អាសន្ន​​របស់​បក្ស​​គឺ​មេឃុំ​-​សង្កាត់​​ចាប់​ឆាយ​​

ដោយ៖ គួន សំបូរ 31-05-2017 4:43 pm 695

​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី ៤​។  ការបោះឆ្នោត​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍ​ប្រទេស ជាពិសេស​នៅ​ថ្នាក់មូលដ្ឋាន ព្រោះ​មេឃុំ​-​ចៅសង្កាត់​ជា​មនុស្ស​ដឹង​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ផ្ទាល់​។ ប៉ុន្តែ​នៅ​កម្ពុជា​សព្វថ្ងៃ​មាន​មេឃុំ​-​ចៅសង្កាត់​មួយ​ចំនួន ពុំ​បាន​បំពេញ​ត្រឹមត្រូវ​បាន​តួនាទី​របស់​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ថែម​ទាំង​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​មាន​គំនិត​បក្សពួកនិយម​ថែម​ទៀត​។ តើ​នេះ​បង្កឡើង​ដោយ​មូលហេតុ​អ្វី​? សួ​ម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​នេះ មាន​គណបក្សនយោបាយ​ចំនួន ១២ បាន​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​មេឃុំ​នៅក្នុង​ឃុំ​-​សង្កាត់​ចំនួន ១,៦៤៦ នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​។ ក្នុងនោះ​មាន​បេក្ខភាព​មេឃុំ ចៅ​សង្កាត់​ចំនួន​ជាង​៩​ពាន់​នាក់​។ មេឃុំ​ទាំងនេះ រៀបចំឡើង​ដោយ​គណបក្ស​នយោបាយ ហើយ​មេឃុំ​ដាក់​ច្រើនជាងគេ​បាន​ទូទាំងប្រទេស គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ការរៀបចំ​បេក្ខភាព​បេក្ខភាព​មេឃុំ​-​ចៅសង្កាត់​នេះ គណបក្សនយោបាយ​ទាំងអស់ គេ​ធ្វើ​តាម​នីតិវិធី​ផ្សេងៗ​គ្នា ដោយ​ពុំ​បាន​បើក​ឲ្យ​ទូលំទូលាយ​ឡើយ​។ តាម​ការអង្កេត​ពី​អ្នកស្រាវជ្រាវ បេក្ខភាព​មេឃុំ​-​ចៅសង្កាត់ ភាគច្រើន​កើតចេញពី​មនុស្ស​ដែល​ស្មោះស្ម័គ្រ មាន​សកម្មភាព​ច្រើន​ជាមួយនឹង​គណបក្ស និង​អ្នក​សំបូរ​វោហា​សាសន៍​បញ្ចុះបញ្ចូល​ឲ្យគេ​ជឿ​លើ​បក្ស​ខ្លួន​។​ចំពោះ​ការផ្តល់​អតិ​ភាព​សម្រាប់​អ្នក​មាន​ចំណេះ និង​អ្នក​មាន​សមត្ថភាព​វិញ ត្រូវ​គណបក្ស​នយោបាយ​មើលរំលង​។ កត្តា​នេះ​ហើយ ជា​ឧបសគ្គ​ធំ​សម្រាប់​អភិវឌ្ឍ​ឃុំ​-​សង្កាត់​។​

​តើ​នេះ​បង្កឡើង​ដោយ​មូលហេតុ​អ្វី​? ចម្លើយ​សាមញ្ញ​ថា គឺ​បណ្តាលមកពី​ពលរដ្ឋ​រើស​មេឃុំ ចៅសង្កាត់ អសមត្ថភាព ដោយ​មិន​បាន​ឲ្យ​តម្លៃលើ​សមត្ថភាព​ជា​ក់​ស្តែង គាំទ្រ​បក្ស​ណា បោះឆ្នោត​ឲ្យ​បក្ស​នោះ មិនមែន​បោះ​ឲ្យ​មេឃុំ​ដែល​មាន​សមត្ថភាព​ទេ​។ ចង់​មិន​ចង់​ប្រសិន​ពលរដ្ឋ​មិន​សម្លឹង លើ​សមត្ថភាព​មេឃុំ​ទេ ពលរដ្ឋ​អាចនឹងទទួល​បាន​មេឃុំ រឺ​ចៅសង្កាត់ ដែល​គ្មាន​សមត្ថភាព គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការដោះស្រាយ​បញ្ហា​នៅក្នុង​ឃុំ ក្នុង​សង្កាត់ រឹតតែ​មិន​អាចមាន​លទ្ធភាព​អភិវឌ្ឍន៍ ឃុំ សង្កាត់​ផង​ដែរ​។​

​ដោយឡែក​អ្នកមានចំណេះដឹង និង​អ្នក​មាន​គម្រោង​អភិវឌ្ឍ​ឃុំ​-​សង្កាត់​វិញ ហាក់​ត្រូវបាន​មើលរំលង និង​មិន​ត្រូវបាន​ឲ្យ​តម្លៃ​។ ជំងឺ​បក្សពួកនិយម និង​ការរើសអើង​នៅក្នុង​ភូមិ ឃុំ វា​ស្ទើ​ក្លាយ​ជា​ជំងឺ​មហារីក​នៅក្នុង​សង្គម​ខ្មែរ​ទៅ​ហើយ​។​

​សម្លឹង​មើល​បរិបទ​ជារួម​កម្ពុជា​បច្ចុប្បន្ន សំបូរ​ណាស់​អ្នក​និយាយ​ស្នេហា​ជាតិ និង​មាន​ទឹកចិត្ត​ចង់​កសាង​ប្រទេស​។ ប៉ុន្តែ​បើ​ពិនិត្យ​មើល​សកម្មភាព​ជាក់ស្តែង គឺ​មិន​ដូច​ការនិយាយ​សោះ​។ សព្វថ្ងៃ​កម្ពុជា​មាន​យុវជន​ច្រើន ដែល​បាន​បញ្ចប់​ថ្នាក់បាក់ឌុប ឬ​ថ្នាក់​បរិញ្ញាបត្រ តែ​ពួកគេ​មិន​ចង់​វិលត្រឡប់​ទៅ​ស្រុកកំណើត និង​ចង់​ឈរឈ្មោះ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទេ​។ មូលហេតុ​ដោយ​គេ​យល់​ថា ធ្វើ​ការងារ​ជា​មេឃុំ​ទទួលបាន​ប្រាក់ខែ​ទាប បើ​ធៀប​ជាមួយ​ការចំណាយ​របស់​គេ​មាន​កម្រិត​ខ្ពស់​។ ភាគច្រើន​ពួកគេ​ចាប់អារម្មណ៍​តែ​កន្លែង​ការងារ​មាន​ប្រាក់ខែ​ខ្ពស់ ធ្វើការ​ក្នុង​ការរិយាល័យ​ដោយមាន​ម៉ាស៊ីត្រជាក់ និង​មាន​នៅក្នុង​ទីប្រជុំជន​។   

​គួរបញ្ជាក់​ថា បើតាម​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៧ បានសម្រេច​ដំឡើង​ប្រាក់ខែ​មន្ត្រី​នៅ​ទូទាំង​ប្រទេស​។ ក្នុង​នោះ​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ទទួលបាន​ប្រាក់ខែ​ចំនួន​៧៥០,០០០​រៀល​,​ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០​រៀល​, ប្រធានភូមិ ២២៥,០០០ រៀល​, អនុប្រធាន​ភូមិ ១៨០,០០០​រៀល​,​សមាជិក​ភូមិ ១៦០,០០០​រៀល​។​

​ជា​ការពិត​ណាស់ នៅក្នុង​សកលភាវូបនីយកម្ម​យើង​បច្ចុប្បន្ន ចំណេះដឹង​និង​សមត្ថភាព ជា​ចំណុច​សំខាន់​នៃ​ការអភិវឌ្ឍ ព្រោះថា​បើ​ថ្នាក់​ដឹកនាំ​មានចំណេះដឹង​ជ្រៅជ្រះ គេ​នឹង​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ​សម្រាប់​ដឹកនាំ​ឃុំ​សង្កាត់ និង​សម្រាប់​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ជូន​ពលរដ្ឋ​ទាន់ពេលវេលា​។ ប៉ុន្តែ​មាន​ចំណេះ​ជា​រឿង​សំខាន់​មួយ តែ​រឿង​ដ៏​សំខាន់​ជាង​នេះ​ទៅទៀត​នោះ គឺ​គំនិត​ស្នេហា​ជាតិ និង​ទឹកចិត្ត​ស្មោះត្រង់​ពិតប្រាកដ ចង់​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​។​

​ជារួម​បើ​ចង់​អភិវឌ្ឍ​ឃុំ​-​សង្កាត់​ឲ្យ​កាន់តែ​រីកចំរើន ដំបូង​ឡើយ​ត្រូវ​ផ្តើម​ចេញពី​គណបក្ស​នយោបាយ​មុនគេ​។ យើង​ទទួលស្គាល់ថា គណបក្សនយោបាយ​មួយចំនួន លំបាក​នឹង​រក​បេក្ខជន​ឲ្យ​ឈរឈ្មោះ​ជា​មេឃុំ តែ​ត្រូវ​ចាំ​ថា កាលណា​មេឃុំ​ខ្លួន​មាន​ចំណេះដឹង​ខ្ពស់​ប្រសិទ្ធិភាព​ការងារ​ល្អ ប្រជាប្រិយភាព​គណបក្ស ក៏​ល្អ​ដូចគ្នា​ដែរ​។ ដូច្នេះ​គណបក្ស​នយោបាយ ត្រូវ​មាន​លក្ខខណ្ឌ​ច្បាស់លាស់​សម្រាប់​ជ្រើសរើស​មេឃុំ ជាពិសេស​នោះ គឺ​ត្រូវ​ផ្តល់​អតិ​ភាព​ដល់​អ្នក មាន​ចំណេះដឹង​ខ្ពស់ ដែល​អាច​ចេះ​សរសេរ​គម្រោង​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន និង​មាន​គំនិត​ច្នៃប្រឌិត ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មាន​ជីវភាព​ធូ​ធារ​។​

​ក្រៅ​ពី​នេះ រដ្ឋាភិបាល​គួរតែ​ពិចារណា​ធ្វើយ៉ាងណា ទម្លាក់​កញ្ចប់​ថវិកា​បន្ថែម​លើ​ថវិកា​ដែល​មាន​ស្រាប់ សម្រាប់​បង្ក​ភាពងាយស្រួល​ក្នុង​ការអភិវឌ្ឍ ឃុំ​-​សង្កាត់ ហើយ​រដ្ឋក៌​មិន​ត្រូវ​មើលរំលង​ចំពោះ​ការដំឡើងប្រាក់បៀវត្ស​រ៍​បន្ថែម​ដល់​មេឃុំ ចៅសង្កាត់ និង​ប្រធានភូមិ និង​អនុ​ភូមិ​ដែរ ព្រោះ​ថវិកា​នេះ​ជា​ឧបសគ្គ​ធំ សម្រាប់​អូសទាញ​អ្នកចេះដឹង​ឲ្យទៅ​ធ្វើការ​នៅ​ថ្នាក់ក្រោម​ជាតិ​៕

(ដោយ គួន សំបូរ)

ព័ត៌មានផ្សេងទៀត