ការអនុវត្ត​ការ​ងារ​​មេឃុំ​ថ្មី​​ជា​ចំណុច​​ស្លាប់​រស់​​របស់​​CPP​និង​​CNRP​

ដោយ៖ គួន សំបូរ 08-06-2017 9:38 am 3799

​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​៤ បាន​ចប់​ហើយ​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា​។ លទ្ធផល​បឋម បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ឈ្នះ​ការបោះឆ្នោត​តែ​បាត់​ចំនួន​អាសនៈ​ឃុំ​-​សង្កាត់  ខណ​:​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើនឡើង​ចំនួន​ឃុំ​-​សង្កាត់​សម្រាប់​ការគ្រប់គ្រង​ថ្នាក់​មូលដ្ឋាន​។ យ៉ាង​ក្តី​នេះ​គ្រាន់តែ​ជា​បោះឆ្នោត​តង់​ទី​១​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​មួយ​ទៀត គឺ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ដូច្នេះ ការអនុវត្ត​ការងារ​មេឃុំ​ថ្មី ត្រូវ​គេ​មើលឃើញ​ថា ជា​ចំណុច​ស្លាប់​រស់​របស់​បក្ស​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​។

សំឡេង៖

​លទ្ធផល​ក្រៅផ្លូវការ​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទទួលបាន​តំណែង​មេឃុំ​-​ចៅសង្កាត់ ប្រមាណ​ជាង​១១៦០​ឃុំ​-​សង្កាត់ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​មេឃុំ​ចៅ​-​សង្កាត់​ជិត​៥០០​នៅ​ទូទាំង​ប្រទេស​។ បើ​ធៀប​នឹង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​កាលពី​ឆ្នាំ​២០១២ គណបក្សប្រឆាំង​បាន​កើនឡើង​១២​ដង ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​អាសនៈ​មេឃុំ​-​ចៅសង្កាត់​ប្រមាណ​ជាង​៤០០​។​

​តាមរយៈ​លទ្ធផល​នេះ គណបក្ស​ធំៗ​ទាំងពីរ សុទ្ធ​តែ​សប្បាយចិត្ត​រៀងៗ​ខ្លួន​។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា សប្បាយ​ព្រោះ​ឈ្នះ​សន្លឹក​ឆ្នោត​បាន​ច្រើន​ជាង​ឆ្នាំ​២០១៣ ចំនួន​ជាង​៣០​ម៉ឺន​សំឡេង រីឯ​គណបក្ស​សង្គ្រោះ​ជាតិ សប្បាយ​ព្រោះ​ឈ្នះ​បាន​កៅអី​មេឃុំ ចៅសង្កាត់ បាន​ច្រើន​ជាង​ឆ្នាំ​២០១២​។​

​ជា​ការពិត​ណាស់ ការបោះឆ្នោត​ឆ្នាំ​នេះ​គេ​យល់​ថា ជា​ការប្រកួតប្រជែង​គ្នា​យ៉ាង​ល្អ តាម​បែប​ប្រជាធិតេយ្យ​។ យ៉ាងណា​ក្តី​នេះ​គ្រាន់តែ​ជា​បោះឆ្នោត​តង់​ទី​១​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​មួយ​ទៀត គឺ​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុននេះ នឹង​តឹងតែង​ជាង​ឆ្នាំ​២០១៧ ហើយ​បើសិនជា គណបក្ស​ធំៗ​ទាំង​ពីរ​មិន​ប្រយ័ត្ន​ទេនោះ សន្លឹកឆ្នោត​អាច​នឹង​ត្រូវ​បាត់បង់​។ នេះ​បើ​តាម​ការមើលឃើញ​របស់​អ្នកស្រាវជ្រាវ​។​

​បើ​យើង​ពិនិត្យ​កាលពី​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន បាន​ទទួល​នូវ​មេរៀន​ម្តង​រួចមកហើយ ក្រោម​កណ្តាប់ដៃ​គណបក្ស​សង្គ្រោះ​ជាតិ របស់​លោក​កឹម សុខា​។ កាលណោះ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​កៅអី​សភា​ចំនួន​២២ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​កើន​ដល់​៥៥​អាសនៈ​។ ដូច្នេះហើយ បានជា​គណបក្ស​ប្រជាជន សម្រេច​ប្រកាស​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ចំពោះ​មន្ត្រី​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល​។​

«​មុជទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល និង​ព្យាបាល​» នេះ​ជា​សារ​ខ្លី​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ក្រើនរំលឹក​ដល់​មន្ត្រី​របស់​ខ្លួន​ដើម្បី​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ នៅក្នុង​ជួរ​គណបក្ស និង​មន្ត្រី​នៅ​ជួរ រដ្ឋាភិបាល​។ ក្រោយ​ប្រកាស​កំណែទម្រង់​ស៊ីជម្រៅ គេ​សង្កេតឃើញថា មាន​ការងារ​មួយចំនួន​ត្រូវបាន រដ្ឋ​ដោះស្រាយ​ដូចជា​៖ ការបង្ក្រាប​គ្រឿន​ញៀន ភូមិ​ឃុំ​មាន​សុ​វត្តិភាព លុបបំបាត់​កុងត្រូល​យកលុយ​ពី​ពលរដ្ឋ តាមផ្លូវ ការកំណត់ថ្លៃ​សេវាសាធារណៈ និង​មាន​ជាច្រើន​ទៀត​។​

​តាមរយៈ​លទ្ធផល​ឆ្នាំ​២០១៧​នេះ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​អាសនៈ​មេឃុំ​-​ចៅសង្កាត់​ប្រមាណ​ជាង​៤០០​ក្តី តែ​គណបក្ស​នេះ​បាន​ឈ្នះ​សន្លឹក​ឆ្នោត​បាន​ច្រើន​ជាង​ឆ្នាំ​២០១៣ ចំនួន​ជាង​៣០​ម៉ឺន​សំឡេង​។ ចំនួន​នេះ ត្រូវបាន​អ្នកជំនាញ​ខ្លះ​វាយតម្លៃ​ថា អាច​បាន​មក​ដោយសារ​ការ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល គួបផ្សំ​ជាមួយ​សសរ​គ្រឹះ​ថ្នាក់ក្រោម​ផង​។​

​ចំណែកឯ​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ អាច​បណ្តាល​មក​ពី​កម្មវិធី​នយោបាយ និង​ការសន្យា ផ្តល់​លុយកាក់ ហើយ​សារ​នយោបាយ​វិញ គឺ​មាន​លក្ខណៈ​ខ្លីៗ​ងាយ​យល់​សម្រាប់​ពលរដ្ឋ​សាមញ្ញ​។ ម្យ៉ាងវិញទៀត គួប​ផ្សំ​ជាមួយនឹង​ចរន្ត​ចង់​ផ្លាស់ប្តូរ​របស់​ពលរដ្ឋ ជា​ពិសេស​យុវជន​សម័យ​ថ្មី ពួកគេ​ធុញទ្រាន់ និង​រចនាសម្ព័ន្ធ​ចាស់  ព្រោះ​រចនាសម្ព័ន្ធ​មូលដ្ឋាន​របស់​បក្ស​កាន់​អំណាច​មួយចំនួន មាន​ភាពស្មុគស្មាញ បង្ក​ការលំបាក​ដល់ ពលរដ្ឋ​ព្រមទាំង​ប្រកាន់​បក្សពួក​និយម គ្រួសារនិយម រើសអើង​គ្នា​ជាដើម​។ គេ​ចង់​សាក​ភ្លក្ស​រសជាតិ​រចនាសម្ព័ន្ធ​មូលដ្ឋាន​ដឹកនាំ​ថ្មី​។ តើ​វា​ដូច​អ្វី​ដែល​បក្សប្រឆាំង​អះអាង​ដែរ​ទេ​?

​ការបោះឆ្នោត​ក្នុង​ឆ្នាំនេះ គេ​សង្គេត​ឃើញ​មាន​វត្តមាន​បេក្ខជ​ន​មេឃុំ ចៅសង្កាត់​បក្ស​ប្រឆាំង​មួយ​ចំនួន គេ​ចាប់​អារម្មណ៍ ជាពិសេស​បេក្ខជន​មេឃុំ ចៅសង្កាត់​វ័យក្មេង​២​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់​ជា​ចៅសង្កាត់​។ ក្រៅពីនេះ ក៏​មាន​ផង​ដែរ ការវាយប្រហារ​ទៅ​មេឃុំ ចៅ​សង្កាត់​របស់​បក្ស​ប្រឆាំង​ថា ជា​អតីត​ជា​អ្នករត់​ម៉ូតូឌុប អ្នកធាក់ស៊ីក្លូ អ្នកលក់​នំកូ អ្នក​លាងចាន​ជាដើម​។​

​តែ​យ៉ាងណា នេះ​គ្រាន់តែ​បើកឆាក​ដំបូង​នៃ​ការវាយប្រហារ​របស់​បក្ស​នយោបាយ​ប៉ុណ្ណោះ​។ គេ​រំពឹងថា ការវាយប្រហារ​គ្នា​នេះ នឹង​បន្ត​មាន​កាន់តែច្រើន​នៅពេល​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ពោល​ក្រោយ ការអនុវត្ត​ការងារ​របស់​មេឃុំ ចៅសង្កាត់​ថ្មី​របស់​បក្ស​នី​មួយៗ​អនុវត្ត​ការងារ​បាន​១​ឆ្នាំ​។ ការបំពេញ​ការងា​ររ​បស់​មេឃុំ​ចៅសង្កាត់ គឺ​អ្នកតំណាង​មុខមាត់​របស់​បក្ស​ទាំងមូល ព្រោះថា ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់ឆ្នោត​សព្វថ្ងៃ មិន​ដូច​មិន​ដូច​ពី​អាណត្តិ​មុនៗ​ឡើយ គឺ​អាច​នឹង​ប្រែប្រួល​គ្រប់ពេលវេលា​។  

​សរុប​មក​វិញ ដើម្បី​រក្សា​សំឡេងឆ្នោត​របស់​ខ្លួន​ថេរ និង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​២០១៨ គណបក្ស​ធំៗ​ទាំង​ពីរ​គួរ​ផ្តើមចេញ​ពី​ការអនុវត្ត​ការងារ​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព នៅតាម​ឃុំ​-​សង្កាត់​នីមួយៗ​ដែល​ខ្លួន​កាន់ ជាពិសេស​ការសន្យា​របស់​បក្ស​ខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​។ ត្បិត​ណាស់ ពលរដ្ឋ​មិន​ខ្វល់​ថា មេឃុំ ចៅសង្កាត់ ជា​អតីត​អ្នករត់​ម៉ូតូឌុប អ្នកធាក់ស៊ីក្លូ ឬ​អ្នក​លក់​នំកូ​ស្អី​ទេ សំខាន់​មេឃុំ ចៅ​សង្កាត់​ណា​បំរើ​រា​ស្ត្រី​បាន​ល្អ​ដោយ​គ្មាន​ភាព​រើស អើ​ង​ប្រកាន់​បក្សពួក  ធ្វើឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ អភិ​វ​ឌ្ឃ​ភូមិ​ឃុំ​បាន​ប្រសើរ ដោយ​គ្មាន​អំពើពុករលួយ គឹ​ល្អ​ណាស់​ប្រជា​ជាតិ​ទាំងមូល​៕

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត