​តាម​លោក​ពេជ្រ ស្រស់ ដែល​នឹង​ប្តឹង​ប្រធាន​គណបក្សប្រឆាំង​នោះ ឱ្យដឹងថា នៅក្នុង​ពាក្យបណ្តឹង​នឹង​ទាមទារ​ឲ្យ​លោក​កឹម សុខា​៖ ទី​១ ពិនិត្យ​ផ្លូវច្បាប់​ឡើងវិញ ទី​២ អនុវត្ត​ទោស​តាម​ច្បាប់​ដែល​មានចែង ប្រសិនបើ​ច្បាប់​រកឃើញថា​មានទោស ទី​៣ ការប្តឹង​នេះ គឺជា​គំរូ​ដល់​គណបក្ស​ផ្សេង​ទៀត​កុំ​ឲ្យ​ដើរ​វាយប្រហារ​ដល់​គណបក្ស​ដ៏​ទៃ និង​ជា​សារ​រំឭក​ដល់​មេដឹកនាំ​នយោបាយ​ទាំងអស់​ឲ្យ​គោរព​ច្បាប់ និង​កុំ​រំលោភ​សិទ្ធិ​គណបក្ស​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យមាន​ការប្រកួ​ត​ប្រជែង​នយោបាយ​ដោយ​តម្លាភាព​នៅ​កម្ពុជា​។

​ប្រធាន​គណបក្ស​យុវជន​នេះ ឱ្យដឹង​ដែរ​ថា ពាក្យបណ្តឹង និង​ភស្តុតាង​នានា ដើម្បី​ប្តឹង​លោក​កឹម សុខា បាន​រៀបចំ​រួចរាល់​ហើយ​។ ហើយ​លោក​នឹង​យក​ពាក្យបណ្តឹង​នេះ ទៅ​ដាក់​នៅ​តុលាការក្រុង​ភ្នំពេញ ដោយផ្ទាល់ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា​ស្អែក​នេះ​៕

ព័ត៌មានផ្សេងទៀត