លោក​កឹម សុខា​ឆ្លើយតប​ទៅ​នឹង​ការរិះគន់​រឿង​សន្យា​ខ្យល់​

ដោយ៖ សៅ វិសាល 18-05-2017 4:36 pm 15437

​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយតប​នឹង​មតិ​រិះគន់​មួយចំនួន នា​ពេលកន្លងមក ដែល​បាន​លើកឡើង​ថា ជុំវិញ​ការអនុវត្ត​គោលនយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សន្យា​ខ្យល់​។ លោក​កឹម សុខា បានបញ្ជាក់​ថា អ្នក​ដែល​និយាយ​ដូច្នេះ ជា​អ្នក​ដែល​ស្គាល់​អ្វី​ទៅ​ជា​ការបោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​។ គណបក្ស​នយោបាយ​មួយ ដែល​មិន​ទាន់​កាន់អំណាច តើ​អាច​អនុវត្ត​គោលនយោបាយ​ខ្លួន បាន​យ៉ាងដូចម្តេច​? ការលើក​ឡើង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ស្ត្រី​ជា​បេក្ខភាព​លេខ​រៀង​ទី​១ ក្រុមប្រឹក្សា ឃុំ​សង្កាត់ ទាំង​១០៣​នាក់ នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៧ ឧសភា​។​

សំឡេង​

​ជុំវិញ​បញ្ហា​នេះ ត្រូវបាន​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ថា អ្វី​ដែល​សំខាន់ ថា​តើ​ការសន្យា អាច​ចេញ​ជា​ការពិត​ជាក់ស្តែង​ដែរ​ឬ​អត់ នៅពេល​ដែល​ខ្លួន​កាន់អំណាច​?

សំឡេង​

​តែ​យ៉ាងណាក៏ដោយ ខណៈ​ដែល​ការឃោសនាបោះឆ្នោត ជិត​មក​ដល់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា គណបក្ស​របស់​ខ្លួន ត្រូវ​និយាយ​តែ​ពី​គោលនយោបាយ របស់ខ្លួន មិន​ត្រូវ​ប្រើ​ពាក្យ​អសុរោះ ជេរប្រមាថ ដល់​គណបក្ស​នយោបាយ​ដទៃ នៅ​អំឡុង​ពេល​ឃោសនាបោះឆ្នោត ដែល​អាច​នាំឲ្យ​កើត​មាន​អំពើ​ហិង្សា​។

​លោក​សុខ ឥសាន បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ការលើកឡើង​របស់​លោក​កឹម សុខា បែបនេះ ដោយ​លោក​បាន​អះអាងថា ការឃោសនាបោះឆ្នោត គឺ​ត្រូវ​ប្រកាន់​នូវ​ក្រមសីលធម៌ ដែល​កំណត់​ដោយ​គ​.​ជ​.​ប​។ ត្រូវ​លើកឡើង​តែ​ពី​គុណសម្បត្តិ​របស់​ខ្លួន ទៅ​បង្ហាញ​ប្រជាពលរដ្ឋ ចៀសវាង​ការវាយប្រហារ​លើ​គណបក្ស​ដទៃ​។ ទន្ទឹម​នឹង​លោក​សុខ ឥសាន សង្ឃឹមថា ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រយៈពេល​១៤​ថ្ងៃ​ខាង​មុខ​នេះ បរិយាកាស​នយោបាយ នឹង​មាន​ភាពល្អប្រសើរ ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕ ដោយៈ​សាំ​ៅ វិសាល​

ព័ត៌មានផ្សេងទៀត