ពាក្យ​​«​ប្រមាថ និង ប្រមា​ទ​» ​មានន័យ​ខុសគ្នា​​ដូចម្តេច​?​

ដោយ៖ ខាត់ សុធី 11-06-2017 9:26 am 5520


​មនុស្ស​មួយចំនួន​ប្រហែល​ជា​គិតថា ពាក្យ​«​ប្រមា​ទ និង​ប្រមាថ​»​នេះ ជា​ពាក្យ​តែ​មួយ​មាន​ន័យ​ដូចគ្នា​។​ប៉ុន្តែ​ផ្ទុយស្រឡះ វា​ជា​ពាក្យ ពីរ សម្គាល់​ន័យ​ដាច់ដោយឡែក​ពីគ្នា​។​

 

​តាម​ការ​ពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ពាក្យ​«​ប្រមាថ​» មាន​ថ្នាក់​ពាក្យ​ជា .​នាម​. ពាក្យ​នេះ ខ្ចី​ពី​សំស្ក្រឹត មានន័យ​ថា ការ​បៀតបៀន​គេ​, ការ​ញាំញី​គេ​, ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យគេ​លំបាក​, ការ​មើលងាយ​គេ​។ ប្រើ​ជា​.​កិ​. ក៏បាន ដូចជា មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ​។ មនុស្ស​ប្រមាថ​ចាស់ គឺ​មនុស្ស​មើលងាយ​ចាស់​។ ប្រមាថកាតទាន គឺ​មើលងាយ​បៀតបៀន​ឲ្យគេ​ខាត​លាភ​ខាត​ប្រយោជន៍​។​

 

​ឯ​ពាក្យ​«​ប្រមា​ទ​»​មាន​ថ្នាក់​ពាក្យ​ជា .​នាម​. ពាក្យ​នេះ ខ្ចី​ពី​សំស្ក្រឹត​(​បាលី ថា ប​មាទ​) មានន័យ​ថា ការ​ភ្លេច​ស្មារតី​, ធ្វេស​ស្មារតី​, សេចក្តី​ប្រហែស​។ ជា​.​កិ​. គឺ ភ្លេច ធ្វេស ប្រហែស​ស្មារតី​។ កំណាព្យ​មួយ​ឃ្លា​ថា ជន​ណា​ប្រមា​ទ ប្រព្រឹត្ត​ឃ្លៀងឃ្លាត ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី នៅ​មាន​ជីវិត តាម​ដោយ​ការពិត ថា​ស្លាប់​ស្រេច​ហើយ​។ ត្រូវ​ត្រង់​គ្នា​នឹង​ពុទ្ធភាសិត​ថា​«​ជន​ណា​ប្រមា​ទ ជន​នោះ​ទុក​ដូចជា​បុគ្គល​ស្លាប់​» គឺ​ស្លាប់ប្រយោជន៍​ក្នុង​លោក​នេះ និង​ក្នុង​បរលោក​។​

 

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រង់​ទំព័រ​៦៦១)

ព័ត៌មានផ្សេងទៀត