គណបក្ស​​ប្រជាជន​​និង​សង្គ្រោះ​ជាតិ​​បើក​យុទ្ធនា​ការ​ឃោសនា​​ទ្រង់ទ្រាយ​ធំ​​នៅ​ថ្ងៃ​តែ​មួយ​​

ដោយ៖ គួន សំបូរ 19-05-2017 3:20 pm 2061
យុទ្ធនា​ការ​ឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៣

​នៅតែ​ជា​ង ២​សប្តាហ៍​ទៀត​តែប៉ុណ្ណោះ ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នឹង​ចាប់ផ្តើម រីឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក៏​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែ​ឧសភា​នេះ​ដែរ​។ ទន្ទឹមនឹងនេះ គ្រប់​គណបក្ស​នយោបាយ​កំពុង​ត្រៀម​លក្ខណៈ​រៀងៗ​ខ្លួន​ដើម្បី​ចេញ​ឃោសនា​។ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ដែល​ជាប​ក្ស​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​សម្រេច​ចេញ​យុទ្ធនាការ ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ចំ​ថ្ងៃ​បើក​ឆាក​ដំបូង​ដូចគ្នា​។

​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៤ ខែ​មិថុនា​ខាង​មុខ  ដោយ​មាន​គណបក្សនយោបាយ​ចំនួន ១២ នឹង​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​មេឃុំ នៅក្នុង​ឃុំ​-​សង្កាត់​ចំនួន ១,៦៤៦ ទូទាំង ២៥​រាជធានី​-​ខេត្ត​។ ចំណែក​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា គឺជា​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ បាន​សម្រេចចិត្ត​ចេញ​យុទ្ធនាការ ឃោសនា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ចំ​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ គណបក្ស​កាន់​អំណាច​មួយ​នេះ បាន​បញ្ជា​ឲ្យ​សកម្មជន​ឃុំ​-​សង្កាត់​របស់​ខ្លួន​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត ចេញ​សកម្មភាព​ដង្ហែ​ក្បូន​នៅតាម​ឃុំ​-​សង្កាត់​រៀងៗ​ខ្លួនៗ ដោយ​ហាម​មិន​ឲ្យ​ឆ្លង​ទៅ​ឃុំ​-​សង្កាត់​ផ្សេងៗ​ឡើយ​។ បើ​តាម​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់​វិទ្យុ​វាយោ​នៅថ្ងៃនេះ​ថា យុទ្ធនាការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​ប្រជាជន​នេះ ធ្វើ​ស្របគ្នា​ជាមួយ​នឹង​ទិវា​ចង់កំហឹង​ចំពោះ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​បន្ថែមទៀតថា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​១៤​ថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​យក​ពីរ​ថ្ងៃ​សម្រាប់​ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំ គឺ​ថ្ងៃ​បើក និង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ចំណែក​ថ្ងៃ​ផ្សេង​ទៀត​គណបក្ស​គ្រាន់តែ​ដើរ​ជជែក​ពិភាក្សា​ជាមួយ​អ្នកគាំទ្រ​ប៉ុណ្ណោះ​…

​សំឡេង​លោក​សុខ ឥសាន​៖

​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​នៅ​កម្ពុជា​វិញ បាន​សម្រេច​ចេញ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ចំ​ថ្ងៃ​បើក​ឆាក​ដំបូង​ដែរ ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ចុង​ក្រោយ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ដល់​សកម្មជន​របស់​ខ្លួន​ឲ្យមក​ជួបជុំគ្នា​នៅ​ទីតាំង​លើផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត នៅតាម​ផ្លូវ​មួយចំនួន​។ មុន​នឹង​ចេញ​ដង្ហែ​ក្បួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​ថ្លែង​ជា​សារ​នយោបាយ​ប្រាប់​ដល់​អ្នកគាំទ្រ​ផងដែរ​។​

​ក្នុងនោះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំ​គ្នា​នៅ​ទីតាំង​លើផ្លូវ​៦០​ម៉ែត្រ ឆ្ពោះ​ទៅ​ស្តុប​មុខ​វត្ត​ចាក់អង្រែក្រោ​ម បត​ទៅ​ផ្លូវ​ជាតិ​លេខ​២ ឆ្លងកាត់​ស្ពាន​មុនី​វង្ស​ថ្មី ហើយ​ឆ្លង​មកវិញ តម្រង់​ទៅ​ផ្លូវ​ព្រះមុនីវង្ស ដល់​ស្តប់​ពេទ្រ​ចិន បត​តាមផ្លូវ​ព្រះសីហនុ​ដល់​រង្វង់​មូល​កាំកូ ហើយ​នាំគ្នា​រំសាយ​។ ចំណែក​នៅ​ពេល​រសៀល​ចេញ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ សំដៅ​ទៅ​ផ្សារ​ដី​ហុយ បត់​មក​ផ្លូវ​អាស៊ីអាគ្នេយ៍ ដល់​ផ្លូវ​ម៉ៃ​ដា បត់​មក​ផ្លូវវេង​ស្រេង រហូត​ដល់​រង្វង់​មូល​ចោមចៅ និង​មក​រំសាយ​នៅ​ជម្ពូ​វ​ន្ត​។​

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​គោរព​តាមច្បាប់ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ជាពិសេស​មិន​ត្រូវ​វាយប្រហារ​គ្នា​ដោយ​ប្រើ​ពាក្យ​អសុរោះ​នោះ ពោល​គឺ​ត្រូវតែ​និយាយ​អ្វី​ដែល​ជា​គោលនយោបាយ​របស់​គណ​បក្ស​ខ្លួន​។ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​រូបនេះ បានបញ្ជាក់​ថា បើ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង អាជ្ញាធរ មាន​សមត្ថកិច្ច​ជា​អ្នកទទួលខុសត្រូវ​…

សំឡេង​លោក​យឹម សុវណ្ណ​៖

គួរបញ្ជាក់​ថា ការ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ ហើយ​យុទ្ធនាការ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​នេះ មាន​រយៈពេល ១៤​ថ្ងៃ ដោយ​ត្រូវ​បិទ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​០២ ខែមិថុនា ក្នុង​រយៈពេល​១៤​ថ្ងៃ​ដង្ហែ​ក្បួន បាន​តែ​ពីរ​ដង​ប៉ុណ្ណោះ​៕

 

ព័ត៌មានផ្សេងទៀត