ឆ្នាំ​នេះ​ក្រសួង​បរិស្ថាន​ពន្យា​ពេល​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​និង​ពិភពលោក​

ដោយ៖ សៅ វិសាល 19-05-2017 4:50 pm 920

ជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​០៥ មិថុនា ប្រារព្ធ​ទិវា “​បរិស្ថាន​ជាតិ​” ដែល​ការ​ប្រារព្ធ​ទិវា​នេះ នឹង​ត្រូវ​ធ្វើ​ព្រម​គ្នា​ជាមួយនឹង​ការ​ប្រារព្ធ​”​ទិវា​បរិស្ថាន​ពិភពលោក​”​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៧​នេះ ក្រសួង​បរិស្ថាន បាន​សម្រេច​លើ​ក​ពេល​ប្រារព្ធ​ទិវា​នេះ មក​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ មិថុនា​វិញ​។​

​បើតាម​សេចក្តីណែនាំ​របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី ១៧ ខែ​ឧសភា បានឲ្យដឹងថា ដោយសារ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៤ មិថុនា ដូចនេះ​ការរៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក ០៥ មិថុនា នៅ​ថ្នាក់​ជាតិ ត្រូវ​ពន្យា​ពេល​ធ្វើ​នៅ​ថ្ងៃទី​១៧ មិថុនា​វិញ​។ ចំពោះ​ថ្នាក់​ក្រោម​ជាតិ អាច​លៃលក ពេលវេលា​សមស្រប​សម្រាប់​រៀបចំ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក មិន​ត្រូវ​ឲ្យ​ហួស​ថ្ងៃ​ទី​១៧ មិថុនា​នោះ​ទេ​។​

​សូមបញ្ជាក់​ថា ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក ប្រារព្ធ​ធ្វើឡើង ក្នុង​គោលបំង​លើក​កម្ពស់ ការយល់ដឹង​ពី​បរិស្ថាន និង​បំផុស​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ផ្នែក​គ្រប់​ថ្នាក់ សិស្ស​និស្សិត គ្រឹះស្ថានសិក្សា ឲ្យចូល​រួម​ទាំង​ស្មារតី និង​សម្ភារៈ ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ធម្មជាតិ និង​កែលម្អ​គុណភាព សោភ័ណភាព​ទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​។​ល​។ នៅ​ឆ្នាំ​២០១៧​នេះ ជា​ខួប​លើក​ទី​២៤ សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការចូលរួម​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក ០៥ មិថុនា​។​

​ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ទិវា​នេះ ប្រព្រឹត្តទៅ​ដោយ​ផុលផុស ប្រកបដោយ​ផ្លែផ្កា ក្រសួង​បរិស្ថាន​សូម​ស្នើ​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជួយ​សម្របសម្រួល និង​លើកទឹកចិត្ត​ដល់​សាធារណជន ឲ្យចូល​រួម​សម្អាត​ទីតាំង​ជុំវិញ​លំនៅដ្ឋាន​របស់​ពួកគេ ដែល​ជា​ការចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​យុទ្ធនាការ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត