គណបក្ស​មួយ​ចំនួន​ប្រតិកម្ម​នឹង​គ​.​ជ​.​ប ថា​បាន​រឹតត្បិត​​លើ​ការឃោសនា​បោះឆ្នោត​​

ដោយ៖ ចេន សុជាតា 19-05-2017 3:53 pm 589

​នៅមុន​ការឃោសនាបោះឆ្នោត​មួយថ្ងៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួបប្រជុំ​ជាមួយ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការឃោសនា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។ ក្នុង​កិច្ចប្រជុំ គ​.​ជ​.​ប បាន​លើកឡើង​នូវ​សេចក្ដីកំណត់​របស់ខ្លួន​ទៅកាន់​គណបក្សនយោបាយ ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ក្បួន​ឃោសនា ការកំណត់​ចំនួន​អ្នកចូលរួម និង​សកម្មភាព​ចែក​ខិតប័ណ្ណ​នៅក្នុង​ផ្សារ ជាដើម​។  ក្នុងនោះ​គ​.​ជ​.​ប បាន​កំណត់​ថា ការហែក្បួន​ឃោសនា ក្នុងអំឡុងពេល​ឃោសនា ធ្វើបាន​ត្រឹមតែ​២​ដង​ប៉ុណ្ណោះ​នៅក្នុង​ឃុំ​សង្កាត់​។ ត្រង់​ចំណុច​នេះ ត្រូវបាន​តំណាង​មកពី​គណបក្ស​មួយចំនួន និង​អង្គការ​សង្គម​ស៊ីវិល យល់ថា​មាន​ការ​រឹត​ត្បិត មាន​បាន​វាយតម្លៃ​ថា​គ​.​ជ​.​ប អណត្តិ​នេះ​អាក្រក់​ជាង គ​.​ជ​.​ប អណត្តិ​មុន​ទៅទៀត​។

​អ្នកស្រី​ម៉េង សុភា​រី តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ការមិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​អ្វី​ដែល គ​.​ជ​.​ប បានកំណត់​។ អ្នកស្រី​លើកឡើងថា ការកំណត់​ចំនួន​អ្នកចូលរួម​ហែ​ក្បួន​ឃោសនា និង​កំណត់​ចំនួន​យានជំនិះ គឺជា​ការ​បំបិទ​សិទ្ធិសេរីភាព​។ មួយវិញទៀត​អ្នកស្រី​ថា ក៏​មាន​ការរើសអើង​គ​ណ​បក្ស​នយោបាយ​ពី​គណៈ​គ្រប់គ្រង​ផ្សារ​មួយ​ចំនួន នៅពេល​ដែល​ស្នើ​សុំ​ចូល​ផ្សព្វផ្សាយ និង​ចែក​ខិតប័ណ្ណ​នៅ​ទីនោះ​។  

សំឡេង​អ្នកស្រី​ម៉េង សុភា​រី​៖

លោក​ផន ចន្ថា តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​លើក​ថា ក្រៅ​ពី​ការកំណត់​ចំនួន​មនុស្ស គ​.​ជ​.​ប ក៏​បាន​រឹតត្បឹ​តទាំង​ថ្ងៃហែ​ក្បួន​ឃោសនា នៅតាម​ឃុំ​សង្កាត់​ដែរ ព្រោះ​ចំនួន​ត្រឹមតែ​២​ថ្ងៃ​វា​ហាក់ដូចជា​តិចពេក​សម្រាប់​ការឃោសនា នៅតាម​ឃុំ សង្កាត់​។

សំឡេង​លោក​ផន ចន្ថា​៖

ជុំវិញ​ការកំណត់​ចំនួន​អ្នកចូលរួម​ហែ​ក្បួន និង​ចំនួន​២​ថ្ងៃ​ដែល​គណបក្ស​នយោបាយ​ឃោសនា​នៅ​ក្នុង​ឃុំ​-​សង្កាត់ ក៏​ត្រូវបាន​សង្គម​ស៊ីវិល​មើលឃើញថា ជាការ​រឹតត្បឹត​ដែរ​។ លោក​យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​ជា​សមាជិក​កំណែទម្រង់ ការបោះឆ្នោត ហៅ​កាត់​ថា ERA បាន​លើកឡើង​ថា តាម​ការមើលឃើញ​រប​ស់លោក​ចំណុច​ខ្លះ​គ​.​ជ​.​ប គឺ​ពិតជា​បាន​រឹតត្បិត​សេរីភាព​ហួសហេតុ​ពេក​។ លោក​បន្ថែមថា ចំពោះ​ការឃោសនា​តាម​ឃុំ​ដែល​នៅ​តាម​បណ្ដា​ខេត្ត គ​.​ជ​.​ប មិន​គួរ​កំណត់​ថ្ងៃ​តិចពេក​នោះទេ ព្រោះ​តំបន់​ទាំងនោះ មិន​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​ដូច​ក្នុង​ទីក្រុង​ឬ​ទីប្រជុំជន​នោះទេ​។

សំឡេងលោកយ៉ង់ គឹមអេង៖

​ផ្ទុយ​ស្រលះ​ពី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ទាំង​២​ខាងលើ គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ចំនុច​ណា​មួយ​ជំទាស់ ឬ​មិន​យល់ស្រប ចំពោះ​គោលការណ៍​របស់​គ​.​ជ​.​ប ឡើយ​។ លោក​សៅ វ៉ាន់ដេត មន្ត្រី​ស្នាក់ការ​កណ្ដាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា សម្រាប់​គណបក្ស​លោក​គឺ​នឹង​គោរព​តាម​ច្បាប់​បទបញ្ជា​និង​នីតិវិធី​ដែល​បានកំណត់​។

សំឡេង លោក​សៅ វ៉ាន់ដេត​៖

យ៉ាងណាក៏ដោយ លោក​ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ថ្លែង​ការពារ​ស្ថាប័ន​របស់​លោក​ថា អ្វី​ដែល​គ​.​ជ​.​ប បានចែង​គឺ​យោង​ទៅតាម​ច្បាប់ ហើយ​ចំពោះ​នីតិវិធី ដែល​បាន​កម្រិត​ចំនួន​អ្នកចូលរួម នោះ​គឺ​ក្នុង​គោលបំណង​រក្សា​នូវ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​។

សំឡេង​លោក​ទេព នីថា​៖

សូម​ជំរាប​ថា ការឃោសនា​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​៤​នេះ មាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២០ ឧសភា ដល់​ថ្ងៃ​ទី ០២ មិថុនា ។ ក្នុងអំឡុងពេល​ឃោសនា បោះឆ្នោត​នេះ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំង​១២ ព្រមទាំង​សកម្មជន​នៃ​បក្ស​ទាំងអស់ ត្រូវ​គោរព​តាម​វិធាន និង​គោលការណ៍​ដែល​បាន​ចែង​ក្នុង​ច្បាប់​។ ព្រមទាំង​សំណូមពរ​ដល់​គ្រប់​អាជ្ញាធរ​ដែនដី ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន ដើម្បី​ការហែក្បួន​ឃោសនា​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​ស្មើភាព​គ្នា​៕ (​ដោយ​៖ ចេ​ន សុជាតា​)  

ព័ត៌មានផ្សេងទៀត