តើ​កម្ពុជា​​ត្រូវការ​​«​ផ្លាស់ប្តូរ​»​​មេដឹកនាំ​​ដែរឬទេ​?​

ដោយ៖ គួន សំបូរ 01-06-2017 3:48 pm 8780
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជិត​បោះឆ្នោត​ម្តងៗ គេ​អង្កេត​ឃើញថា ពលរដ្ឋ​ខ្មែរ​មួយចំនួន​បារម្ភ​ពី​ស្ថានការណ៍ ក្រោយពេល​បោះឆ្នោត ដោយ​ខ្លាច​សង្គ្រាម​ផ្ទុះ​ឡើង​ជា​ថ្មី ក្រោយ​មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​។​ពលរដ្ឋ​ខ្លះ បាន​ហាមឃាត់​ក្រុមគ្រួសារ​ពួកគេ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​បញ្ហា​អសន្តិសុខ​នៅពេល​បោះឆ្នោត​មក​ដល់ ហើយ​ខ្លះ​ទៀត​រហូត​ទិញ​សម្ភារ​ចំណីអាហារ ត្រៀម​បង្ការ​ករណី​អាក្រក់​ណាមួយ​កើតឡើង​។ តើ​ពលរដ្ឋ​ខ្មែរ​គួរ​ខ្លាច «​ការផ្លាស់ប្តូរ​» ដែរឬទេ​? តើ​កម្ពុជា​ត្រូវការ​ចាំបាច់​«​ផ្លាស់ប្តូរ​»​មេដឹកនាំ​ឬ​យ៉ាងណា​? សូ​ម​អាន​បទ​វិចារណៈកថា​ដូចតទៅ​៖

​ការដួលរលំ​នៃ​របប​ដឹកនាំ​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា នៅ​អាហ្វ្រិក បដិវត្តន៍​ផ្កាម្លិះ និង​និទាឃ​រដូវ​អារ៉ាប់ បាន​នាំមក​នូវ​បទពិសោធន៍​ដ៏​អាក្រក់​នៃ​ការផ្លាស់ប្តូរ​នៅ​ជុំវិញ​ពិភពលោក​។ ប្រជាជន​ជាច្រើន​ត្រូវបាន​បំភ័យ​ដោយ​«​ការផ្លាស់ប្តូរ​» ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផង​ដែរ​។ ពួក​មហាអំណាច​មិន​បាន​រៀបចំ​ផែនការ​ដ៏​ល្អ​សម្រាប់​ការផ្លាស់ប្តូរ ដែល​ស្ថិតក្រោម​របៀបវារៈ​នយោបាយ​របស់​ខ្លួន​ឡើយ​។

​តាមរយៈ​បទពិសោធន៍​ខាងលើនេះ ប្រជាជន​កម្ពុជា​មិន​គួរ​ប្រឈម​នឹង​ហា​នី​ភ័យ​នៃ​ការផ្លាស់ប្តូរ​ណាមួយ ដែល​គ្មាន​ភាពប្រាកដប្រជា​នោះដែរ​។ អ្វី​ដែល​ប្រជាជន​កម្ពុជា​គួរ​ធ្វើ​នៅពេលនេះ គឺ​មិនមែន​ដូរ​អ្នកដឹកនាំ​នោះទេ គឺ «​ដូរ​របៀប​ដែល​ពួកគាត់​ដឹកនាំ​»​។ ការដូរ​របៀប​ដែល​ពួកគាត់​ដឹកនាំ​នេះ ធ្វើឡើង​តាមរយៈ​ការជំរុញ​ឱ្យ​មាន​កំណែទម្រង់​ស៊ីជម្រៅ​ពិតប្រាកដ​មួយ ដែល​មិនមែន​ជា​ការសន្យា​ម្តង​ហើយ​ម្តងទៀត​នោះ​ទេ​។​

​បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​នៅពេលនេះ កំពុង​មាន​ទឹកមាត់ប្រៃ ដូច្នេះ​ត្រូវ​ចេះ​ប្រើ​ឱកាស​មាស ឱកាស​ប្រាក់​នេះ និយាយ​ត្រង់ៗ ឬ​ព្រមាន​ចំៗ​ទៅកាន់​រាជរដ្ឋាភិបាល ឱ្យ​ដូរ​មនុស្ស និង​ដូរ​របៀប​ដឹកនាំ​មួយ​ចំនួន​ដែល​ដើរ​ឆ្ងាយ​ពី​សភាពការណ៍​ពិត និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​, «​របៀប​ធ្វើ​ដដែលៗ មិន​អាច​បាន​លទ្ធផល​ប្រសើរ​ជាង​មុន​ទេ​»​។​

​រាជរដ្ឋាភិបាល ត្រូវតែ​ហ៊ាន​ទទួលយក​ពាក្យពិត ពី​ប្រជាជន​ដោយ​គ្មាន​ការរើសអើង ឬ​ការ​លាប​ពណ៌​។ អាជ្ញាធរ​មួយចំនួន ដែល​នៅតែ​ប្រកាន់​ឥរិយាបថ​រើសអើង ឬ​លាប​ពណ៌​ហួសហេតុ​ទៅលើ​ប្រជាជន​ខ្លួន​ឯង គឺ​គ្មាន​បាន​ជួយ​អ្វី​ទាល់តែ​សោះ​ដល់​រាជរដ្ឋាភិបាល ក្រៅ​តែ​ពី​ការ​រុញច្រាន​ប្រជាជន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ដើមទ្រូង​រាជរដ្ឋាភិបាល​។

​ជា​ការពិត​ណាស់ រាជរដ្ឋាភិបាល និង​ប្រជាជន ប្រៀប​ដូច​ឪពុកម្តាយ និង​កូនៗ​។ គ្មាន​ឪពុក​ម្តាយ​ណា​ចង់​ឱ្យ​កូនៗ​ក្រលំបាក​ទេ ហើយ​ក៏​គ្មាន​កូនៗ​ណា​ចង់​ឱ្យ​ឪ​ពុ​ម្តាយ​ចាកចេញ​ពី​ខ្លួន​ដែរ​។ គ្រួសារ​មួយ​ដែល​មាន​សុភមង្គល គឺជា​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​ពោរពេញ​ដោយ​ព្រហ្ម​វិហារធម៌ ហើយ​កូនៗ​ពោរពេញ​ដោយ​កត្តញ្ញូតាធម៌​។

​ជារួម​សុខុម​ដុម​និយកម្ម​នៃ​សង្គម​ខ្មែរ​យើង មិនមែន​ជា​មោទនភាព​នៃ​ការ​ភ្លក្ស​រសជាតិ​ប្រជាធិបតេយ្យ​បែប​បស្ចិមប្រទេស​នោះឡើយ​។ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​យើង​ត្រូវការ គឺ​«​សន្តិភាព វិបុលភាព និង​យុត្តិធម៌​សង្គម​»​។ ប្រជាជន​មិន​ត្រូវ​ការផ្លាស់ប្តូរ​ទេ បើ​រាជរដ្ឋាភិបាល​ចេះ​ផ្លាស់ប្តូរ​។ ប្រជាជន​មិន​ល្ងង់​ដល់​ថ្នាក់ «​យក​ឆ្កែ​អូស​រទេះជំនួស​គោ​នោះ​ដែរ​»៕

(អត្ថបទដោយ​​លោកបណ្ឌិតគិន ភា អនុប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា)

ព័ត៌មានផ្សេងទៀត