សហ​ព្រះរាជអាជ្ញា​ស្នើ​ផ្តន្ទាទោស​នួន ជា និង​ខៀវ សំផន អស់​មួយ​ជីវិត ក្នុង​សំណុំរឿង​០០២ វគ្គ​២

ដោយ៖ ខាត់ សុធី 19-05-2017 11:13 am 1104

សំណុំរឿង​០០២ វគ្គ​២ ផ្ដោត​សំខាន់​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម និង​ជនជាតិ វៀតណាម ពាក់ព័ន្ធ​នឹង​សហករណ៍ មន្ទីរ​សន្តិសុខ ការ​រៀបការ​ដោយ​បង្ខំ ការដ្ឋាន​ការងារ ការ​បោសសម្អាត​ផ្ទៃក្នុង និង​ជម្លោះ​ប្រដាប់​អាវុធ​ជាដើម ដោយមាន នួន ជា និង ខៀវ សំផន ជា​ជនជាប់ចោទ​។​

​សហ​ព្រះរាជអាជ្ញា បាន​ស្នើ​ឲ្យ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​អស់​មួយ​ជីវិត​ចំពោះ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំរឿង​០០២ វគ្គ​២​។ សហ​ព្រះរាជអាជ្ញា បាន​បញ្ជាក់​នៅក្នុង​សារ​ណា​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​លើ​អង្គហេតុ ក្នុង​សំណុំរឿង​០០២ វគ្គ​២ ដែល​បាន​ដាក់ជូន​អង្គជំនុំជម្រះ​សាលាដំបូង​កាលពីដើម​ខែ​ឧសភា​កន្ល​ង​ទៅ ។

​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​លោក​នេត្រ ភ​ក្ត្រា បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧ ថា សំណើ​របស់​សហ​ព្រះរាជអាជ្ញា​យ៉ាង​ដូច្នេះ ធ្វើឡើង​ខណៈ​ជនជាប់ចោទ បាន​ស្នើសុំ​ឲ្យ​អង្គជំនុំជម្រះ​ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​ពួកគេ​ឲ្យមាន​សេរីភាព​។​

​យោង​តាម​សារ​ណា​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល លើ​អង្គហេតុ​នៅ​ក្នុង​សំណុំរឿង ០០២/០២ ដែល​បាន​ដាក់ជូន​អង្គជំនុំជម្រះ​សាលាដំបូង​កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅ សហ​ព្រះរាជអាជ្ញា​ជាតិ លោកស្រី ជា លាង និង​សហ​ព្រះ​អាជ្ញា​អន្តរជាតិ​លោក នី​កូឡា គុំ​ជាន បាន​លើកឡើង​ថា ដោយសារ​តែ​ពិចារណា​ឃើញ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ ឧក្រិដ្ឋកម្ម ដែល​បាន​បង្ក​នូវ​ភាព រងទុក្ខវេទនា ខ្លោចផ្សា​សម្រាប់​ប្រជាជាតិ​ទាំងមូល បង្ក​ឱ្យ​មាន​ការស្លាប់​ជីវិត​មនុស្ស​ជាច្រើន​លាន​នាក់ គឺ​ព្រះរាជអាជ្ញា​សូម​ស្នើ​ឱ្យ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន​។

​សហ​ព្រះរាជអាជ្ញា​បាន​បន្តទៀតថា ប៉ុន្តែ​ភ័ស្តុតាង​បានបង្ហាញ​ថា នួន ជា និង​ខៀវ​សំផន សុទ្ធតែ​មាន​តួនាទី ដែល​គេ​បាន​ស្គាល់ ឬ​ដែល​សំខាន់បំផុត​ក្នុង​ការឃោសនា ឱ្យមាន​ឧក្រិដ្ឋកម្ម​ដែល​គេ​មិន អាចមាន​អ្វី​ជា​យុត្តិកម្ម​បាន​។​ពួកគេ​ទាំង​ពីរ​នាក់​គឺជា​អ្នក​សេពគប់​គ្នា​ជិតស្និទ្ធ​បំផុត​របស់ ប៉ុល ពត ដែល​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​ជា​មនុស្ស​ស្ថិតនៅ​ក្នុង​ចំណោម​ក្រុម​តូច​មួយ នៃ​មេដឹកនាំ​បក្ស​នេះ​ដែល​បាន​ចូលរួម​ក្នុង​ផែនការ​មួយ​ដើម្បី​ប្រើប្រាស់​គោលនយោបាយ​ឧក្រិដ្ឋកម្ម​ដើម្បី​រក្សា​ការ​ក្តាប់​អំណាច​របស់​ខ្លួន និង​ដើម្បី​លាក់កំបាំង​ភាពបរាជ័យ នៃ​អភិបាលកិច្ច​របស់​ខ្លួន​។

​ក្រុម​មេធាវី នាំមុខ​តំណាង​ដើម​បណ្ដឹងរដ្ឋប្បវេណី បាន​សម្ដែង​ការគាំទ្រ​ចំពោះ​សំណើ​របស់​សហ​ព្រះរាជអាជ្ញា និង​ស្នើ​ឲ្យ​អង្គជំនុំជម្រះ​ពិនិត្យ​លើ​អង្គច្បាប់​ចំពោះ​សំណើ​នេះ​។ បន្ថែម​ពីលើ​នេះ សហ​មេធាវី​នៃ​ដើម​បណ្ដឹងរដ្ឋប្បវេណី ក៏​បាន​ស្នើ​សុំឲ្យ​ទទួលស្គាល់​នូវ​ភស្តុតា​ង​របស់ខ្លួន អំពី​ទុក្ខវេទនា​របស់​ជនរងគ្រោះ ព្រមទាំង​សម្រេច​ផ្ដល់​សំណង​ក្នុងករណី​ជនជាប់ចោទ​ត្រូវបាន​រកឃើញ​ថា មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ចោទប្រកាន់​។​
 
​ប៉ុន្តែ​ផ្ទុយ​ពី​ក្រុម​មេធាវី​ការពារ​ដើម​បណ្ដឹងរដ្ឋប្បវេណី និង​សហ​ព្រះរាជអាជ្ញា ក្រុម​មេធាវី​ការពារ​ក្ដី នួន ជា និង ខៀវ សំផន បាន​អះអាង​ថា កូនក្ដី​របស់​ខ្លួន​មិន​មែន​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​កើតឡើង​ឡើយ​។ មេធាវី​ជនជាប់ចោទ បាន​ស្ដីបន្ទោស​ទៅលើ​វៀតណាម ដែល​បាន​ធ្វើឲ្យ​របប​ខ្មែរក្រហម​បរាជ័យ​។ មេធាវី​ការពារ​ក្ដី ក៏ដូចជា​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែរ បាន​ស្នើសុំ​ឲ្យ​សាលាដំ​បូងនៃតុលាការ​ខ្មែរក្រហម ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​ជនជាប់ចោទ​ឲ្យមាន​សេរីភាព​។​
 
​យ៉ាងណាក៏ដោយ សំណើ​ទាំងអស់​ខាងដើម​នេះ នៅ​មិនទាន់​ត្រូវបាន​ពិចារណា​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ភាគី​ពាក់ព័ន្ធ​នឹង​ត្រូវ​បង្ហាញ​ទឡ្ហីករណ៍​ផ្ទាល់មាត់​របស់ខ្លួន លម្អិត លើ​សំណើ​ទាំងនេះ នៅក្នុង​សវនាការ​ធ្វើ​សេចក្ដីសន្និដ្ឋាន​បញ្ចប់​ការសួរដេញដោល​លើ​អង្គ ភស្តុតាង ក្នុង​សំណុំរឿង​០០២ វគ្គ​២​។ សវនាការ​នេះ គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ខាង​មុខ​តទៅ​។​
 
​សហ​ព្រះរាជអាជ្ញា​ចង់ឲ្យ​តុលាការ​ដាក់​ពន្ធនាគា​រជនជា​ប់​ចោ​ទទាំង​២​អស់ មួយជីវិត បើ​ទោះបីជា​អ្នក​ទាំង​ពីរ​ត្រូវបាន​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​អស់​មួយ ជីវិត នៅ​ក្នុង​សំណុំរឿង​០០២​វគ្គ​១​ហើយ​ក៏​ដោយ​។​

​បច្ចុប្បន្នេះ​នេះ ជនជាប់ចោទ​នួន ជា បងធំ​ទី​២​មាន​អាយុ ៩១​ឆ្នាំ និង​ខៀវ សំផន ជា​ប្រធាន​រដ្ឋ​នៅក្នុង រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ មាន​អាយុ ៨៦​ឆ្នាំ កំពុង​ប្រឈមមុខ​នឹង​ការជំនុំជម្រះ​ក្នុង​សំណុំរឿង ០០២/០២ ដោយ​ត្រូវ​បាន ចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម ប្រឆាំងនឹង មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម៕

​ដោយ៖ខាត់ សុធី

ព័ត៌មានផ្សេងទៀត