ដល់ពេល​​ដែល​មន្ត្រី​​ដេក​អេះ​ពោះ​​ស្តាប់​​​​បញ្ជា​មេ​ត្រូវ​​ភ្ញាក់ខ្លួន​​

ដោយ៖ គួន សំបូរ 14-06-2017 4:26 pm 7924

​អាណត្តិ​ទី​៥ ជា​អាណត្តិ​នៃ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោកនាយក​រដ្ឋ    មន្ត្រី​ហ៊ុន សែន​។ កំណែទម្រង់​ស៊ីជម្រៅ ធ្វើឡើង​ដើម្បី​ស្តារ​ប្រជាប្រិយភាព​គណបក្ស​ខ្លួន​ឡើងវិញ ក្រោយ​បាត់បង់​សំឡេង​កាល​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​។ ការបាត់បង់​សំឡេង​នេះ រដ្ឋាភិបាល​ទទួលស្គាល់​ថា ដោយសារ​តែ​សេវាសាធារណៈ​ខ្សោយ ជា​ពិសេស​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ថ្នាក់ក្រោម​តែម្តង​។ ទោះជា​លោកនាយក​រដ្ឋមន្ត្រី​ប្រកាសថា នឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ក៏​គេ​នៅតែ​យល់ឃើញថា ភាពកំសោយ​លើ​ការគ្រប់គ្រង​នៃ​មន្ត្រី​ថ្នាក់ក្រោម ពិសេស​មន្ត្រី​ដែល​កាន់​ការងារ​នៅ​មូលដ្ឋាន​នៅ​មិនទាន់​ប្រសើ​នៅឡើយ​។ តើ​នេះ​មកពី​មូលហេតុ​អ្វី​? ហើយ​គួរ​ដោះស្រាយ​ដោយ របៀប​ណា​?

​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​៤ បាន​ចប់​ហើយ​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា​។ លទ្ធផល​ក្រៅផ្លូវការ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​តែ​ទទួលបាន​តំណែង​មេឃុំ​-​ចៅសង្កាត់​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​កឹម សុខា​។ បើ​ធៀប​នឹង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​កាលពី​ឆ្នាំ​២០១២ គណបក្សប្រឆាំង​បាន​កើន​អាសនៈ​ឃុំ សង្កាត់​១២​ដង ស្របពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​អាសនៈ​មេឃុំ​-​ចៅសង្កាត់​ប្រមាណ​ជាង​៤០០​។​

​តែ​ទោះជា​យ៉ាងនេះក្តី ក៏​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​វាយតម្លៃថា លទ្ធផល​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧​នេះ គឺជា​ជោគជ័យ​ធំធេង​របស់​គណបក្ស​ប្រជាជន ព្រោះ​សំឡេងឆ្នោ​របស់​ខ្លួន​បាន​កើនឡើង ជាង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ប្រមាណ​ជាង​៣៥​ម៉ឺន​សំឡេង ស្នើ​នឹង​ប្រមាណ​៥១​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​។ នេះ​យោងតាម​សេចក្តីណែនាំ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បើ​យើង​ពិនិត្យ​ជា​ទូទៅ ការលើកឡើង​របស់​គ​ណ​បក្ស​កាន់​អំណាច អាច​គ្រាន់តែ​ជា​សម្តី​និយាយ «​លួង​ខ្លួនឯង​ប៉ុណ្ណោះ​»​។ ចង់​មិន​ចង់​អាសនៈ​មេឃុំ ចៅសង្កាត់ របស់​គណបក្ស​បាន​ធ្លាក់​ក្នុង​ដៃ​របស់​បក្ស​ប្រឆាំង​មួយចំនួន​ហើយ ជា​ពិសេស​មេឃុំ ចៅ​សង្កាត់​នៅក្នុង​ទីប្រជុំជន​មួយ​ភាគ​ធំ​បក្សប្រឆាំង​បាន​ដណ្តើមយក​។ បញ្ហា​នេះ​ត្រូវបាន​គេ​មើលឃើញថា វា​បង្កឡើង​ដោយសារ​ការអនុវត្ត​ការងារ​មន្ត្រី​ថ្នាក់ក្រោម​ក្នុង​រដ្ឋា​បាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចន្លោះប្រហោង​ក្នុង​ការគ្រប់គ្រង​។​

​សព្វ​ថ្ងៃ​គេ​សង្កេតឃើញថា អាជ្ញាធរ​មន្ត្រី​ថ្នាក់ក្រោម​ភាគច្រើន​ធ្វើ​ការងារ​តាមតែ​ការបញ្ជា​ពី​ថ្នាក់លើ ពោល​ទាល់តែ​មាន​បញ្ជា​ពី​មេ ឬ​ពី​នាយករដ្ឋមន្ត្រី ទើប​អាជ្ញាធរ ឬ​មន្ត្រី​ទាំងនោះ​នាំគ្នា​ស្ទុះស្ទា​ធ្វើការ ឬ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។ ប៉ុន្តែ​បើ​គ្មាន​បញ្ជា​ពី​មេ ឬ​នាយករដ្ឋមន្ត្រី​ទេ ពួកគេ​ហាក់​ធ្វើ​មិន​ឃើញ​ពី​ភាព​កង្វល់ ឬ​ទុក្ខលំបាក​របស់​ពលរដ្ឋ​ឡើយ​។​

​មាន​បញ្ហា​ជាច្រើន​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​រួមមាន​៖ ការកកស្ទះ​ចរាច​រណ៍ នៅតាម​ដងផ្លូវ បញ្ហា​សំរាម​នៅតាម​ទីសាធារណៈ ការកាប់បំផ្លាញ​ព្រៃឈើ និង​នេសាទ​ខុសច្បាប់ ការទារ​ភាស៊ី​តាម​ទីសាធារណៈ ការរំលោភ​ចិញ្ចើម​ផ្លូវ​របស់​រដ្ឋ​យកមក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន និង​មាន​បញ្ហា​ជាច្រើន​ទៀត កំពុងតែ​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ធ្វើអោយ​មាន​កា​រអ៊ូរទាំ មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។​

​ចំពោះ​អាជ្ញាធរ​មន្ត្រី​ថ្នាក់ក្រោម យើង​ទទួលស្គាល់ថា មាន​អាជ្ញាធរ​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន បាន​បំពេញ ការងារ​ល្អ ហើយក៏​មាន​ការពេញចិត្ត​ពី​ប្រជាពលរដ្ឋ​ដែរ​។ ប៉ុន្តែ​ចំនួន​មន្ត្រី​មូលដ្ឋាន​បែបនេះ នៅតែ​មិន​ទាន់​មាន​ច្រើន​ឡើយ​ទេ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​។ សព្វថ្ងៃ​មាន​ច្រើន​តែ​មន្ត្រី​អែបអប មន្ត្រី​លើកជើង​ដើម្បី​ចង់បាន​លាភសក្ការៈ និង​មន្ត្រី​ដេក​ស្តាប់​តែ​បញ្ជា​ពី​ថ្នាក់លើ​។ បន្ថែម​ពី​នេះ ពួកគេ​បាន​បង្ក​ការលំបាក​ជាច្រើន​ដល់​ពលរដ្ឋ​ដែល​ម្ចាស់ឆ្នោត ជាពិសេស​ការទារលុយ​ពីមុខ ពីក្រោយ​ក្នុង​ធ្វើឯកសារ អ្វីមួយ ហើយ​ស្ទើ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​ក្នុ​ង​រដ្ឋបាល​ថ្នាក់ក្រោម​។​

​មន្ត្រី​បែប​នេះ​បាន​ធ្វើឲ្យ​សំឡេង​គាំទ្រ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា ធ្លាក់ចុះ​យ៉ាងគំហុក​នៅក្នុង​ការបោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០១៣​កន្លងទៅ​។ របៀប​បាត់​សន្លឹកឆ្នោត រឺ​មូលហេតុ​នាំ​ឲ្យ​បាត់​សន្លឹកឆ្នោត ពេលខ្លះ​មិន​ចាំបាច់ ហៅ​បណ្ឌិត រឺ​គ្រូទា​យមកពីណា ដើម្បី​ស្វែងរក​ទេ ហើយ​មិនចាំបាច់​ទាមទារ កែទម្រង់​ឲ្យ​ជ្រៅ​ដល់​ណា​ដែរ គឺ​ឃើញ​នៅ​នឹង​ភ្នែក ដូច​សព្វថ្ងៃ​នេះ​ស្រាប់​។​

​តែ​យ៉ាង​ក៏​ដោយ​ណា យើង​ក៏​មិន​អាច​ស្តីបន្ទោស​តែ​មន្ត្រី​មូលដ្ឋាន​ដែរ​។ បញ្ហា​ដេក​ស្តាប់​បញ្ជា​ពី​មេ​នេះ ក៏​មាន​ការរួមចំណែក​ពី​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មួយចំនួន​ដែល​នៅ​ស្រឡាញ់​អំណាច​ដែរ​។ មន្ត្រី​ទាំងនោះ​នាំគ្នា​ដេក​ឱប​អំណាច​តែម្នាក់ឯង មិន​ផ្ទេរ​មុខងារ សិទ្ធិ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​នោះឡើយ​។ ដូច្នេះ បាន​ធ្វើឲ្យ​ការងា​ររបស់​មន្ត្រី​ថ្នាក់ក្រោម​ត្រូវ​រាំងស្ទះ ដោយសារ​រង់ចាំ​ការសម្រេចចិត្ត​ពី​មេ​។​

​សូមបញ្ជាក់​ថា សព្វថ្ងៃ​កម្ពុជា​ដឹកនាំ​ការងារ​បែប «​ប្រព័ន្ធ​វិសហមជ្ឈការ​» មានន័យ​ថា រាជរដ្ឋាភិបាល ឬ​ក្រសួង​ស្ថាប័ន ធ្វើ​ប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និង​ធនធាន (​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង​បុគ្គលិក​) ទៅ​អង្គភាព​ក្រោមបង្គាប់​ឬ​ទៅ​ក្រុមប្រឹក្សា​ប្រភេទ​ណា​មួយ​ដើម្បី​អនុវត្ត​មុខងារ​នេះ​ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួង​ឬ​ស្ថាប័ន​នោះ​។ និយាយ​ភាសា​សាមញ្ញ​ទៅ គឺជា​ដំណើរការ​ផ្ទេរ​មុខងារ ទាំង​ធនធាន និង​ថវិកា​ទៅ​ថ្នាក់ក្រោម​ជាតិ តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ឲ្យមាន​តម្លាភាព គណនេយ្យភាព ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​។​

​សរុប​មក​វិញ ឱសថ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​សម្រាប់​ដោះស្រាយ ការងារ​មន្ត្រី​មូលដ្ឋាន​ឲ្យមាន​លក្ខណៈ​ល្អ​ទី​១ ការអនុវត្ត​ច្បាប់​៖ រដ្ឋាភិបាល គួរ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​មូលដ្ឋាន​ឲ្យ​ខ្លាំង​ជាង​នេះ ទាំង​ម៉ោង​ធ្វើការ របាយការណ៍​ប្រចាំថ្ងៃ និង​ត្រូវមាន​ក្រុម​ត្រួតពិនិត្យ​មួយ​ដោយ​មាន​គុណភាព​ដោយ​តម្លាភាព​មួយ មិនចាំបាច់​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ទៅ​ផ្ទាល់​ឡើយ​។​

​ទី​២ ត្រូវ​ដាក់​បេក្ខភាព មេឃុំ សង្កាត់ ជា​មនុស្ស​គុណភាព និង​ចំណេះដឹង​គ្រប់គ្រាន់ មិនមែន​ដាក់​តែ​បក្សពួកនិយម ឬ​មនុស្ស​គ្មាន​សមត្ថភាព​ទេ​។ សព្វ​ថ្ងៃ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ខ្លះ ចំណេះដឹង​របស់​ពួកគេ អាចនិយាយបាន​ថា នៅ​មាន​កម្រិត​ទាប​មិន​អាច​បង្កើត​គំនិត និង​គម្រោង​ស្នើសុំ​ថវិកា ដើម្បី​អភិវឌ្ឍន៍ ភូមិ ឃុំ សង្កាត់ របស់​ពួកគេ​បានឡើយ ដូច្នេះហើយ​បាន​ជា​ការអនុវត្ត ការងារ​នៅ​មាន​កម្រិត​ទាប និង​ដេក​ស្តាប់​តែ​បញ្ជា​ពី​ថ្នាក់លើ​។​

​ចំណែក​ទី​៣ ចំពោះ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល មិន​ត្រូវ​ដេក​ឱប​អំណាច​តែម្នាក់ឯង​ឡើយ ពោល​គឺ​ធ្វើ យ៉ាងណា​ត្រូវ​ផ្ទេរ​មុខងារ សិទ្ធិ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​។ បន្ថែម​ពី​មុខងារ សិទ្ធិអំណាច រដ្ឋាភិបាល​ក៏​មិន​អាច​មើល​រំលង​ក្នុង​ការផ្តល់ ទាំង​ធនធានមនុស្ស និង​ថវិកា​ឲ្យបាន​គ្រប់គ្រាន់ និង​មាន​តម្លាភាព គណនេយ្យភាព តាម​តែ​អាច​ធ្វើបាន ក្នុងន័យ​បង្ក​ភាពងាយស្រួល​ក្នុង​ការបំពេញ​ភារកិច្ច​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​៕

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត