លោក​ប្រាក់ សុផាន់​ណា ប្តេជ្ញា​និពន្ធ​បទ​ចម្រៀង​លើកទឹកចិត្ត​ដល់​អ្នក​បាក់​ទឹកចិត្ត​

ដោយ៖ គង់ ឧត្តម 13-06-2017 5:31 pm 2041
រយៈពេលជិត ១៨ឆ្នាំមកនេះ យុវជន ប្រាក់ សុផាន់​ណា បានអាស្រ័យលើរទេះរុញ ។ រូបថតដោយ សប្បាយ

​បទ​ចម្រៀង « រឿង​ខ្ញុំ » ដែល​ទើបតែ​បង្ហោះ​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ទៅ​នេះ ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង បទ​ភ្លេង និង​ច្រៀង​ដោយ លោក ប្រាក់ សុផាន់​ណា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ចម្រៀង​ច្រៀង​បទ​លើកទឹកចិត្ត និង​ផ្តល់​ក្តីសង្ឃឹម​ដល់​យុវជន​ដទៃ ក្រោយ​ជីដូន​របស់​ខ្លួន​បាន​ទទួលមរណៈភាព ។ 

​លោក​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ដោយ​ភ្ជាប់​ជាមួយនឹង​វីដេអូ​ចម្រៀង​ខាងលើ​ថា « ជា​បទ​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំ​និពន្ធ​ដោយ​នឹង​ទឹកភ្នែក ជាមួយ​និង​បេះដូង​ដ៏​ក្រៀមក្រំ តែ​វា​ពិតជា​ពោរពេញ​ទៅ​ដោយ​សង្ឃឹម​នៅក្នុង​ជីវិត ។ »

​លោក ប្រាក់ សុផាន់​ណា ប្រាប់ថា ក្រោយ​លោក​ឃើញ ពលរដ្ឋ​មួយចំនួន​ក្នុងសង្គម ដែល​បាន​បាក់​ទឹកចិត្ត អស់សង្ឃឹម ជាពិសេស​ជនពិការ អ្នកខ្លះ​អស់សង្ឃឹម​រហូត​ក្លាយជា​អ្នកសុំទាន ជា​ហេតុ​ជំរុញ​ឱ្យ​លោក​សរសេរ​បទ​អប់រំ ដើម្បី​ផ្តល់​កម្លាំងចិត្ត​តាមរយៈ​ចម្រៀង ។​
​សំឡេង លោក ប្រាក់ សុផាន់​ណា ៖

​លោក​ថា ក្រោយ​ចាប់​អាជីព​ប្រឡូក​ក្នុង​សិល្បៈ​ជា​អ្នកចម្រៀង និង​និពន្ធ​បទ​ថ្មី លោក​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី ចំនួន ៦​បទ ដែល​ភាគច្រើន​ជា​ប្រភេទ​បទ​អប់រំ​ផ្លូវចិត្ត លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត ។ 

​តារាចម្រៀង​ពិការ មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូបនេះ ត្រូវ​បាន​ក្លាយ​ជា​កូនកំព្រា ក្រោយ​មាន​អំពើ​ឃាតកម្ម​សម្លាប់​មួយ​គ្រួសារ​ក្នុង​ឆ្នាំ​១៩៩៤ ។ តាំងពី​ពេលនោះ​មក លោក​បាន​ចូល​ទៅ​ស្នាក់​អាស្រ័យ​នៅ​មណ្ឌល ក្នុង​ខេត្ត​សៀមរាប​ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ សុផាន់ណា មិនបានបន្តរស់នៅក្នុងមណ្ឌលនោះទេ ដោយលោកបានចេញមករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនលោក។ ជា​កូនប្រុស​ពៅ​ក្នុង​គ្រួសារ​ចំនួន​៤​នាក់ លោក​បាន​ធ្លាក់ខ្លួន​ពិការ ដោយ​អាស្រ័យ​នឹង​រទេះរុញ បន្ទាប់ពី​មាន​ជំងឺ​ទាក់ទង​នឹង​ខួរឆ្អឹងខ្នង ក្នុង​ឆ្នាំ​១៩៩៩ ។​

​លោក​ប្រាក់ សុផាន់​ណា​បញ្ជាក់ថា កន្លងមក ធ្លាប់​មាន​អ្នក​រិះគន់ មើលងាយ លើ​រូប​លោក​ដែរ ប៉ុន្តែ​លោក​បែរជា​សប្បាយចិត្ត សប្បាយ​នឹង​អ្វី​ដែល​ខ្លួន​កំពុងមាន និង​ធ្វើ ហើយ​អ្នកខ្លះ​ក៏​លើកសរសើរ​ពី​ការតស៊ូ​ព្យាយាម​ក្នុង​ជីវិត ធ្វើឱ្យ​អ្នក​ដទៃ​មាន​កម្លាំងចិត្ត តាមរយៈ​បទ​ចម្រៀង ការងារ និង​ជិវិត​រស់នៅ ។​

​តារាចម្រៀង​ច្រៀង​លេង​ហ្គី​តា​អាស្រ័យ​ដោយ​ទ្រាល​លើ​រទេះរុញ​រូបនេះ​ថា គ្មាន​អ្នកណា​ម្នាក់​ដែល​កើត​មក​មាន​ជីវិត​អមតៈ​ឡើយ ដូច្នេះ មនុស្ស​ទាំងអស់​ត្រូវតែ​រស់នៅ​ដោយ​រីករាយ ពោរពេញ​ដោយ​ក្តីសង្ឃឹម និង​តស៊ូ​ព្យាយាម ។​
​សំឡេង លោក ប្រាក់ សុផាន់​ណា ៖​

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត