យន្ដហោះ​ចម្បាំង​ចិន​​ស្ទាក់​យន្ដហោះ​អាមេរិក​​នៅ​សមុទ្រ​ចិន​ខាងកើត​

ដោយ៖ ពេញ ផេង 19-05-2017 11:08 am 1412
ទិដ្ឋភាពកោះជម្លោះ​​ក្នុងសមុទ្រចិន​ខាងកើត

កាលពី​ថ្ងៃ​ទី​១៨​ឧសភា យន្ដហោះ​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​ប្រភេទ​SU-30 បាន​ធ្វើ​ប្រតិ​ប​ត្ដិ​ការស្ទាក់​យន្ដហោះ​យោធា​អាមេរិក​ដែល​ឆ្លងកាត់​នៅ​សមុទ្រ​ចិន​ខាងកើត​។​ប្រតិ​បត្ដិកា​រ​នេះ​ត្រូវ​អាមេរិក​ចោទថា ជា​ទង្វើ​គ្មាន​ដែន​សមត្ថកិច្ច ព្រោះ​យន្ដហោះ​យោធា​របស់​គេ​ហោះ​ក្នុង​ដែន​អន្ដរជាតិ​ប៉ុណ្ណោះ នៅលើ​សមុទ្រ​ចិន​ខាងកើត​។​

​អាមេរិក​បញ្ជាក់បន្ថែម​ថា យន្ដហោះ​យោធា​WC-135​ហោះហើរ​តាម​ទម្លាប់​ក្នុង​ការបំពេញ បេសកកម្ម​នៅក្នុង​ដែន​អន្ដរជាតិ ស្រាប់តែ​មាន​យន្ដហោះ​ចម្បាំង​ចិន​ពីរ​គ្រឿង​ហោះ​ក្នុង​ល្បឿន​លឿន​ដេញតាម​ស្ទាក់​។​យោធា​អាមេរិក​កំពុង​ស៊ើបអង្កេត​បន្ថែម ក្នុង​ករណី​ស្ទាក់​យន្ដហោះ​នេះ​។​

​ដែនសមុទ្រ​ចិន​ខាងកើត ជា​ដែន​ចិន​កំពុងមាន​ជម្លោះ​ជាមួយ​ជប៉ុន គឺ​នៅ​ប្រជុំ​កោះ​សេន​កា​គុឬទាវ​យូ​។​ដែន​មួយ​នេះ​គ្មាន​ការអនុញ្ញាត​ឲ្យធ្វើ​នាវា​ចរ​ឬ​ហោះហើរ​ដោយ​សេរី​ឡើយ ហើយ​ចិន​បាន​បង្កើត​តំបន់​ការពារ​ដែនអាកាស​នៅ​ទីនោះ​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។​

​ការបង្កើត​តំបន់​ការពារ​ដែនអាកាស ដើម្បី​កំណត់​ពី​ដែន​ជា​កម្មសិទ្ធិ​របស់​ចិន​។​រាល់​ការហោះហើរ​ឆ្លងកាត់​ដាច់ខាត​ត្រូវតែ​ផ្ដល់ដំណឹង និង​សុំ​ការអនុញ្ញាត​ពី​ចិន​ជា​មុន​សិន បើ​មិន​ដូច្នេះ​ទេ​ចិន​ចាត់ទុក​ជា​ការឈ្លានពាន​។​ជប៉ុន​ក៏​បាន​ប្រតិកម្ម​យ៉ាងខ្លាំង នឹង​ការបង្កើត​តំបន់​ការពារ​ដែនអាកាស​នៅ​សមុទ្រ​ចិន​ខាងកើត​។​

​សូមជម្រាបថា មិនមែន​តែ​ដែនសមុទ្រ​ចិន​ខាងកើត​ទេ​ដែល​ចិន​មាន​ជម្លោះ​ជាមួយ​បរទេស សូម្បី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចិន​កំពុង​ជំពាក់ជំពិន​ដោះស្រាយ​ពុំ​រួច​ជា​មួយ​ប្រទេស​៥ មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់​។​វៀតណាម​និង​ហ្វីលីពីន​ប្រឈមមុខ​ខ្លាំង​ជាងគេ​ជាមួយ​ចិន​៕

ព័ត៌មានផ្សេងទៀត