ក្រុមចម្រុះ​​ដឹកនាំ​ដោយ​អាមេរិក​​បាញ់​ទម្លាក់​​យន្ដហោះ​ចម្បាំង​​ស៊ី​រី​​មួយគ្រឿង​

ដោយ៖ ពេញ ផេង 19-06-2017 11:00 am 1740
យន្ដហោះ​ស៊ីរី​ដែលត្រូវបាន​បាញ់ទម្លាក់​ស្រដៀងគ្នានឹង​យន្ដហោះ​ដែល​បង្ហាញនេះ

​ក្រុមចម្រុះ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ស៊ី​រី​មួយគ្រឿង​នៅ​ជិត​ទីក្រុង​Raqqa ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​ក្រុមចម្រុះ​អន្ដរជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា គេ​ធ្វើបែបនេះ​ដើម្បី​ការពារ​ខ្លួន​និង​ការពារ​កងកម្លាំង​ក្រុមឃឺ​ដ បន្ទាប់​ពី​យន្ដហោះ​ចម្បាំង​ស៊ី​រី​បាន​ទម្លាក់​គ្រាប់​នៅ​ក្បែរ​មូលដ្ឋានទ័ព​ក្រុមឃឺ​ដ​។​ក្រុមឃឺ​ដ​គឺជា​ដៃគូរ​បស់សម្ព័ន្ធ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក ប្រយុទ្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​ក្រោយ​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ស៊ី​រី ក្រុម​ចម្រុះ​បាន​បកស្រាយ​បន្ថែមថា មិន​មែន​គេ​ចង់​បង្ក​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ទេ ផ្ទុយទៅវិញ​បេសកកម្ម​របស់គេ​គឺ​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​។​យ៉ាងណា​ក៏​ដោយ​យោធា​ស៊ី​រី​បានចេញ​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​ភ្លាមៗ ចាត់ទុក​ហេតុការណ៍​នេះ​ជា​ការឈ្លានពាន​យ៉ាង​ជាក់ស្ដែង និង​ចោទ​អាមេរិក​មាន​បំណង​គាំទ្រ​ដល់​ក្រុម​ភេរ​វករ​។​

​គួរ​ជម្រាបជូន​ថា យោធា​អាមេរិក​និង​កងកម្លាំង​ស៊ី​រី កំពុងតែ​ធ្វើ​ប្រតិ​បត្ដិកា​រប្រ​យុទ្ធនឹង​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​ដូចគ្នា​។​ប៉ុន្ដែ​កងកម្លាំង​ស៊ី​រី​មិន​បាន​សហការ​ជាមួយ​អាមេរិក​ទេ ស៊ី​រី​មាន​រុស្ស៊ី​ជា​អ្នក​ជួយ​ជ្រោមជ្រែង​តាម​ជើង​អាកាស​។​ដោយឡែក​អាមេរិក​វិញ បាន​ដឹកនាំ​ក្រុមចម្រុះ​អន្ដរជាតិ​វាយប្រហារ​តាម​អាកាស និង​បាន​ចាប់​ដៃ​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​ជា​ក្រុម​បំបែក​ខ្លួន​នៅ​ស៊ី​រី វាយប្រហារ​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​។​អាមេរិក​បាន​បំពាក់អាវុធ​និង​បង្វឹក​ផ្នែក​បច្ចេកទេស​ដល់​ក្រុម​នេះ​ផង​ដែរ​។​

​ចំពោះ​ហេតុការណ៍​ទម្លាក់​គ្រាប់​នៅ​ជិត​មូលដ្ឋាន​ក្រុមឃឺ​ដ ធ្វើឲ្យ​អាមេរិ​កបាញ់ទម្លាក់​យន្ដហោះទ​ម្លាក់​គ្រាប់​ស៊ីរី ជា​សញ្ញា​មួយ​បង្ហាញឲ្យឃើញថា អាមេរិក​និង​ស៊ី​រី​មាន​សត្រូវ​តែមួយ ប៉ុន្ដែ​ភាគី​ទាំងពីរ​មិន​បាន​សហការ​គ្នា​ល្អ​ឡើយ​។​ដ្បិតថា​មិន​ចាប់ដៃ​គ្នា​ធ្វើ​ប្រតិ​បត្ដិកា​រ ប៉ុន្ដែ​ជា​ការ​ល្អ​ប្រសើរ​បេសកកម្ម​ដាច់​ដោយឡែក​នេះ គួរតែ​មាន​គោលដៅ​ច្បាស់លាស់​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​៕

ព័ត៌មានផ្សេងទៀត