លោក​ផៃ ស៊ីផា​ន​បង្ហោះ​សារ​ប្រៀបធៀប​ពី​គោលនយោបាយ​៥០​ម៉ឺន​ដុល្លារ​

ដោយ៖ សៅ វិសាល 19-05-2017 4:54 pm 6219

​ខណៈ​ដែល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កៀក​នឹង​ចូលមក​ដល់ មន្ត្រី​រដ្ឋាភិបាល មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​នូវ​សារ​នយោបាយ ស្តី​ពី​សមិទ្ធផល​សំខាន់ៗ​ជាច្រើន ដែល​រដ្ឋាភិបាល បានសម្រេច​នា​ពេលកន្លងមក ប្រាប់​ដល់​សាធារណជន​។ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត បាន​រីក​ដុះ​ដូច​ផ្សិត នៅតាម​ឃុំ​សង្កាត់​នានា ទូទាំង​ប្រទេស​កម្ពុជា​។ សមិទ្ធផល​ទាំងនេះ ក្នុង​ឃុំ​សង្កាត់​នីមួយៗ ជា​មធ្យម​ក្នុង​មួយឆ្នាំ លើស​៥០​ម៉ឺន​ដុល្លារ​ទៅទៀត​។​ ​នេះ​ជា​សារ​នយោបាយ​មួយ ដែល​ត្រូវបាន​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល លើកឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក នា​ថ្ងៃ​ទី​១៩ ឧសភា​នេះ​។​

​ហ្វេ​សប៊ុក​លោក​ផៃ ស៊ីផា​ន បាន​សរសេរ​បន្តថា “​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច និង​ចំណូល​ថវិការដ្ឋ​, ការ​បែងចែក​ថវិកា និង ការកសាង​សមិទ្ធផល ជូន​ប្រជាជន​នៅ​គ្រប់​ឃុំ​/​សង្កាត់ នឹង​កើនឡើង​កាន់តែច្រើន​ថែម​ទៀត​។ ជា​ការកត់សម្គាល់​បន្ថែ​ម រថយន្ត​បិទ​បដា​ឃោសនា ៥០ ម៉ឺន​ដុល្លា​នេះ កំពុង​ចត​លើផ្លូវ​កសាង ដោយ​គណបក្ស​ប្រជាជន នៅក្នុង​ឃុំ​ណាមួយ ដែល​ផ្លូវ​នេះ អាច​ថ្លៃ​លើស ៥០​ម៉ឺន​ដុល្លា​ទៅហើយ​។ យើង​មិន​សន្យា តែ​យើង​ប្តេជ្ញា ដែល​មាន​សមិទ្ធផល​ជាក់ស្តែង និង​រួមរស់​ជា​អចិន្រៃ្តយ៍ ជាមួយ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ​”​។​

​ទាក់ទង​នឹង​ការបង្ហាញ​សារ​នយោបាយ​នេះ ត្រូវបាន​គេ​មើលឃើញថា ដើម្បី​ប្រៀបធៀប​នឹង​គោលនយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ចំនួន​៥​ចំណុច​។ ក្នុងនោះ​ការសន្យា​ផ្តល់​កញ្ចប់​ថវិកា​៥០​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​ឃុំ​សង្កាត់ នៅពេល​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ ឈ្នះឆ្នោត បាន​ក្លាយ​ជា​គោលនយោបាយ​មួយ ដ៏​មាន​ប្រជាប្រិយភាព​។​

កន្លងមក លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​បង្ហាញ​ពី​គោលនយោបាយ​អាទិភាព ចាំបាច់​សម្រាប់​ការឃោសនា​ខាងមុខនេះ ទី​១​គឺ​ការពង្រឹង​អំណាច ទី​២ ថវិកា និង​ទី​៣ ការផ្តល់សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ គឺ​នៅសល់​រយៈពេល​មិនយូរ​ទៀត​នោះទេ ពោល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ មិថុនា​៕ ដោយៈ​សៅ វិសាល

ព័ត៌មានផ្សេងទៀត