ក្រសួងមហាផ្ទៃ​៖​​សម្តី​លោក​ខឹម វាសនា​​ជា​អំពើ​អបគមន៍ ​មិន​រួច​ខ្លួន​​ពី​សំណាញ់​​ច្បាប់​​

ដោយ៖ គួន សំបូរ 18-06-2017 1:17 pm 112918
នៅខាងឆ្វេង លោក​ខៀវ សុភ័គ និងនៅខាងស្តាំ លោក​ខឹម វាសនា។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​នេះ បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​ទៅលើ​ពាក្យ​សម្តី​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក​ខឹម វាសនា ទា​ក់ទង់​នឹង​ការជេរប្រមាថ​មាតុភូមិ​ជាតិ និង​ការបង្កើត​ពល​សម្រាប់​បក្ស​។ ក្រសួង​មហាផ្ទៃ​ថា សម្តី​របស់​លោក ខឹម វាសនា​ជា​អំពើ​អបគមន៍​ដែល​ខុស​នឹង​ច្បាប់​។​

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​នេះ​ថា សម្តី​របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​មហាជន​ខ្មែរ ជាពិសេស​ការជេរប្រមាថ​មាតុភូមិ​ជាតិ​ថា ថោកទាប​។ លោក​ខៀវ សុភ័គ បាន​បន្ថែមថា​ទង្វើ​របស់​លោក ខឹម វាសនា កំពុង​ប្រាសចាក​នឹង​ច្បាប់ ក្នុងន័យ​ចង់​ធ្វើ​អបគមន៍​។ លោក​ថា ក្រសួង​មហាផ្ទៃ​កំពុង​ពិនិត្យ​ទៅលើ​ពាក្យ​សម្តី​របស់​ប្រធាន​គណបក្ស​LDP​រូបនេះ​។​

​សំឡេង​លោក​ខៀវ សុភ័គ​៖

​គួរបញ្ជាក់​ថា លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវបាន​គេ​ស្គាល់​ថា ជា​មេបក្ស​មួយរូប​ដែល​តែងតែ​ប្រើ​ពាក្យរិះគន់​ធ្ងន់ៗ​ទៅលើ​មន្ត្រី​គណបក្សកាន់អំណាច គណបក្សប្រឆាំង និង​ជេរ​ប្រមាថ​មកលើ​ព្រះសង្ឃ តាមរយៈ​វេទិកាសាធារណៈ​របស់​ខ្លួន​។ កាលពី​ពេល​ថ្មីៗ​នេះ ឃ្លឹប​វីដេអូរ​មួយ​ត្រូវបាន​គេ​ចែកចាយ​ជា​សាធារណៈ ដោយ​មេបក្ស​LDP​រូប​នេះ​ថ្លែង​ពី​គម្រោង​ចង់​បង្កើត​ជា​ពល​សម្រាប់​បក្សLDP និង​ជេរ​ប្រមាថ​មាតុភូមិ​ជាតិ​ថា «ថោកទាប»​ ។

​សំឡេង​លោក​ខឹម វាសនា​៖

​សម្តី​របស់​លោក​ខឹម វាសនា​នេះ ត្រូវបាន​មហាជន​ខ្មែរ​មួយចំនួន​ប្រតិកម្ម និង​ពលរដ្ឋ​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ពី​បទ​ជេរប្រមាថ​ជា​សាធារណៈ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​យ៉ាង​បើកចំហ​។ ចំណែកឯ​អ្នកវិភាគ សម្តែង​ក្ដី​អាណិត និង​បាន​ចាត់ទុក​មេបក្ស​សម្ព័ន​នេះ​ថា​មាន​បញ្ហា «​ផ្លូវចិត្ត​»៕


ព័ត៌មានផ្សេងទៀត