ទំនាក់ទំនង​​អាមេរិក​-​រុស្ស៊ី​​នៅតែ​ធ្លាក់ចុះ​​ខុសពី​ការប្ដេជ្ញា​​របស់​លោក​ដូណាល់ ត្រាំ​

ដោយ៖ ពេញ ផេង 23-05-2017 5:49 pm 1378
លោកដូណាល់ ត្រាំ(ឆ្វេង)និងលោកវ្លាឌីមៀ ពូទីន

​មហាជន​កំពុង​ឃ្លាំ​មើល​មិន​ដាក់​ភ្នែក ទំនាក់ទំនង​រវាង​រុស្ស៊ី​ជាមួយ​អាមេរិក​។​ការចាប់អារម្មណ៍​ព្រោះ​លោក​ដូណាល់ ត្រាំ​ធ្លាប់​លើកឡើងថា លោក​នឹង​ធ្វើឲ្យ​ប្រទេស​ទាំងពីរ​មាន​ចំណង​មិត្ដភាព​ល្អប្រសើ​រ ក្រោយ​ធ្លាក់ចុះ​ខ្លាំង​ក្នុង​អាណត្ដិ​លោក​បារ៉ាក់ អូ​បា​ម៉ា​ដឹកនាំ​ប្រទេស​។​ប៉ុន្ដែ​ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក នៅ​ពុំទាន់​មាន​ចំណុច​ណាមួយ​គួរ​ឲ្យ​កត់​សម្គាល់សោះ​ថា ទំនាក់ទំនង​រុស្ស៊ី​និង​អាមេរិក​បាន​ងើប​ឡើងវិញ​។​ការស្ដារ​ភាពជឿ​ទុកចិត្ដ​គ្នា ពិតជា​មិន​ងាយស្រួល​ដូច​ការនិយាយ​ឡើយ ព្រោះ​នៅ​មាន​ឧបសគ្គ​ជាច្រើន​មក​រារាំង ពិតជា​មិន​អាច​ផ្សះផ្សារ​បានឡើយ​ក្នុង​រយៈពេល​ខ្លី​។​

​តើ​មាន​ភាពចម្រូងចម្រាស​អ្វីខ្លះ​កើតឡើង​?​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​កត្ដា​ចម្រុះ​ដែល​ធ្វើឲ្យ​រាំងស្ទះ​ដល់កា​ររឹតចំណង​មិត្ដភាព​

​តាមពិត​លោក​ដូណាល់ ត្រាំ មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​រុស្ស៊ី​និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​ណាស់​។​មាន​ការរំពឹង​ទុក​ថា ភាព​ត្រូវរ៉ូវ​គ្នា​នេះ​អាច​នឹង​មាន​ចំណុច​ល្អ​ចំពោះ​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​។​ប៉ុន្ដែ​ការប្រឆាំង​រុស្ស៊ី​ដែល​មិន​បាន​ដឹង​មុន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ធ្វើឲ្យ​គោលបំណង​ផ្ដួចផ្ដើម​បង្កើតគោលន​យោបា​យងាក​ទៅរក​រុស្ស៊ី ដោះស្រាយ​ភាពជាប់គាំង មិន​អាស្រ័យ​ទាំងស្រុង​លើ​លោក​ដូណាល់ ត្រាំ​និង​រដ្ឋបាល​របស់​លោ​កឡើ​យ​។​

​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​បាន​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ចន្លោះ​ពេល​មាន​វិបត្ដិ​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។​អាមេរិក​រួម​ជាមួយ​សម្ព័ន្ធមិត្ដ​លោកខាងលិ​ច ក្នុងនោះ​មាន​សហភាព​អឺរ៉ុប បាន​ណែ​នាំឲ្យ​មាន​ការដាក់ទ​ណ្ឌកម្ម​លើ​រុស្ស៊ី ជុំវិញ​ការចោទប្រកាន់​ថា​រុស្ស៊ី​បាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​អ៊ុ​យក្រែន គឺ​តាមរយៈ​ការជួយ​ដល់​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​។​បច្ចុប្បន្ន ទណ្ឌកម្ម​ដែល​ដាក់​លើ​រុស្ស៊ី​នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​រុស្ស៊ី​ក៏​បាន​ចាត់​វិធានការ​ប្រឆាំង​ទៅ​ប្រទេស​លោកខាងលិច​វិញ ធ្វើឲ្យ​ភាគី​ទាំង​ពីរ​នៅ​តែ​សង្កៀតធ្មេញ​ដាក់គ្នា​។​

​អតីត​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​Michael Flynn ត្រូវបាន​បង្ខំ​ឲ្យ​ចុះចេញ​ពី​តំណែង​កាលពី​ខែ​កុម្ភៈ ដោយសារ​តែ​ការចោទប្រកាន់ថា​បាន​ជួប​ដោយ​សម្ងាត់​ជាមួយ​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អាមេរិក ហើយ​ប្ដេជ្ញា​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​ទីក្រុង​ម៉ូស្គូ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​ចូលកាន់​តំណែង​។​ការទម្លាក់​លោក​Michael Flynn​ចេញពី​តំណែង រុស្ស៊ី​ក៏​ប្រតិកម្ម​យ៉ាង​ខ្លាំង​លើ​អាមេរិក​។​រីឯ​អគ្គ​រដ្ឋអាជ្ញា​អាមេរិក​លោក​Jeff Sessions ក៏​រង​ការចោទប្រកាន់​ស្រដៀង​គ្នា​ដែរ​។​ចាប់តាំងពី​លោក​ត្រាំ​ស្បថ​ចូលកាន់​តំណែង រដ្ឋបាល​របស់​លោក​បាន​នឹង​កំពុង​រងគ្រោះ​ដោយសារ​តែ​ឧបសគ្គ​ដ៏​ធំ ជា​កត្ដា​រាំងស្ទះ​ដល់​ការវិវឌ្ឍ​នៃ​ចំណង​មិត្ដភាព​រុស្ស៊ី​-​អាមេរិក​។​

​ទាក់ទង​នឹង​ការ​ចោទ​ប្រាន់​ថា​រុស្ស៊ី​ចូលមក​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦ កំពុង​កក្រើក​ឡើង​ជា​ថ្មី ហើយ​មន្ដ្រី​ថ្មី​មួយរូប​ត្រូវបាន​តែងតាំងឡើង ឲ្យទទួល​បន្ទុ​កកិច្ចការ​ស៊ើបអង្កេត ក្រោយ​លោក​ដូណាល់ ត្រាំ​ទម្លាក់​ប្រធាន​FBI​ចេញពី​តំណែង​។​ទោះ​លោក​ត្រាំ​បដិសេធ​មិន​បាន​ទាក់ទង​ជាមួយ​រុស្ស៊ី ប៉ុន្ដែ​នៅ​មាន​មន្ទិលសង្ស័យ ហើយ​អាមេរិក​បាន​សម្រេច​បើក​ការស៊ើបអង្កេត​បន្ថែម​ដើម្បីឲ្យ​អស់ចិត្ដ​។​នេះ​ជា​ឧបសគ្គ​មូយ​ទៀត ធ្វើឲ្យ​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ពិបាក​ចាប់​ដៃ​ជាមួយ​រុស្ស៊ី ព្រោះ​បើកាលណា​ស្និទ្ធស្នាល​ពេក ច្បាស់​ជា​មាន​ការរិះគន់​មិន​ខាន ស្រប​ពេល​ក្រុម​ស៊ើបអង្កេត​កំពុងតែ​ស៊ើប​ពី​ទំនាក់ទំនង​រវាង​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​ជាមួយ​រុស្ស៊ី ថា​តើ​មាន​អ្វី​ខុស​ប្រក្រតី​ឬ​អត់​។​

​ព្រោះតែ​មាន​អ្នកប្រឆាំង អ្នក​រិះគន់​នៅ​ក្នុងស្រុក រដ្ឋាភិបាល​ថ្មី​អាមេរិក​ពេលនេះ​កំពុង​ពិចារណា​លើ​សំឡេង​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​។​លោក​ត្រាំ​ក៏​ចាប់ផ្ដើម​ដាក់ខ្លួន​កាន់តែ​ឆ្ងាយ​ពី​ជំហរ​គាំទ្រ​រុស្ស៊ី ថែម​ទាំង​អំពាវនាវ​ឲ្យ​ទីក្រុង​ម៉ូស្គូ​ប្រគល់​តំបន់​គ្រី​មេ​ទៅ​អ៊ុ​យក្រែន​វិញ​។​ម្យ៉ាងទៀត ការប្រឆាំង​អាមេរិក​នៅក្នុង​ប្រទេស​រុស្ស៊ី​ទើបតែ​រីក​ដាល​។​តាម​របាយការណ៍​ពី​មជ្ឈមណ្ឌល​ស្ទង់​មតិ​មហាជន​រុស្ស៊ី​បង្ហាញថា ប្រមាណ​៧១​ភាគរយ​នៃ​ប្រជាជន​រុស្ស៊ី​ត្រូវ​ស្ទង់​មតិ មាន​ឥរិយាបថ​អវិជ្ជមាន​ទៅកាន់​អាមេរិក និង​តួនាទី​អាមេរិក​ក្នុង​សហគមន៍​អន្ដរជាតិ​។​នេះ​ជា​តួលេខ​មួយ​ខ្ពស់​ក្នុង​រយៈពេល​៨​ឆ្នាំ និង​បង្ហាញ​ថា​ប្រជាជន​រុស្ស៊ី​ក៏​មាន​អ្នកប្រឆាំង​អាមេរិក ដូច​ប្រជាជន​អាមេរិក​ប្រឆាំង​រុស្ស៊ី​អ៊ីចឹង​ដែរ​។​

​រុស្ស៊ី​-​អាមេរិក​បាន​ប្រកួតប្រជែង​ក្នុង​វិស័យ​ផ្សេងៗ មាន​វិស័យ​យោធា សេដ្ឋកិច្ច កិច្ចការបរទេស និង​គោលជំហរ​នៃ​យុទ្ធសាស្ដ្រ​តាម​តំបន់ ហើយ​បញ្ហា​ខ្វែងគំនិត​គ្នា ដូច​ជា​ជម្លោះ​នៃ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត វិបត្ដិ​ស៊ី​រី និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង​ជាដើម បាន​កើនឡើង​កាន់តែខ្លាំង​។​ភាព​តានតឹង​រវាង​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​វ៉ាស៊ីនតោន ទំនង​មិន​អាច​កាត់បន្ថយ​បាន​ក្នុង​ពេល​ដ៏​ខ្លី​នោះទេ​។​

​ជាមួយ​បរិបទ​បែបនេះ អ្នកជំនាញ​បាន​ព្រមាន​ថា​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​រុស្ស៊ី រៀបចំ​ក្ដី​រំពឹង​របស់​ខ្លួន​ឲ្យទទួល​បានឱកាស​ពិតប្រាកដ កុំ​ភ័ន្ដច្រឡំ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​រុស្ស៊ី​-​អាមេរិក​។​នាយក​ផ្នែក​កិច្ចការបរទេស​ទូទៅ​រុស្ស៊ី​លោក​Andrey Kortunov​បានឲ្យដឹងថា ពេល​នេះ​ពិត​ជា​សំខាន់​ក្នុង​ការកំណត់​ភារកិច្ច​ក្នុង​បំណង​ពិនិត្យឡើងវិញ​រាល់​បញ្ហា​ជាមួយ​អាមេរិក ប៉ុន្ដែ​ត្រូវ​រក្សា​ស្ថេរភាព​នៃ​ទំនាក់ទំនង​ផងដែរ​។​ការធ្វើទំនាក់ទំនង​តាមរយៈ​សង្គម​ស៊ីវិល ការទូត យោធា ជាពិសេស​សេវាកម្ម​ពិសេសៗ ចាំបាច់​ត្រូវតែ​ពង្រីក​ឲ្យបាន​ធំ​ជាង​មុន​។​

​រុស្ស៊ី​និង​អាមេរិក​នៅ​តែ​មាន​គោលដៅ​រួម​

​មិន​ថា​មាន​ទិដ្ឋភាព​មិន​ល្អ​មួយចំនួន​កើតឡើង​ជុំវិញ​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​នៅតែ​មាន​ភាព​ស្រុះស្រួល​និង​មាន​គោលដៅ​រួម​។​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​អន្ដរជាតិ បាន​ក្លាយ​ជា​ទិដ្ឋភាព​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់​លោក​ពូ​ទីន​និង​លោក​ត្រាំ ហើយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​កំពុង​ស្វែងរក​កិច្ចសហការ​ផ្នែក​នេះ​។​

​ដោយសារ​តែ​ការប្រឆាំង​អំពើ​ភេរវកម្ម​នៅតែ​ជា​ក្ដីបារម្ភ លោក​ត្រាំ​បាន​ទទូចថា​វា​ពិតជា​ចាំបាច់​ត្រូវ​សហការ​ជាមួយ​រុស្ស៊ី​។​លោកពូ​ទីន​វិញ​បាន​និយាយថា រុស្ស៊ី​ចាត់ទុក​អាមេរិក​ជា​ដៃគូ​សំខាន់បំផុត ក្នុង​ប្រតិ​ប​ត្ដិ​ការប្រឆាំង​ភេរវកម្ម​។​ប្រធានាធិបតី​ទាំងពីរ​បាន​ប្រកាស​ឲ្យមាន​កិច្ចសហការ​ជាមួយ​គ្នា បោសសម្អាត​ក្រុម​រដ្ឋ​អ៊ីស្លាម និង​អង្គការ​ភេរវកម្ម​ផ្សេងទៀត ខណៈ​កំពុង​ដោះស្រាយ​វិបត្ដិ​នៅ​ស៊ី​រី​។​

​អ្នកជំនាញ​មើលឃើញថា បើសិនជា​រដ្ឋាភិបាល​អាមេរិក​និង​រុស្ស៊ី​ចង់​ធ្វើ​អ្វី​ហើយ គឺ​ប្រាកដជា​អាចទៅរួច​។​វា​ពិតជា​មាន​វិធី​សម្រាប់​ប្រទេស​ទាំង​ពីរ​បង្កើន​កិច្ចសហប្រតិបត្ដិការ ទោះបី​ស្ថិត​ក្នុង​បរិបទ​នយោបាយ​មិន​ល្អ​ជា​នឹង​គ្នា​ក៏​ដោយ​៕


ព័ត៌មានផ្សេងទៀត