លោក​ហ៊ុន សែន​ឲ្យ​កម្លាំង​​នគរបា​ល​​ពង្រឹង​សន្តិសុខ​​ក្នុង​ពេល​ឃោសនា​​និង​បោះឆ្នោត​

ដោយ៖ អ៊ុន សុខឡា 19-05-2017 3:42 pm 1358

​ឆ្លៀត​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ទី​១៩​ខែ​ឧសភា​នេះ បាន​លើកឡើង​ពី​កិច្ចការងារ​ចំពោះមុខ របស់​កងកម្លាំង​នគរបាល​។ ពោល គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ គឺជា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​នៅ​ថ្ងៃទី​៤​ខែ​មិថុនា​ជា​ថ្ងៃ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។ ដូច្នេះ​កងកម្លាំង​នគរបាល​គ្រប់​រូប ត្រូវ​លើកកម្ពស់​ស្មារតី យកចិត្តទុកដាក់ ក្នុង​ការធានា​ឲ្យបាន​នូវ​បរិយាកា​សសន្តិសុខ សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។ នេះ​ជា​ការលើកឡើង​របស់​លោក​ហ៊ុន សែន​នៅក្នុង​លិខិត ផ្ញើជូន​ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា នា​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ( ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០១៧ )​។​

​ពាក់ព័ន្ធ​នឹង​ការការពារ​សន្តិសុខ ក្នុងអំឡុងពេល​ឃោស និង​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិ សុខ​អចិន្ត្រៃយ៍ ក៏​បាន​ចេញ​គោលការណ៍​ណែនាំ​ចំនួន ១០​ចំណុច ឲ្យ​គណៈបញ្ជាការ​ឯកភាព​ទាំង​២៥​រាជធានី​-​ខេត្ត ទាំង​កម្លាំង​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ ត្រូវ​រួម​សហការ​គ្នា យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់បំផុត ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​គ្រប់​គោលដៅ​សំខាន់ៗ​។ លោក​ស ខេង​ក៏​បាន​ណែនាំ​ផងដែរ ឲ្យ​អាជ្ញាធរ​និង​កម្លាំងប្រដាប់អាវុធ ត្រូវ​ផ្តល់​សេវា​សន្តិសុខ​ដោយ​ស្មើភាព​គ្នា ជូន​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ចំនួន​១២​គណបក្ស ជាពិសេស​នៅ​អំឡុងពេល នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​។​

សូមបញ្ជាក់​ថា សម្រាប់​ផែនការ​ការពារ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​រយៈពេល​១៤​ថ្ងៃនោះ បានត្រៀមកម្លាំង​ការពារ​សុ​រប ១៩,៣១១​នាក់​។ ក្នុងនោះ នគរបាល​១៥,៣៧១​នាក់​កងរាជអាវុធហត្ថ​១,៩៧០​នាក់ និង​កង​យោធពលខេមរភូមិន្ទ ១,៩៧០​នាក់​ផង​ដែរ​។  តាម​ផែនការ​ការពារ រាជធានី​-​ខេត្ត​នីមួយៗ គឺ​ប្រើប្រាស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ៧​នាក់ ក្នុង​១​ឃុំ​-​សង្កាត់ និង​កម្លាំង ៤០​នាក់ សម្រាប់​អន្តរាគមន៍​នៅតាម ក្រុង​-​ស្រុក​-​ខណ្ឌ​។ ក្នុងនោះ​នគរបាល​ចំនួន ២០​នាក់ កងរាជអាវុធហត្ថ​ចំនួន ១០​នាក់ និង​កង​យោធពលខេមរភូមិន្ទ​ចំនួន ១០​នាក់​។

ដោយឡែក កម្លាំង​សមត្ថកិច្ច​មាន​សរុប ៣៧,៥៣០​នាក់ ត្រូវបាន​រៀបចំ​សម្រាប់​ការការពារ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។ ក្នុង​នោះ​កម្លាំង​នគរបាល​៣៥,០៤៣​នាក់ កងរាជអាវុធហត្ថ​៦៤៣​នាក់ និង​កង​យោធិ​ពល​ខេមភូមិន្ទ​១,៨៤៤​នាក់​។ នេះ​បើ​តាម​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈ​បញ្ជាការ សន្តិសុខ​អចិន្ត្រៃយ៍​លោក​នេត សាវឿន​៕

ព័ត៌មានផ្សេងទៀត