លោក អ៊ូ វីរៈ សម្តែង​ការ​អាណិត​មេ​បក្សសម្ព័ន្ធ និង​ថា​មាន​បញ្ហា​ផ្លូវចិត្ត​

ដោយ៖ គង់ ឧត្តម 17-06-2017 3:46 pm 19530
លោក ខឹម វាសនា ក្នុងកម្មវិធីវិទ្យុមួយកាលពីអំឡុងឆ្នាំ ២០១៣

​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យ​បណ្តឹង​របស់​ពលរដ្ឋ​ម្នាក់​ដែល​ប្តឹង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ពី​បទ​ជេរប្រមាថ​ជា​សាធារណៈ និង​មាក់ងាយ​ជាតិ​សាសន៍​ខ្មែរ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​លោក សុច សឿង ជា​ម្ចាស់​បណ្ដឹង​ប្ដឹង​លោក ខឹម វាសនា បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ពី​បទ​ជេរប្រមាថ​ជា​សាធារណៈ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​យ៉ាង​បើកចំហ ។​

​លោក សុច សឿង បាន​សរសេរ​ក្នុង​ពាក្យបណ្តឹង​នោះ​ថា​៖ «​ឈ្មោះ ខឹម វាសនា បាន​ជេរប្រមាថ មើលងាយ​ពូជសាសន៍​ខ្មែរ ដែល​ក្នុងនោះ រួម​មាន​ខ្ញុំបាទ​ក៏​ជា​ខ្មែរ​មួយ​រូប​ផងដែរ ដោយ​បាន​ហៅ​ថា ពូជខ្មែរ​ជា​ពូជ​ថោកទាប និង​ជា​ឆ្កែ​។​ល​។ រួម​ទាំង​ប្រើ​ពាក្យសម្ដី​អសុរោះ​ជាច្រើន​ទៀត​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ខ្ញុំបាទ ក៏ដូចជា​ប្រទេសជាតិ​ខ្មែរ​ទាំងមូល​ផងដែរ​»​។​

​យ៉ាងណាម៉ិញ ក្រៅពី​លោក សុច សឿង ថ្មីៗ​នេះ ក៏​មាន​ពលរដ្ឋ ព្រះសង្ឃ និង​សិល្បករ​មួយចំនួន ក៏​បាន​ចូលរួម​លើក​បញ្ហា​នេះ​មក​និយាយ​ផងដែរ ទាក់ទង​នឹង​ការប្រើប្រាស់​ពាក្យ​អសីលធម៌​ជា​សាធារណៈ និង​ប្រមាថ​ដល់​មន្ត្រីរាជការ ។​ល​។​

​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ត្រូវបាន​គេ​ស្គាល់​ថា ជា​មេបក្ស​មួយរូប​ដែល​តែងតែ​ប្រើ​ពាក្យរិះគន់​ធ្ងន់ៗ​ទៅលើ​មន្ត្រី​គណបក្សកាន់អំណាច គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​មួយចំនួន​តាមរយៈ​វេទិកាសាធារណៈ ការជួបជុំ និង​ការផ្សាយ​ផ្ទាល់​តាម​វិទ្យុ​យ៉ាង​ទូលំទូលាយ​ផងដែរ ។​

​ចំណែក​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា បាន​សរសេរ​បង្ហោះ​លើ​គេហទំព័រ​របស់ខ្លួន ដោយ​ទាញ​យក​វីដេអូ​ដែល​មេ​បក្សសម្ព័ន្ធ​កំពុង​និយាយ​ក្នុង​វេទិកា​សាធារណៈ​មួយ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ថា « ខ្ញុំ​មាន​អារម្មណ៍​អាណិត​គាត់​។ គាត់​មាន​បញ្ហា​ផ្លូវចិត្ត​។ កំហឹង​និង​ការ​តឹងទ្រូង​នាំ​គាត់​ទៅចឹង​។ » ។​

​គួរបញ្ជាក់​ថា បន្ទាប់ពី​លោក ខឹម វាសនា ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី និង​បង្កើត​បាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឡើង​ក្នុង​ឆ្នាំ​២០០៦​រួចមក គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​យក​ឈ្នះ​បាន​អាសនៈ ក្នុង​ឃុំ​-​សង្កាត់​ណាមួយ​នោះទេ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត