អាមេរិក​បញ្ជូន​​នាវា​ដឹក​យន្ដហោះ​ចម្បាំង​​មួយគ្រឿង​ទៀត​​ទៅ​ក្បែរ​ប្រទេស​​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 19-05-2017 3:43 pm 147
​នាវា​ដឹក​យន្ដហោះ​​​USS Ronald Reaganរបស់អាមេរិក

​នាវា​ដឹក​យន្ដហោះ​មួយគ្រឿង​ទៀត​ឈ្មោះ​USS Ronald Reagan ត្រូវបាន​កងទ័ពជើងទឹក​អាមេរិក​បញ្ជូន​ទៅ​កាន់​ឧបទ្វីប​កូរ៉េ ជា​កន្លែង​ត្រៀម​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​នាវា​ដឹក​យន្ដហោះ​USS Carl Vinson​បាន​បញ្ជូន​ទៅ​រួច​ហើយ​។​ការបញ្ជូន​នាវា​ទៅកាន់​ឧបទ្វីប​កូរ៉េ ស្រប​ពេល​ស្ថានការណ៍​កំពុង​តានតឹង ហើយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង​បង្ហាញ​ភាព​ជោគជ័យ​នៃ​ដំណើរការ​ឆ្ពោះទៅមុខ​កម្មវិធី​មី​ស៊ី​ល តាមរយៈ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ប្រភេទ​ថ្មី​។​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រភេទ​ថ្មី​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លអ៊ែរ កាលពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ធ្វើឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ជា​ថ្មី​។​

​នាវា​USS Ronald Reagan​បាន​ចេញ​ដំណើរ​ទៅកាន់​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​ទី​១៦​ឧសភា ពី​កំពង់ផែ ក្នុង​ក្រុង​Yokosuka​ប្រទេស​ជប៉ុន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​កងទ័ពជើងទឹក​អាមេរិក​។​នៅពេល​ទៅ​ដល់​ឧបទ្វីប​កូរ៉េ នាវា​នេះ​នឹង​ត្រូវ​ធ្វើ​ការហ្វឹកហាត់​ចម្រុះ ប៉ុន្ដែ​ជា​ចម្បង​ផ្ដោតទៅលើ​ការបញ្ជាក់​សមត្ថភាព​ក្នុង​ការរក្សា​សុវត្ថិភាព​នៃ​ការហោះហើរ និង​ការចុះ​ចត​របស់​យន្ដហោះ​ចម្បាំង​។​មន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​មិន​បាន​បញ្ជាក់​ទេ​ថា នាវា​ទាំងពីរ​នឹង​ស្ថិត​នៅ​ឧបទ្វីប​កូរ៉េ​រយៈពេល​យូរ​ប៉ុណ្ណា ប៉ុន្ដែ​នាវា​USS Ronald Reagan​ត្រូវ​រំពឹងថា​នឹង​ជំនួស​វត្ដ​មាន​នាវា​Carl Vinson ក្រោយ​Carl Vinson​បញ្ចប់​បេសកកម្ម​នៅ​ទីនោះ​។​

​គួរ​ជម្រាបជូន​ថា​នាវា​USS Ronald Reagan​មាន​ប្រវែង​១,០៩២​ហ្វីត ស្មើ​នឹង​ប្រមាណ​៣៣២,៨​ម៉ែត្រ អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ចាប់ពី​៥៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើងទៅ​។​Reagan​មាន​ផ្ទុក​ក្រុម​អ្នក​បម្រើការ​៤,៥៣៩​នាក់ និង​មាន​ផ្ទុក​យន្ដហោះ​ចម្បាំង​ប្រហែល​៦០​គ្រឿង​។​នាវា​នេះ​បាន​ដាក់ឲ្យ​ដំណើរការ​ក្នុង​ជួរ​កងទ័ព​ជើង​ទឹក​អាមេរិក​ក្នុង​ឆ្នាំ​២០០៣ ហើយ​មាន​តម្លៃ​ប្រមាណ​៨,៥​ពាន់​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត